ជាតិ
លោកចាន់ សារិន សង្ឃឹមថាក្រោយអង្គការក្លាយជាសាលារដ្ឋ នឹងជួយកុមារអូទីស្សឹមកម្ពុជាកាន់តែច្រើន
06, Jun 2021 , 8:29 pm        
រូបភាព
លោក ចាន់ សារិន ជាមួយនឹងកុមារអូទីស្សឹម កំពុងអង្គុយនៅលើកៅអី(បង់ថ្ម) នៅក្នុងបរិវេណសាលាអង្គការHHC ដែលបច្ចុប្បន្នបានសាលានេះ បានក្លាយជាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ។
លោក ចាន់ សារិន ជាមួយនឹងកុមារអូទីស្សឹម កំពុងអង្គុយនៅលើកៅអី(បង់ថ្ម) នៅក្នុងបរិវេណសាលាអង្គការHHC ដែលបច្ចុប្បន្នបានសាលានេះ បានក្លាយជាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ។
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចប្រែក្លាយសាលាអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ទៅជាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដើម្បីបន្តអប់រំកុមារកម្ពុជាដែលមានពិការភាពផ្នែកសតិបញ្ញា និងអូទីស្សឹម។ ការសម្រេចរបស់ក្រសួងអប់រំ បានធ្វើឡើងនាថ្ងៃទី៣មិថុនា បន្ទាប់ពីអង្គការនេះបានស្វែងរកគាំទ្រពីរដ្ឋាភិបាល កាលពីដើមខែមករា ឆ្នាំ២០២១ ព្រោះតែជួបវិបត្តិផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីឥទ្ធិពលនៃជំងឺកូវីដ-១៩។ 

 
ការប្រែក្លាយសាលាអង្គការជំនួយនៃក្តីសង្ឃឹមសហគមន៍ (HHC) ទៅជាគ្រឹះស្ថានអប់រំរបស់រដ្ឋនេះ គឺជាការជួយដល់កុមារអូទីស្សឹមជាង២០០នាក់ ដែលបានការសិក្សាជាអង្គការ អស់រយៈពេល៩ឆ្នាំមកនេះ ឱ្យរៀនចប់ដល់ថ្នាក់វិទ្យាល័យ។ នេះជាលើកឡើងរបស់លោក ចាន់ សារិន ដែលជាអតីតប្រធាន សាលាអង្គការHHC ហើយបច្ចុប្បន្ន ជានាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ។ 
 
លោកបានបន្តថា តាមរយៈវិទ្យាល័យនេះ នឹងបង្កើនប្រសិទ្ធភាពនិងលទ្ធភាពអប់រំកុមារអូទីស្សឹមនិងកុមារពិការភាពផ្នែកសតិបញ្ញានៅកម្ពុជា ដែលមានលក្ខណៈស្តង់ដារអន្តរជាតិបានកាន់ច្រើន។ ការសិក្សាស្រាវជ្រាវរបស់លោក ចាន់ សារិន បានបង្ហាញថា បច្ចុប្បន្នកម្ពុជាមានកុមារអូទីស្សឹមជិត២ម៉ឺននាក់ ដែលកំពុងត្រូវការ ការបណ្តុះបណ្តាលនិងអប់រំ។
 
«ឥឡូវនេះ ខ្ញុំបានក្លាយជានាយកវិទ្យាល័យហ្នឹង គឺខ្ញុំត្រូវធ្វើយ៉ាងណា ដើម្បីពង្រីកវិសាលភាពរបស់សាលាយើង ចាប់ពីថ្នាក់មត្តេយ្យ ដល់វិទ្យាល័យ ដើម្បីឱ្យកុមារអូទីស្សឹម រៀនចប់ដល់ថ្នាក់វិទ្យាល័យ តាមដែលអាចទៅបាន»។ លោក សារិន មានប្រសាសន៍យ៉ាងដូច្នេះ ដោយបានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey បន្ត​ថា​ ៖«នៅពេលទៅមុខទៀត ខ្ញុំនឹងរៀបចំសាលារៀនឱ្យមាន២-៣អាគារទៀត ព្រោះបច្ចុប្បន្នគ្រាន់តែសាលារៀន យើងបើកក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មានកុមារ[អូទីស្សឹម]១៩០នាក់ទៀត កំពុងរង់ចាំថ្នាក់រៀនរបស់យើង»។ 
 
សព្វថ្ងៃនេះ វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ កំពុងខ្វះថ្នាក់ និងអគារ សម្រាប់បង្រៀនដល់កុមារអូទីស្សឹម និងមានពិការផ្នែកសតិបញ្ញាទាំងនោះ។ បើតាមលោក សារិន ក្នុងផែនការ៣ឆ្នាំទៅមុខ លោកនឹងសង់អគារសិក្សា ក្នុងវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅនេះ ចំនួន២បន្ថែមទៀត ដើម្បីឱ្យកុមារអូទីស្សឹមផ្សេងៗ មានឱកាសទទួលបានការអប់រំពីសាលា ផងដែរ។ 
 
