ជាតិ
កសិផលនៅតែគ្មានទីផ្សារ ទោះការបិទខ្ទប់ភ្នំពេញ និងបម្រាមឆ្លងខេត្ត ត្រូវបានបញ្ចប់
02, Jun 2021 , 8:59 am        
រូបភាព
ដោយ:
កសិករភាគច្រើន រំពឹងថា កសិផលកសិកម្ម នឹងមានទីផ្សារវិញ ក្រោយបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងផ្សារទាំងអស់ ត្រូវបានបើកឡើងវិញ។ រហូតមកដល់ពេលនេះ កសិផល រួមមានបន្លែ ត្រី សាច់ របស់កសិករ នៅតែលក់មិនចេញ។

 
កសិផលជាច្រើនដូចជា ល្ពៅ ម្ទេស ននោង ម្រះ ត្រឡាច របស់កសិករប្រមាណ៤០គ្រួសារ ក្នុង «សហគមន៍រីកចម្រើនភូមិថ្មី» នៃខេត្តកណ្ដាល នៅតែបន្តជួបបញ្ហាខ្វះទីផ្សារ។ កសិផលដែលឈ្មួញចុះទិញ បន្ទាប់ពីភ្នំពេញបើកចរាចរណ៍ឲ្យចេញចូលឡើងវិញ មានចំនួនតិចតួចប៉ុណ្ណោះ។ លោកស្រី ទេព សុផល ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម របស់សហគមន៍រីកចម្រើនភូមិថ្មី បានឲ្យដឹងថា សព្វថ្ងៃមិនសូវមានឈ្មួញចុះទិញកសិផល របស់សហគមន៍នៅទេ ព្រោះឈ្មួញបារម្ភពីស្ថានភាពកូវីដ-១៩ នៅរាជធានីភ្នំពេញ។
 
លោកស្រី សុផល បានរៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទដូច្នេះ៖ «កសិផលនៅតែមិនសូវមានទីផ្សារ ព្រោះគ្មានឈ្មួញចុះទិញច្រើន។ បន្លែគ្រប់មុខ ស្ទើរតែគ្មានអ្នកទិញ។ ឈ្មួញគេមិនទាន់ហ៊ានដឹកទៅភ្នំពេញទេ ព្រោះស្ថានភាពកូវីដ-១៩ មិនទាន់ប្រសើរ»។
 
ល្ពៅ និងម្ទេសដៃនាង របស់កសិករក្នុងសហគមន៍ ពិបាករកទីផ្សារជាងគេ។ ផ្លែល្ពៅ មានតម្លៃ១០០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកម្ទេសដៃនាង មានតម្លៃ១៨០០រៀល ក្នុងមួយគីឡូក្រាម ដែលស្ទើរតែគ្មានអ្នកទិញផង។ ស្រ្តីជាភ្នាក់ងារផ្សព្វផ្សាយកសិកម្មរូបនេះ បានបញ្ជាក់បន្ថែមថា កន្លងមក មន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្ម ក៏បានចុះសហគមន៍ សួរនាំពីបញ្ហា និងជួយរកដំណោះស្រាយដែរ តែដោយសារស្ថានភាពកូវីដ-១៩ មិនទាន់ប្រសើរ ក្រសួងបានជួយដោះស្រាយបញ្ហាទីផ្សារបានតិចតួចប៉ុណ្ណោះ។


កសិដ្ឋានចិញ្ចឹមទាលោក វិសុទ្ធ (រូបផ្ដល់ឲ្យ) 
 
មិនខុសគ្នាប៉ុន្មានពីកសិករក្នុងសហគមន៍ លោក សៀវ វិសុទ្ធ ដែលជាអាជីវករចិញ្ចឹមទាយកពងក្នុងខេត្តកណ្ដាល ក៏បានជួបបញ្ហាផលិតផលគ្មានទីផ្សារ។ វិបត្តិកូវីដ-១៩ នៅតែបន្ត បានធ្វើឲ្យលោកត្រូវផ្អាកអាជីវកម្ម។ លោក វិសុទ្ធ បានអះអាងថា លោកខាតដើមទុនជិត ១០ម៉ឺនដុល្លារ ពីការចិញ្ចឹមទា២ម៉ឺនក្បាលរយៈពេលជិត២ឆ្នាំ អំឡុងវិបត្តិកូវីដ-១៩ ដោយសារតម្លៃពងទាធ្លាក់ចុះ ប៉ុន្តែចំណីទាវិញ នៅតែឡើងថ្លៃ។
 
