ជាតិ
វត្ថុបុរាណចំនួន៥ ត្រូវបានប្រគល់ឲ្យអាជ្ញាធរជាតិអប្សរា
03, Jun 2021 , 8:59 am        
រូបភាព
រូបភាពផ្ដល់ដោយ អាជ្ញាធរជាតិ អប្សរា
រូបភាពផ្ដល់ដោយ អាជ្ញាធរជាតិ អប្សរា
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានទទួលវត្ថុបុរាណចំនួន៥  ពីបញ្ជាការដ្ឋានយោធភូមិភាគទី៤ នៅខេត្តសៀមរាប នៅថ្ងៃទី១ ខែមិថុនា ។  វត្ថុបុរាណទាំងនោះ មន្ត្រីជំនាញមិនទាន់អាចកំណត់អាយុកាល រចនាប័ទ្ម ទីតាំង និងសតវត្សរ៍បាននៅឡើយទេ។



វត្ថុបុរាណទាំង៥  ដែលអាជ្ញាធរជាតិអប្សរាទទួលបានពីបញ្ជាការដ្ឋានភូមិភាគទី៤ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប រួមមាន សសរពេជ្រមួយកំណាត់តូច, កំពូលប្រាសាទតាមជ្រុងនៃប្រាសាទធំ, ឆ្នាំងថ្នាំមួយ, ដុំហោជាងផ្នែកខាងលើ មានកំណាត់ព្រះសិររូបព្រះមួយផ្នែក និងបង្គោលព្រះទិសមួយដុំ។
 


 រូបភាពផ្ដល់ដោយ អាជ្ញាធរជាតិ អប្សរា

អាជ្ញាធរជាតិអប្សរា មិនទាន់អាចបញ្ជាក់ ឬកំណត់ពីអាយុកាល និងទីតាំងរបស់វត្ថុទាំងនោះបាននៅឡើយទេ ដោយមន្ត្រីជំនាញមិនទាន់ស្រាវជ្រាវប្រភពដើមរបស់វត្ថុទាំង៥។ «យើងអត់ទាន់អាចសន្និដ្ឋានផ្ដេសផ្ដាសបានទេ ព្រោះអ្នកជំនាញ មិនទាន់បានសិក្សា។ នៅពេលដល់ដៃមន្ត្រីជំនាញវត្ថុបុរាណ ពិតជាមិនយូរទេ នឹងអាចដឹងពីអាយុកាលរបស់វត្ថុបុរាណទាំងនេះហើយ »។ នេះជាពន្យល់របស់លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ។
 
កន្លងមក អាជ្ញាធរជាតិអប្សរាតែងបានទទួលវត្ថុបុរាណពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាច្រើន ដើម្បីឱ្យមន្ត្រីជំនាញផ្នៃកវត្ថុបុរាណ យកមកសិក្សាស្រាវជ្រាវ, កំណត់ពីអាយុកាល រួមទាំងរក្សាអភិរក្សវត្ថុទាំងនោះបន្ត៕ 
 


 រូបភាពផ្ដល់ដោយ អាជ្ញាធរជាតិ អប្សរា

 រូបភាពផ្ដល់ដោយ អាជ្ញាធរជាតិ អប្សរា


Tag:
 វត្ថុបុរាណ
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com