ជាតិ
ក្រោយជំនួបទ្វេភាគីជាមួយប្រមុខរដ្ឋាភិបាល អនុរដ្ឋមន្ត្រីការបរទេសអាមេរិកឆ្លៀតជួបលោក កឹម សុខា
01, Jun 2021 , 10:26 pm        
រូបភាព
នៅក្នុងដំណើរទស្សនកិច្ចដ៏ខ្លីនៅកម្ពុជា លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយក៏ឆ្លៀតជួបលោក កឹម សុខា ប្រធានអតីតគណៈបក្សសង្គ្រោះជាតិផងដែរ។ នៅក្នុងជំនួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោកស្រី Wendy Sherman បានបង្ហាញបំណងបង្កើតទំនាក់ទំនងឱ្យកាន់តែល្អប្រសើររវាងប្រទេសទាំងពីរ និងគម្រោងវិនិយោគនានា។ បញ្ចប់ជំនួបជាមួយសម្តេច ហ៊ុន សែន អនុរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ឆ្លៀតជួប លោក កឹម សុខា ជជែកពីការអនុវត្តសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។

 
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាការងារ ជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅល្ងាចថ្ងៃទី១ មិថុនានេះ។ សម្តេច ហ៊ុន សែនបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា នៅក្នុងជំនួបនេះ លោកស្រី លោកស្រី Wendy Sherman បានលើកឡើងពីបំណងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដែលចង់ឱ្យមានភាពល្អប្រសើរ សម្រាប់ប្រទេសទាំង២។
 
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បង្ហាញពីការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិកនាកន្លងមក ជាពិសេសលើការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅកម្ពុជា, កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងការអនុញ្ញាតឲ្យនាវា Wasterdam ចូលចតនៅកម្ពុជាជាដើម។ 
 
លោកស្រី Wendy R. Sherman បានលើកឡើងបន្តអំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានការលុបបំបាត់បំណុលដែលកម្ពុជាជំពាក់ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មប្រេង និងឧស្ម័ន និងការវិនិយោគនានាលើបញ្ហាទឹក ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលបៃតងជាដើម។
 
ពាក់ព័ន្ធនឹងបញ្ហាបំណុល សម្តេច ហ៊ុន សែន បានស្នើឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ពិចារណាដោះស្រាយបំណុលដែលកម្ពុជាជំពាក់តាមវិធីទ្វេភាគី។ ដំណោះស្រាយទ្វេភាគីនេះ គឺសម្តេច ហ៊ុន សែន សុំឱ្យអាមេរិកបង្វែរបំណុល៧០ភាគរយ ដែលកម្ពុជាត្រូវសង មកជាជំនួយទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើមវិញ។ ចំពោះប្រាក់ដែលនៅសល់ សម្តេច ហ៊ុន សែន ក៏សុំឱ្យអាមេរិកព្រមឲ្យកម្ពុជា សងតាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ ហើយសំណងតាមកម្មវិធី មានការប្រាក់មិនលើសពី១ភាគរយ។
 
លើសពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ស្នើឲ្យអាមេរិក ពិនិត្យឡើងវិញ កិច្ចសហប្រតិបត្តិការ លើការបញ្ជូនពលរដ្ឋខ្មែរ មកកម្ពុជាវិញផងដែរ។
 
សម្ដេច ហ៊ុន សែន ក៏មិនភ្លេចថ្លែងអំណរគុណចំពោះការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតមកដល់ពេលនេះ ការស្វែងរកសន្តិភាព និងការជួយដោយផ្ទាល់ និងដោយប្រយោល ក្នុងការប្រយុទ្ធឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជាជាដើម។ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏សរសើរអាមេរិកចំពោះការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងរយៈពេលចុងក្រោយនេះដែរ។
 
ឆ្លើយតបនឹងដំណោះស្រាយបញ្ហាបំណុល លោកស្រី Wendy R. Sherman បានសន្យាថា នឹងលើកសំណើនេះ ជម្រាបទៅលោកប្រធានាធិបតីJoe Biden ។
 
ដោយឡែកក្នុងសេចក្តីថ្លែងការរបស់ក្រសួងការបរទេសអាមេរិក លោកស្រីអនុរដ្ឋមន្ត្រីការបរទេស បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់អាមេរិក ក្នុងភាពជាដៃគូជាមួយកម្ពុជា និងក្នុងនាមជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។ លោកស្រីក៏បានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនទាក់ទងនឹងការសាងសង់មូលដ្ឋានទ័ពនៅសមុទ្ររៀមផងដែរ។
 
នៅក្នុងដំណើរទស្សនកិច្ចដ៏ខ្លីនៅកម្ពុជា លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក៏ឆ្លៀតជួបពិភាក្សាជាមួយលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិផងដែរ។ តាមរយៈសារ Twitter លោកស្រី Wendy R. Sherman បានសរសេរថា នៅក្នុងជំនួបនោះអ្នកទាំង២ ពិភាក្សា និងចែករំលែកលើបញ្ហានានា រួមមានការធានាបាននូវសុខសន្តិភាព ភាពសុខដុមរមនា ការគ្រប់គ្រងអំណាច និងអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរ។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានបន្តដូច្នេះ៖ «អាមេរិកគាំទ្រពលរដ្ឋកម្ពុជា ចំពោះការទាមទារលទ្ធិប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិ ដែលជាសិទ្ធិសេរីភាពមូលដ្ឋានរបស់ពួកគេ»។ 
 
សូមជម្រាបថា លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមករាជធានីភ្នំពេញ ហើយនារសៀលថ្ងៃទី១ ខែមិថុនានេះ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកស្រី ក្នុងចំណោម៥ប្រទេស។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា អនុរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ត្រូវជួបពិភាក្សាជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីពិភាក្សាពីបញ្ហាតំបន់ និងបញ្ហាទ្វេភាគីសំខាន់ៗ៕

អត្ថបទទាក់ទង
 
 

© រក្សាសិទ្ធិដោយ thmeythmey.com