ក្រៅពីខ្វះទីកន្លែងសម្រាប់បណ្តុះបណ្តាលហើយនោះ វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ក៏កំពុងខ្វះគ្រូជំនាញ សម្រាប់បង្រៀនដល់ដល់កុមារអូទីស្សឹម និងកុមារមានពិការភាពផ្នែកសតិបញ្ញាផងដែរ។ តាមស្តង់ដារអន្តរជាតិនៃការបង្រៀនកុមារអូទីសឹ្សម គ្រូម្នាក់ បង្រៀនកុមារដែលមានជំងឺអូទីស្សឹមយ៉ាងច្រើនត្រឹមតែ៣នាក់ប៉ុណ្ណោះ។ ក្នុងករណីកុមារនោះមានបញ្ហាខ្លាំង ការបង្រៀន គឺគ្រូម្នាក់ និងសិស្សតែម្នាក់ទេ។ លោក ចាន់ សារិន បានបន្តរៀបរាប់ថា៖«បច្ចុប្បន្ន ដោយសារតែវិទ្យាល័យយើង ខ្វះគ្រូបង្រៀន! ខ្ញុំដាក់សិស្ស១០នាក់ បង្រៀនដោយគ្រូ២នាក់»។ យើងខ្វះគ្រូ! ខ្វះមែនទែន! ព្រោះតែការបង្រៀនកុមារអូទីស្សឹម គឺវាលំបាកខ្លាំង»។ 


 
មនុស្សដែលមានជំងឺអូទីស្សឹម ឆាប់ខឹង ស្រែកយំ ឬសើចសប្បាយដោយគ្មានមូលហេតុ និងបោកក្បាលនឹងជញ្ជាំងដែលមានលក្ខណៈច្រំដែលៗ។ មនុស្សដែលមានជំងឺនេះ គឺពិបាកនឹងសម្របខ្លួនឯង ជាមួយអ្នកដទៃ ពន្លឺថ្ងៃ សំឡេង  ក្លិន រសជាតិជាដើម។ លោក សង្ឃឹមថា រដ្ឋាភិបាល តាមរយៈក្រសួងអប់រំ នឹងគាំទ្រដល់វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ដែលបានប្តូរពីការសាលាអង្គការ HHC បន្ថែមទៀតលើបញ្ហាទាំងនេះ ដែលកំពុងកើតឡើង។ 
 
លោក រស់ សុវាចា ដែលជាអ្នកនាំពាក្យក្រសួងអប់រំ បានលើកឡើងថា ការសម្រេចដាក់បញ្ចូលសាលាអង្គការ HHC ជាសាលារដ្ឋនេះ គឺជាការបំពេញតម្រូវការ ក្នុងការពង្រឹង និងពង្រីកការបណ្តុះបណ្តាល និងការអប់រំពិសេសនៅកម្ពុជា ជូនដល់អ្នកសិក្សា។ ជាពិសេសចំពោះអ្នកដែលមានជំងឺអូទីស្សឹម និងពិការភាពផ្នែកសតិបញ្ញា ដែលមានតម្រូវការសិក្សា តាមបែបអប់រំពិសេស។
 
ក្រសួងអប់រំ កំពុងពង្រីកវិសាលភាព នៃការអប់រំពិសេសទៅតាមលទ្ធភាព និងធនធានជាក់ស្តែង ស្របតាមតម្រូវការសិក្សា ដោយបន្ស៊ាំទៅនឹងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៩-២០២៣ និងគោលនយោបាយរបស់ក្រសួង។ លោក រស់ សុវាចា បានបញ្ជាក់ថា ការអប់រំពិសេសនេះ កំពុងដើរតួនាទីសំខាន់មួយ ក្នុងការចូលរួមលើកកម្ពស់គុណភាពមូលធនមនុស្សកម្ពុជា។
 
បើតាមលោក រស់ សុវាចា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដែលកំពុងចូលរួមអភិវឌ្ឍសមត្ថភាពសិស្សអូទីស្សឹមគ្រប់កម្រិត ឱ្យក្លាយជាពលរដ្ឋសាកល ដែលមានចរិយាសម្បទា, មានវិជ្ជាសម្បទា, បំណិនសម្បទា និងគុណតម្លៃ ឱ្យឆ្លើយតបនឹងបរិបទជាតិ តំបន់ និងពិភពលោកនោះ នឹងទទួលបានយន្តការលើកទឹកចិត្តទាំងអស់ ដែលឆ្លើយតបទៅនឹងចក្ខុវិស័យអប់រំពេញមួយជីវិត ពីក្រសួងអប់រំ។ លោកបានបន្តថា ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធនានា ដល់វិទ្យាល័យនេះ ក៏ដូចសាលាអប់រំពិសេសផ្សេងទៀត គឺដើម្បីឲ្យសាលាបន្ត ការរៀនសូត្ររបស់កុមារអូទីស្សឹម និងកុមារមានពិការសតិបញ្ញា  ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា លើគ្រប់វិស័យនាពេលបច្ចុប្បន្ន និងអនាគត។
 
តាមរយៈសំណេររបស់លោក រស់ សុវាចា ដែលផ្តល់ឱ្យសារព័ត៌មានThmeyThmey តាមប្រព័ន្ធតេលេក្រាម បានអះអាងថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ដែលមានកូនមានពិការភាព ស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ 
 
លោកបានបន្ថែមថា បច្ចុប្បន្ន ក្រសួងអប់រំ កំពុងរៀបចំកម្មវិធី សម្រាប់បណ្តុះបណ្តាលគ្រូបង្រៀនផ្នែកពិការសតិបញ្ញា និងអូទីស្សឹមបន្ថែម នៅវិទ្យាស្ថានជាតិអប់រំពិសេស ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សា។ បន្ថែមពីនេះ នាយកដ្ឋានអប់រំពិសេសនៃក្រសួងអប់រំ ក៏បានរៀបចំគោលនយោបាយ សម្រាប់អប់រំបរិយាបន្ន និងមានផែនការសកម្មភាព ២០១៩-២០២៣សម្រាប់ការអប់រំបរិយាបន្ន ផ្តោតលើការលើកកម្ពស់ការអប់រំកុមារមានពិការសតិបញ្ញា និងអូទីស្សឹម ផងដែរ៕
 


Tag:
 អូទីស៊ឹម
  សាលារៀន
  លោក ចាន់ សារិន
© រក្សាសិទ្ធិដោយ thmeythmey.com