ជាតិ
អាជ្ញាធរជីករណ្ដៅរកទឹក ដើម្បីសង្គ្រោះត្រីមេពូជក្នុងបឹងពារាំង ខណៈមិនទាន់អាចស្ដារបឹងបាន
06, Jun 2021 , 4:39 pm        
រូបភាព
ដោយ:
អាជ្ញាធរខេត្តសៀមរាបសហការជាមួយសហគមន៍បឹងពារាំង កំពុងជួយសង្គ្រោះត្រីមេពូជ ដែលនៅសល់ក្នុងបឹង ក្រោយត្រីជាច្រើនបានងាប់ កាលពីថ្ងៃទី៣-៤ មិថុនា ដោយសារអាកាសធាតុក្ដៅ និងបញ្ហាទឹកស្រក។ បើតាមលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ការសង្គ្រោះបឋមនេះ គឺត្រូវការស្វែងរកប្រភពទឹក ដើម្បីអាចឱ្យត្រីរស់បាន ព្រោះមិនទាន់អាចស្ដារបឹងទាំងមូលបានឡើយ។


 
កាលពីថ្ងៃទី៣-៤ មិថុនាកន្លងទៅ ត្រីមេពូជជាង៧០គីឡូក្រាមនៅបឹងពារាំងបានងាប់ និងសត្វស្លាបជាច្រើនបានហើរចេញ ជាបន្តបន្ទាប់ក្រោយបឹងនេះស្រកទឹក ដោយសារអាកាសធាតុក្ដៅ។ ដោយឡែក នៅថ្ងៃទី៥និង៦មិថុនានេះ ត្រីនៅបឹងពារាំង មិនបន្តងាប់ទៀតនោះទេ ក្រោយអាកាសធាតុប្រែមកត្រជាក់ជាងប៉ុន្មានថ្ងៃមុន។
 
ទោះត្រីក្នុងបឹងពារាំងឈប់ងាប់ ក៏អាជ្ញាធរ និងសហគមន៍បឹងពារាំង បន្តជីករណ្ដៅក្នុងបឹង ដើម្បីរកប្រភពទឹក ជួយសង្គ្រោះបឋមត្រីដែលនៅសល់។ លោក គង់ មង្គល ប្រធាន​សហគមន៍​ការពារ​អភិរក្ស​បឹង​ពារាំង លើកឡើងថា ក្នុងករណីការស​ង្គ្រោះ​​បឋមមិនអាចជួយត្រីបាន លោក នឹងស្នើសុំដឹកទឹកយកដាក់ក្នុងបឹងនេះបន្ថែម។
 
បើតាមលោក គង់ មង្គល ដើម្បីដោះស្រាយបញ្ហារីងទឹកនេះ គឺត្រូវជីកស្ដារបឹង។ « កន្លងមកយើងបានជីកហើយ ប៉ុន្តែសហគមន៍អត់មានលទ្ធភាពទៀតព្រោះគ្រឿងចក្រយើងសុទ្ធតែជួលគេ ហើយអាចម៍ដីយើងអត់មានការអនុញ្ញាតឱ្យនាំចេញទៅលក់ អ៊ីចឹងយើងអត់មានថវិកាដើម្បីជួលគ្រឿងចក្រ »។ នេះបើតាមការបញ្ជាក់របស់លោក គង់ មង្គល ដោយបន្ថែមថា លិខិតស្នើសុំនាំអាចម៍ដីចេញនេះ គឺបានដាក់ប្រមាណ ២ខែហើយ ។


 
ជុំវិញបញ្ហានេះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានប្រាប់សារព័ត៌មានThmeyThmey ថា មូលហេតុដែលមិនទាន់អនុញ្ញាតឱ្យមានការនាំអាចម៍ដីចេញទៅលក់ ព្រោះត្រូវការសិក្សាតាមរយៈបច្ចេកទេស ក្នុងការមើលដី ដែលត្រូវឆ្លងកាត់ក្រសួងរ៉ែ និង ថាមពល។
 
លោក នួន ពុទ្ធារ៉ា បញ្ជាក់យ៉ាងដូច្នេះថា ៖ « ក្នុងដំណើរការស្ដារយើងត្រូវធ្វើពីរ។ ទីមួយ ស្ដារទទេ គឺស្ដារដោយដាក់អាចម៍ដីនៅកន្លែងហ្នឹង យើងអាចធ្វើបានហើយ ក៏ប៉ុន្តែការដឹកដីយកចេញ វាពាក់ព័ន្ធនឹងច្បាប់រ៉ែ ត្រូវសុំអាជ្ញាប័ណ្ណ ត្រូវពិនិត្យមើលផលប៉ះពាល់បរិស្ថានផ្សេងៗ។ បើទំហំ ១ទៅ ២ហិកតា ខេត្តអាចអនុញ្ញាតបាន ប៉ុន្តែហួសពីនេះត្រូវសុំដល់ក្រសួង»។
 
អភិបាលក្រុងរូបនេះ បញ្ជាក់ថា ខេត្តបានបង្កើតក្រុមការងារ ក្នុងគម្រោងស្ដារបឹងនេះហើយ ប៉ុន្តែត្រូវស្វែងរកក្រុមហ៊ុនមកធ្វើការលើរឿងនេះ ដើម្បីធ្វើយ៉ាងណាឱ្យការស្ដារអាចផ្ដល់ផលប្រយោជន៍ដល់សហគមន៍ ពលរដ្ឋ​ និងមិនប៉ះពាល់ដល់បរិស្ថាន។
 
គួរបញ្ជាក់ផងដែរថា បឹងពារាំងមានទំហំ ២៧០​ហិកតា បើ​គិតពី​ផ្ទៃ​ទឹក និង​ជាង៣០០០​ហិកតា បើ​គេ​គិត​ទាំង​ផ្ទៃ​ព្រៃ​លិច​ទឹក​។ បឹងនេះមានចម្ងាយ ៨គីឡូម៉ែត្រពីទីរួមខេត្ត ដែលមាសក្ដានុពលធម្មជាតិព្រៃលិចទឹក ជាជម្រករបស់ត្រីមេពូជ និងសត្វស្លាបជាច្រើនប្រភេទ ៕





Tag:
 បឹងពារាំង
© រក្សាសិទ្ធិដោយ thmeythmey.com