«ខ្ញុំសម្រេចបោះបង់ការចិញ្ចឹមទា ព្រោះមិនអាចទប់ទល់ថ្លៃចំណីប្រចាំថ្ងៃ។ ខ្ញុំទើបលក់មេទាអស់នៅចុងខែមេសានេះ ព្រោះមើលទៅស្ថានភាពទីផ្សារកសិកម្មកម្ពុជា នៅតែមិនប្រសើរ។ តាំងពីមានបញ្ហាមកមិនដែលមានក្រសួងណា ចុះមកដោះស្រាយនោះទេ»។ នេះជារៀបរាប់របស់លោកវិសុទ្ធ ដែលបន្តថា ចាប់ពីមានការផ្ទុះជំងឺកូវីដ-១៩ តម្លៃពងទាធ្លាក់ចុះ នៅសល់ត្រឹម៣០០រៀល ប៉ុណ្ណោះក្នុងមួយគ្រាប់ ដែលស្ទើរតែគ្មានអ្នកទិញ។
 
បញ្ហាកូវីដ-១៩ បានបង្ខំឲ្យអ្នកចិញ្ចឹមសត្វ អ្នកចិញ្ចឹមត្រី និងអ្នកដាំបន្លែ មួយចំនួនសម្រេចផ្អាករបរទាំងនេះ ព្រោះតែកសិផលគ្មានទីផ្សារ និងខាតបង់ថវិកាច្រើន។ បើទោះបី សាលារាជធានីភ្នំពេញ បើកផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឡើងវិញ តែសកម្មភាពនៅតាមបណ្ដាផ្សារទាំងនោះ ហាក់មិនទាន់ត្រឡប់មកសភាពធម្មតាទាំងស្រុងនោះទេ។


ពងទារបស់លោក សៀវ វិសុទ្ធ 

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញផ្នែកទីផ្សាររបស់អង្គការ GRET លោកស្រី សម ច័ន្ទឆវី យល់ថា អំឡុងការបិទខ្ទប់រាជធានីភ្នំពេញ ពិតជាបានប៉ះពាល់ធ្ងន់ធ្ងរ ចំពោះទីផ្សារកសិផលរបស់កសិករ តែក្រោយបញ្ចប់ការបិទខ្ទប់នេះ ទីផ្សារកសិផលអាចប្រសើរឡើងវិញជាបណ្ដើរៗហើយ។
 
អ្នកជំនាញផ្នែកទីផ្សាររបស់អង្គការ GRET រូបនេះ បានលើកឡើងបែបនេះ៖ «ទោះភ្នំពេញបញ្ចប់ការបិទខ្ទប់ តែតម្រូវការបានថយចុះ។ ចំណែកសកម្មភាពបុណ្យ មង្គលការ និងពិធីជួបជុំផ្សេង ក៏មិនទាន់អាចប្រារព្ធឡើងវិញដែរ ទើបធ្វើឲ្យកសិផលខ្មែរ មិនទាន់មានទីផ្សារទូលាយឡើងវិញ»។
 
អ្នកជំនាញរូបនេះ បន្ថែមថា ដ្បិតការលក់កសិផលអំឡុងវិបត្តិកូវីដ-១៩ បានធ្លាក់ចុះ ដោយសារតម្រូវការ នៅរាជធានីភ្នំពេញថយចុះ តែទីផ្សារនៅតាមបណ្ដាខេត្ត នៅតែមាន។ លោកស្រី បានណែនាំឲ្យកសិករ ចេះប្រែក្លាយហានិភ័យជាឱកាស និងសិក្សា ពីតម្រូវទីផ្សារ មុននឹងសម្រេចចិត្តដាំអ្វីមួយក្នុងទំហំច្រើន។
 
