ជាតិ
ម្ហូបខ្មែរ៥មុខ ដែលផ្សំដោយបន្លែលើសពី៣ប្រភេទ
06, Jun 2021 , 10:59 pm        
រូបភាព
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ សម្ល ប្រហើរ កកូរ សម្លម្សៅ និងសម្លទំពាំង ជាប្រភេទសម្លដែលត្រូវការជាចាំបាច់ នូវបន្លែបៃតង និងបន្លែផ្សេងៗទៀត លើសពីបីមុខ។ ក្រៅពីសម្លទាំង៥មុខនេះ នៅមានសម្លផ្សេង ដែលអាចដាក់បន្លែបានច្រើនមុខ ជាងសម្លដែលបានរៀបរាប់ខាងលើ។


កម្ពុជាស្ថិតក្នុងតំបន់ត្រូពិក មានអាកាសធាតុក្ដៅសើម ជាហេតុធ្វើឱ្យសណ្ឋានដីប្រទេសនេះ អំណោយផលដល់ប្រភេទបន្លែច្រើនប្រភេទ។ ទន្ទឹមនឹងនេះ ប្រជាជនខ្មែរភាគច្រើន បានច្នៃបន្លែទាំងនេះ ធ្វើជាម្ហូបសម្រាប់បរិភោគ បង្កើតបាននូវរសជាតិប្លែកៗនិងផ្សេងៗគ្នា។  សម្លខ្មែរភាគច្រើនផ្សំដោយមានបន្លែច្រើនប្រភេទបញ្ចូលគ្នា ជាហេតុធ្វើឱ្យអាហារទាំងនោះមានពណ៌ចម្រុះច្រើន និងសម្បូរដោយជីវជាតិ។
 
សម្លប្រហើរ៖ ជាសម្ល ដែលមានបន្លែលាយគ្នា យ៉ាងតិចប្រាំប្រភេទរួមមាន ចេកណាំវ៉ាខ្ចី ល្ពៅទុំ ឬខ្ចី ត្រឡាច ឪឡឹកខ្ចី ននោង ស្លឹកបាស និងស្លឹកផ្ទីជាដើម។ បន្លែទាំងនេះ ប្រជាពលរដ្ឋតែងយកទៅផ្សំគ្នាដើម្បីស្ល។ ប៉ុន្ដែប្រសិនបើគ្មានបន្លែគ្រប់មុខដូចការរៀបរាប់ខាងលើ ក៏គេនៅតែអាចចម្អិនសម្លនេះបាន អាស្រ័យតាមតំបន់ និងចំណូលចិត្ត។ លើសពីនេះ មានស្រុកភូមិខ្លះ គេយកផ្លែត្នោតខ្ចី  ឬគមត្នោត គមដូង ទៅធ្វើជាបន្លែសម្រាប់ស្លប្រហើរក៏មាន។
 
សម្លស្រឡក់៖ ជាប្រភេទមុខម្ហូបដែល ដែលមានរសជាតិប្រហាក់ប្រហែលសម្លប្រហើរ។ គេប្រើបន្លែដូចជា ននោង ផ្សិត ត្រឡាច ល្ពៅ ត្រាវ ឬដំឡូងជាដើម។ អ្នកស្រី យ៉េន យី រស់នៅស្រុកលើកដែកខេត្តកណ្ដាល សម្គាល់សម្លប្រហើរ និងសម្លស្រឡក់ត្រង់ ប្រហើរមានហ័នស្លឹកគ្រៃ រួចយកទៅបុកឱ្យហ្មត់ជាមួយខ្ទឹម រមៀត ទើបគេដាក់ចូលសម្លពេលដាក់ចុះពីចង្ក្រាន។ ចំណែកឯ សម្លស្រឡក់គេដាក់ស្លឹកគ្រៃទាំងវែងមិនហ័នទេ គ្រាន់តែញីឱ្យមានក្លិន ហើយដាក់ចូលនៅពេលទឹកសម្លនៅលើចង្ក្រាន ហើយនៅពេលម្ហូបនោះឆ្អិន គេនឹងស្រង់ស្លឹកគ្រៃនោះចេញ។ នេះជាការពន្យល់របស់អ្នកស្រី យ៉េន យី។
 
សម្លកកូរ៖ ជាប្រភេទសម្លដែលមានបន្លែចម្រុះច្រើនប្រភេទ សូម្បីតែបន្លែបៃតងក៏មានមិនក្រោមបីមុខដែរ។ កកូរជាប្រភេទសម្លដែលមិនរើសបន្លែទេ។ អ្នកស្រុកខ្លះនិយាយថា កកូរដាក់បន្លែអ្វីក៏បាន បន្លែកាន់តែច្រើនមុខកាន់តែឆ្ងាញ់។ សម្លមួយប្រភេទនេះ អាចមានបន្លែជាង១០មុខ រួមមាន ល្ពៅ ខ្នុរខ្ចី ចេកខ្ចី ម្រះ សណ្ដែកទ្រើង ល្ហុង ត្រប់ ។ រីឯ បន្លែបៃតងមានដូចជាស្លឹក ម្រុម អង្គាដី បាស និងផ្ទីជាដើម។ សម្លកកូរ មានលាយបន្លែច្រើនមុខ ដូច្នេះគ្រួសារខ្មែរមួយចំនួន មិននិយមស្លសម្លប្រភេទនេះ បរិភោគនៅពេលល្ងាចទេ ព្រោះគេខ្លាចមានបញ្ហាសុខភាពណាមួយពេលយប់។
 
សម្លម្សៅ ៖ ជាប្រភេទសម្លប្រចាំតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។ ពលរដ្ឋខ្មែរនៅតំបន់មួយចំនួនអាចមិនសូវស្គាល់ ឬពេលខ្លះមិនធ្លាប់បានលឺឈ្មោះសម្លប្រភេទនេះតែម្ដង។ ដោយឡែក សម្រាប់អ្នករស់នៅស្រុកលើកដែក ខេត្តកណ្ដាលវិញ មានរបៀបស្លខុសគ្នាពីតំបន់ផ្សេងៗ។ គេអាចប្រើបន្លែ បៃតងពីបីទៅបួនប្រភេទដូចជា ស្លឹកបាស ស្លឹកជន្លង់ ផ្ទី ត្រួយល្ពៅ និងស្លឹកងប់។ សម្លប្រភេទនេះ ភាគច្រើនគេយកតែបន្លែបៃតងប៉ុណ្ណោះ។ ប៉ុន្ដែ ក៏មានគ្រួសារមួយចំនួនយកផ្សិតស្រស់ លាយជាមួយបន្លែបៃតងទាំងនោះផងដែរ ។
 
សម្លទំពាំង៖ ម្ហូបប្រភេទនេះ ត្រូវការទំពាំងជាចាំបាច់ ព្រោះបើគ្មានសាច់ទំពាំង គេមិនអាចហៅថា សម្លទំពាំងបានទេ។ គេត្រូវការបន្លែប្រហែលជាបី ឬបួនមុខមានដូចជា ទំពាំង ននោង ស្លឹកកន្ទួត ស្លឹកបាស និងស្លឹកងប់ជាដើម។ នៅតំបន់ខ្លះ គេយកត្រួយស្អំធ្វើជាបន្លែបៃតងផងដែរ៕









Tag:
 បន្លែ
  ម្ហូបខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com