COVID-19
ជាតិ
អ្នកស្រី ជឹម ស៊ីម មានមោទកភាពដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ មុនចូលនិវត្តន៍ពីនគរបាល
06, Jun 2021 , 1:29 pm        
រូបភាព
អ្នកស្រីជឹម ស៊ីម ពេលចុះបិទខ្ទប់នៅតំបន់លឿងទុំ ម្តុំចេនឡា។
អ្នកស្រីជឹម ស៊ីម ពេលចុះបិទខ្ទប់នៅតំបន់លឿងទុំ ម្តុំចេនឡា។
ភ្នំពេញ៖ មុនពេលចូលនិវត្តន៍ពីជាមន្ត្រីនគរបាលជាតិ អ្នកស្រី ជឹម ស៊ីម  បានបំពេញការងារយ៉ាងសកម្ម ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពិសេសអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីពេលកន្លងទៅ។ តាមរយៈបេសកកម្មនេះ បានធ្វើឱ្យអ្នកស្រី ជឹម ស៊ីម កាន់តែមានមោទកភាពក្នុងនាមជាមន្ត្រីនគរបាល នៅក្នុងការបម្រើពលរដ្ឋ ក្នុងរយៈពេល៣៦ឆ្នាំមកនេះ។

 
អ្នកស្រី ជឹម ស៊ីម បានបំពេញប្រវត្តិរូបចូលនិវត្តន៍ ពីការងារជាមន្ត្រីនគរបាលជាតិ កាលពីខែមីនា ឆ្នាំ២០២១។  ខណៈនៅរង់ចាំថ្ងៃប្រកាសចូលនិវត្តន៍ជាផ្លូវការពីក្រសួងមហាផ្ទៃ ស្ត្រីដែលមានជំងឺ សន្លាក់ ជំងឺលើសឈាមផង និងជំងឺទឹកនោមផ្អែមប្រចាំកាយរូបនេះ នៅតែបំពេញការងាររបស់ខ្លួន អស់ពីកម្លាំងកាយចិត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍  ជាពិសេស អំឡុងពេលអនុវត្តបម្រាមគោចរ និងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីពេលកន្លងទៅ។
 
២១ថ្ងៃ នៃការខ្ទប់រាជធានីភ្នំពេញ ពីថ្ងៃទី១៥មេសា ដល់ថ្ងៃទី៦ឧសភា ឆ្នាំ២០២១ មន្ត្រីនគរបាលវ័យ៥៥ឆ្នាំរូបនេះ តែងតែក្រោកដំណេកពីព្រលឹមស្រាងៗ រៀបចំខ្លួន និងធ្វើដំណើរទៅគោលដៅបិទខ្ទប់ នៅក្នុងតំបន់លឿងទុំ ត្រង់ចំណុចភ្លើងស្តុបផ្សារដើមគ ឱ្យបានមុនម៉ោង៦រាល់ព្រឹក។ ក្នុងឯកសណ្ឋានពណ៌បៃតងចាស់ សម្រាប់សម្គាល់លក្ខណៈជាមន្ត្រីនគរបាលជាតិ ថែមទាំងមានពាក់ម៉ាស់ និងរបាំងការពារមុខ ដោយដៃខាងសាំ្តមានកាន់ដបទឹកអាល់កុល សម្រាប់កម្ចាត់មេរោគកូវីដ-១៩ ផងនោះ អ្នកស្រី ជឹម ស៊ីម ដែលកំពុងឈរនៅកណ្តាលផ្លូវជិតរនាំងបិទផ្លូវ បានលើដៃរ៉េចុះរ៉េឡើង ហាមអ្នកធ្វើដំណើរមិនឱ្យចូល-ចេញ ក្នុងតំបន់លឿងទុំ ដែលខ្លួនកំពុងអនុវត្ត។ 