បញ្ហាទីផ្សារកសិផលរបស់អ្នកខេត្តកណ្ដាល នៅតែចង្អៀត ទោះបីការបិទខ្ទប់ខេត្តកណ្ដាល និងភ្នំពេញ ត្រូវបានបញ្ចប់។ លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានទទួលស្គាល់ថា ទីផ្សារកសិផលក្នុងខេត្តកណ្ដាល មិនទាន់ប្រសើរនៅឡើយ ដោយសារឈ្មួញដែលធ្លាប់ប្រមូលទិញបន្លែពីកសិករខេត្តកណ្ដាល ទៅលក់នៅភ្នំពេញ ហាក់នៅតែខ្លាចរអានឹងស្ថានភាពជំងឺឆ្លងកូវីដ-១៩។
 
ស្ថានភាពកូវីដ-១៩ នៅតែបន្តរាតត្បាត ធ្វើឲ្យកសិករបាត់ចំណូលជាបន្តបន្ទាប់។ ក្រសួងពាក់ព័ន្ធ មានតែអំពាវនាវឲ្យពលរដ្ឋបន្តគាំទ្រកសិផលខ្មែរ។ ប្រធានមន្ទីរពាណិជ្ជកម្មរូបនេះ បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទដូច្នេះ៖ «យើងមិនដឹងថាស្ថានភាពកូវីដ-១៩ នឹងបន្តដល់ពេលណា? យើងទាន់មានដំណោះស្រាយអ្វី ក្រៅពីអំពាវនាវឲ្យបងប្អូនពលរដ្ឋខ្មែរ ជួយទិញកសិផលក្នុងស្រុក និងរង់ចាំឲ្យស្ថានភាពវិលមកប្រសើរវិញនោះទេ»។
 
ឆ្លើយតបនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្ម ជឿថាស្ថានភាពទីផ្សារត្រី សាច់ បន្លែ នឹងអាចវិលមកសភាពដើមក្នុងឆាប់ៗ នៅពេលស្ថានភាពជំងឺកូវីដ-១៩ ប្រសើរជាងនេះ។ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននិយាយថា ស្ថានភាពជំងឺកូវីដ-១៩ នៅតែជាក្ដីព្រួយបារម្ភ និងមានឥទ្ធិពលលើទីផ្សារកសិកម្មកម្ពុជា ថ្វីបើផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកឡើងវិញ។


លោក សៀវ វិសុទ្ធ អ្នកចិញ្ចឹមទា ខេត្តកណ្ដាល 

យ៉ាងណាអ្នកនាំពាក្យរូបនេះ រំពឹងថា ស្ថានភាពទីផ្សារកសិកម្ម នឹងវិលរកសភាពដើមនាពេលឆាប់ៗខាងមុខ។ លោកបានរៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះ៖«ខ្ញុំសុំឲ្យកសិករ មានភាពអត់ធ្មត់មួយរយៈពេលទៀត ដោយយើងរង់ចាំឲ្យស្ថានភាពកូវីដ-១៩ បានប្រសើរជាងនេះ។ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម មានតួនាទីរកទីផ្សារឲ្យកសិករ តែផលិតផលរបស់កសិករ ក៏ត្រូវធានាគុណភាព និងនិរន្តរភាព ដើម្បីផ្គត់ផ្គង់លើទីផ្សារដែរ។ ខ្ញុំជឿថា បើកសិករអាចផលិតកសិផលដែលមានគុណភាពខ្ពស់ និងតម្លៃទាបជាងផលិតផលខាងក្រៅ នោះកសិករ នឹងមិនងាយជួបហានិភ័យទីផ្សារ»។
 
ក្នុងន័យនេះ លោក សុវិជាតិ ចង់ឲ្យកសិករ មានសមត្ថភាពបង្កើនគុណភាពផលិតផលរបស់ខ្លួន ដើម្បីអាចប្រកួតប្រជែងទីផ្សារ។ លោកលើកទឹកចិត្តឲ្យកសិករ គួរកាត់បន្ថយថ្លៃដើម ដោយអាចកែច្នៃពូជ,ចំណី និងជីដោយខ្លួនឯង៕


ល្ពៅរបស់កសិករនៅខេត្តកណ្ដាល (រូបភាពពីហ្វេសប៊ុកមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល)

 អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com