ជាតិ
ផ្សិតកញ្ចូរ ជាអនុផលព្រៃដែលជួយដោះស្រាយជីវភាពពលរដ្ឋមួយចំនួននារដូវវស្សា
03, Jun 2021 , 7:59 am        
រូបភាព
ដើមរដូវវស្សា រុក្ខជាតិនានាចាប់ផ្ដើមលូតលាស់ ដោយសារដំណក់ទឹកភ្លៀង។ ផ្សិតកញ្ចូរ ដែលជាអនុផលព្រៃក៏បានផ្ដល់ផល និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋដែលអាស្រ័យផលពីព្រៃឈើ។ បច្ចុប្បន្ននេះ តម្លៃផ្សិតកញ្ចូរលើទីផ្សារកំពុងមានតម្លៃខ្ពស់ដល់៦ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

 
នៅរដូវវស្សា សម្បូរភ្លៀងធ្វើឱ្យអនុផលព្រៃមួយចំនួន សម្បូរជាងរដូវប្រាំង។ អនុផលព្រៃដុះតាមបែបធម្មជាតិរួមមាន ត្រពាំង ត្រពាំងផ្អែម ផ្សិត ចាប់ផ្តើមផ្តល់ផលឱ្យពលរដ្ឋតាមតំបន់អាស្រ័យផលបណ្ដើរៗហើយ។ រដូវផ្សិតកញ្ចូរ ដុះតាមព្រៃភ្នំ ចាប់ពីចន្លោះពីខែ៤ ដល់ខែ៦ជាងរៀងរាល់ឆ្នាំ។ ផ្សិតប្រភេទនេះ ត្រូវបានប្រជាជននៅក្នុងខេត្តមួយចំនួន ចាត់ទុកជាបន្លែ ឬអាហារពិសេសថែមទៀតផង។
 
បន្លែប្រភេទនេះ គេអាចយកទៅច្នៃជាម្ហូបបានច្រើនប្រភេទដូចជា ឆា ចៀន ស្ងោរ បំពង បបរគ្រឿង និងដាក់ក្នុងស៊ុបជាដើម។ មូលហេតុដែលធ្វើឱ្យអនុផលព្រៃប្រភេទនេះ ពេញនិយមនៅលើទីផ្សារ និងមានតម្លៃខ្ពស់ ដោយសារមានរសជាតិឆ្ងាញ់ និងមិនសូវសម្បូរ។


 
អ្នកស្រី ញឹម ស្រីវីន ជាអ្នកប្រកបរបរដកផ្សិតកញ្ចូរលក់តាមរដូវ នៅក្នុងភូមិសម្ដេចតា ស្រុកកំពង់សិលា។ ក្នុងឆ្នាំនេះ អ្នកស្រី ស្រីវីន អាចរកអនុផលព្រៃ(ផ្សិតកញ្ចូរ) បានច្រើនជាងរាល់ឆ្នាំ ដោយកើនឡើង ១០ភាគរយ។ ត្រឹមរយៈពេលជិតមួយខែប៉ុណ្ណោះ អ្នកស្រី និងគ្រួសារ អាចដកផ្សិតបានជាង ២០០គីឡូក្រាម ។ បើតាមអ្នកស្រី ស្រីវីន ទោះជាកូវីដ-១៩ ក៏ផ្សិតកញ្ចូរ នៅតែមានទីផ្សារ និងរក្សាតម្លៃខ្ពស់ដដែល។
 
ស្រ្តីវ័យកណ្ដាលរូបនេះ  ប្រាប់ Thmey Thmey 25 ដូច្នេះ៖ «កូវីដអត់មានបញ្ហាផលប៉ះពាល់អីផងដល់ការលក់ផ្សិត។ ផ្សិតមានប៉ុន្មានគីឡូក៏លក់អស់ គេចូលចិត្តទិញណាស់។ ខ្ញុំអាចលក់ឱ្យឈ្មួញកណ្ដាល បានតម្លៃចន្លោះ ៤ម៉ឺន៥ពាន់រៀល ទៅ៥ម៉ឺនរៀលក្នុងមួយគីឡូក្រាម ទៅតាមពេលសម្បូរ ឬខ្សត់»។
 
ក្រឡេក មកអ្នកស្រី សេង សុខនៅ ជាអ្នកដកផ្សិតកញ្ចូរលក់ នៅឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុវិញ ក៏កាក់កបនឹងរបរដកផ្សិតដូចអ្នកស្រី ស្រីវីនដែរ។ អ្នកស្រី សេង សុខនៅ ឱ្យដឹងថា ក្នុងមួយរដូវ ផ្សិតនេះ អាចផ្ដល់ផលបានតែពីរដងតែប៉ុណ្ណោះ ម្ដងៗមានរយៈពេល៣ថ្ងៃ។ អ្នកស្រីបានបន្ថែមថា ឆ្នាំនេះខុសប្លែកជាងរាល់ឆ្នាំ ផ្សិតដុះបានបីដងក្នុងមួយរដូវ ហើយដុះច្រើន។
 
ដើម្បីធ្វើដំណើរទៅដកផ្សិតកញ្ចូរនៅក្នុងព្រៃ អ្នកស្រី សុខនៅ រួមទាំងសមាជិកគ្រួសារ ៣នាក់ទៀត ត្រូវធ្វើដំណើរចេញពីផ្ទះតាំងពី៣ភ្លឺ ហើយត្រឡប់មកដល់ផ្ទះវិញ នៅម៉ោង១ថ្ងៃត្រង់។ ក្នុងមួយថ្ងៃ អ្នកស្រី សុខនៅ និងគ្រួសារ ដកផ្សិតបានជាង ៣០គីឡូក្រាម។ « បើដើរ ទៅចំទីតាំងវាដុះវិញ មួយកន្លែងៗអាចដកបានពី ១០ទៅ២០គីឡូក្រាម។ បើចួប កន្លែងធំៗអ្នកទៅសប្បាយដកណាស់ »។ នេះជាសម្តីរបស់អ្នកស្រី សុខនៅ បង្ហាញដោយក្តីសប្បាយរីករាយ តាមខ្សែទូរសព្ទ ។


 
មានបទពិសោធដកផ្សិតកញ្ចូរលក់ជាង ៥ឆ្នាំ ស្រ្តីរូបនេះ បាននិយាយថា ផ្សិតកញ្ចូរ ជាប្រភេទផ្សិតលេខមួយ  ងាយស្រួលលក់ និងមានតម្លៃថ្លៃតាំងពីដើមមក។  ក្នុងមួយរដូវគ្រួសារអ្នកស្រី អាចរកចំណូលបាន ពីផ្សិតព្រៃនេះ ច្រើនគួរសម។ អ្នកស្រី រៀបរាប់ទាំងទឹកមុខញញឹមបែបនេះ៖ « និយាយទៅ ដ្បិតថា មួយរដូវ ដកបាន៥ ទៅ ៦ថ្ងៃ ប៉ុន្តែយើងអាចសល់ប្រាក់បាន ពី២ ទៅ៣លានរៀលដែរ ក្នុងមួយរដូវ»៕
 
 
 
 
 
 

Tag:
 ផ្សិតកញ្ចូរ
  អនុផលព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com