 
«ពេលចុះទៅបិទខ្ទប់នៅតំបន់លឿងទុំហ្នឹង យើងសួរនាំអ្នកដំណើរ ថាតើចង់ទៅណាមកទៅ។ បើអ្នកដំណើរគ្មានភាពចាំបាច់ទៅពេទ្យឬទៅយកសំណាកតេស្តរកកូវីដ-១៩ និងគ្មានលិខិតស្នាមត្រឹមត្រូវទេ គឺយើងមិនឱ្យឆ្លងកាត់បារ៉ាស(រនាំង)ផ្លូវឡើយ។ ប៉ុន្តែបើពលរដ្ឋមានលិខិតស្នាមធ្វើដំណើរបញ្ជាក់អាជ្ញាធរ ខ្ញុំបើកឱ្យចេញ-ចូល»។ បើតាមស្ត្រីនគរបាលជាតិដែលបម្រើការងារនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោករូបនេះ ពេលវេលាចុះអនុវត្តការវិធានការបិទខ្ទប់ មិនត្រឹមតែហាមពលរដ្ឋចេញ-ចូល ក្នុងតំបន់លឿងទុំតែប៉ុណ្ណោះទេ គឺថែមទាំងណែនាំពលរដ្ឋជាប្រចាំ ឱ្យអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រដ្ឋាបាលភិបាល និងក្រសួងសុខាភិបាល រហូតដល់ពេលសម្រាកពីការងារ នាម៉ោង១រសៀល។
 
តំបន់ក្រហម និងតំបន់លឿងទុំ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ កំណត់ជាទីតាំងមានកម្រិតហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ-១៩។ ក្នុងអំឡុងពេលបិទខ្ទប់ភ្នំពេញកន្លងមកនេះ ពលរដ្ឋគ្រប់រូប ត្រូវហាមឃាត់មិនឱ្យចាកចេញពីលំនៅដ្ឋាន ឬតំបន់ខ្លួនរស់នៅ បើគ្មានភារកិច្ចចាំបាច់។ បន្ទាប់ពីចប់ម៉ោងបិទខ្ទប់ សម្រាប់ស្ត្រីជាមន្ត្រីនគរបាលរូបនេះ ក៏បានចូលរួមអនុវត្តបម្រាមគោចរ ចាប់ពីម៉ោង៨យប់តទៅ ដោយគ្មានលស់ថ្ងៃផងដែរ។
 
ថ្វីដ្បិតថា មានភាពមមាញឹកច្រើនពីការងារ និងប្រឈមខ្ពស់ពីការឆ្លងជំងឺកូវីដ-១៩  ប៉ុន្តែស្ត្រីដែលជួលគេផ្ទះគេស្នាក់នៅជាមួយក្រុមគ្រួសារក្នុងសង្កាត់បឹងស្រឡាងនៃខណ្ឌទួលគោករូបនេះ ក៏មិនត្អូញត្អែរនឹងការលំបាកនិងគ្រោះថ្នាក់នានាពីការងារទាំងនោះឡើយ។ ផ្ទុយទៅវិញ អ្នកស្រី ជឹម ស៊ីម បែរជាខិតខំបំពេញតួនាទីរបស់ខ្លួនអស់ពីចិត្ត ក្រោមសា្មរតីជាអ្នកបម្រើប្រជាពលរដ្ឋរហូតថ្ងៃចូលនិវត្តន៍ពីមន្ត្រីនគរបាលជាតិ។
 
«ខ្ញុំគិតក្នុងចិត្តថា នេះជាភារកិច្ច គឺត្រូវតែធ្វើឱ្យល្អ»។ នេះជាអ្វីដែលអ្នកស្រី ជឹម ស៊ីម បានប្រកាន់ភ្ជាប់នៅក្នុងគំនិតជានិច្ច ដោយអ្នកស្រីបន្តរៀបរាប់ថា៖« ខ្ញុំស៊ូឱ្យដល់ទីចូលនិវត្តន៍ ដោយធ្វើឱ្យអស់ពីចិត្តពីកាយតែម្តង។ ហើយអ្វីដែលសំខាន់ពេលចូលនិវត្តន៍នោះ គឺខ្ញុំមានមោទកភាពខ្លួនឯង ក្នុងអាជីពជាអ្នកបម្រើពលរដ្ឋនេះ។ ពេលមេដាក់ការងារឱ្យខ្ញុំធ្វើ ឬចាត់តាំងទៅប្រចាំនៅណាមួយ ខ្ញុំមិនដែលប្រកែកទេ មានតែសប្បាយចិត្តធ្វើទៀត ព្រោះគិតថា យើងបានជួយរដ្ឋាភិបាល ជួយពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩»៕



Tag:
 COVID-19
  នគរបាល
  ជឹម ស៊ីម
© រក្សាសិទ្ធិដោយ thmeythmey.com