ជាតិ
សង្គមជាតិ
អ្នកស្រី អ៊ី ដា​រី ប្រធាន​នាយកដ្ឋាន​បណ្ណសារ​ជាតិ មរណភាព​នៅ​វ័យ​៥៦​ឆ្នាំ​, សព​បូជា​រួចហើយ​
06, Jun 2021 , 6:32 pm        
រូបភាព
​ភ្នំពេញ លោកស្រី អ៊ី ដា​រី ប្រធាន​នាយកដ្ឋាន​បណ្ណសារដ្ឋាន​ជាតិ​នៃ​កម្ពុជា បានទទួល​មរណភាព នៅ​ម៉ោង​៥​កន្លះ​ព្រឹក ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២១​នេះ ដោយ​រោគាពាធ ក្នុង​អាយុ​៥៦​ឆ្នាំ​។ សព​នឹងត្រូវ​បូជា នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ដដែល​នេះ នៅ​វត្ត​ទួល​សង្កែ​។​


 
​បើតាម​លោក ហង់ អង្គា​រ៍​សិរី​បុត្រា ត្រូវជា​កូនប្រុស បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោកស្រី អ៊ី ដា​រី ទើបតែ​ធ្លាក់ខ្លួន​ឈឺ​រយៈពេល​៣​ថ្ងៃមុន​ប៉ុណ្ណោះ​។ លោក អង្គា​រ៍​សិរី​បុត្រា បញ្ជាក់បន្ថែម​ដូច្នេះ​៖«​គាត់​គាំងបេះដូង ហើយនឹង​មាន​ជំងឺ​ទឹកនោមផ្អែម​»​។ 
 
​លោកស្រី អ៊ី ដា​រី បាន​ចូលរួមចំណែក ក្នុងការ​ថែរក្សា​បណ្ណសា​រ​សាធារណ​របស់​រដ្ឋ ដែល​បាន​បន្សល់ទុក​តាំងពី​សម័យ​អាណានិគមនិយម​បារាំង រហូតដល់​បច្ចុប្បន្ន​។ ពិសេស​បណ្ណសារ​ដែល​ពុកផុយ ត្រូវបាន​ជួសជុល​ឡើយ​វិញ សម្រាប់​ការសិក្សា​ស្រាវជ្រាវ​។  
 




​ខាងក្រោម​នេះ​គឺជា​ជីវប្រវត្តិ​របស់លោក​ស្រី អ៊ី ដា​រី ដែល​ត្រូវបាន​ផ្ដល់ឱ្យ​ដោយ​គ្រួសារ​នៃ​សព​៖

​លោកស្រី អ៊ី ដា​រី កើត​នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៩៦៥ នៅ​សង្កាត់​លេខ​២ ក្រុងភ្នំពេញ ដែលមាន​លោកឪពុក​ឈ្មោះ អ៊ី ឌី​ម និង​អ្នក​ម្ដាយ កុល ឌឹ​ម​យាន ក្នុង​គ្រួសារ​ដែលមាន​ជីវភាព​សមរម្យ​។ លោកស្រី អ៊ី ដា​រី មាន​បងប្អូន​បង្កើត​ចំនួន​៦​នាក់ ដោយ​ក្នុងនោះ​ស្រី​២​។ លោកស្រី​ជា​កូន​ទី​៤​ក្នុង​គ្រួសារ​។ 
 
​ពី​កុមារភាព កុមារី អ៊ី ដា​រី មាន​អត្តចរិត​សុភាពរាបសារ ស្លូតបូត ចេះ​គោរព​ចាស់ទុំ និង​ជា​បងស្រី​ដែល​ចេះ​មើលថែរក្សារ​ប្អូនៗ​បាន​យ៉ាង​ល្អ​។ ឆ្នាំ​១៩៧២ កុមារី អ៊ី ដា​រី បាន​ចូលរៀន​នៅ​សាលា​មធ្យមសិក្សា​សុធារស​។ ក្នុង​ឆ្នាំ​១៩៨៦ លោកស្រី បានបញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​នៅ​វិទ្យាល័យ​បាក់​ទូក​។ លោកស្រី បានបញ្ចប់​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​បណ្ណាល័យ នៅ​សហភាពសូវៀត​ឆ្នាំ​១៩៩២ ក្រោយមក​បន្ត​ថ្នាក់​ជំនាញ​បច្ចេកទេស ផ្នែក​គ្រប់គ្រង​ឯកសារ នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ឆ្នាំ​១៩៩៦​។
 
​អ្នកស្រី អ៊ី ដា​រី ក៏បាន​សិក្សា​វគ្គ​ជំនាញ​ថែរក្សា​ឯកសារ​បេ​តិក​ភ័​ណ្ឌ​នៅ​ប្រទេស​សិង្ហ​បុរី ឆ្នាំ​២០១០ និង​វគ្គ​ជំនាញ​បច្ចេកទេស​គ្រប់គ្រង និង​ថែរក្សា​ឯកសារ​នៅ​ប្រទេស​កូរ៉េ ឆ្នាំ​២០១២ ផងដែរ​។ 
 
​ក្នុង​ឆ្នាំ​១៩៩៤ លោកស្រី អ៊ី ដា​រី បាន​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក នៃ​នាយកដ្ឋាន​តម្កល់​ឯកសារ​ជាតិ នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​។ ឆ្នាំ​១៩៩៧ លោកស្រី ត្រូវបានតែងតាំង​ជា​ប្រធានការិយាល័យ​។ ឆ្នាំ​២០១២ លោកស្រី ត្រូវបានតែងតាំង​ជា​អនុប្រធាននាយកដ្ឋាន និង​ចុងក្រោយ​នៅ​ឆ្នាំ​២០១៤ លោកស្រី ត្រូវបានតែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​តម្កល់​ឯកសារ​ជាតិ នៃ​អគ្គនាយកដ្ឋាន​រាជកិច្ច និង​តម្កល់​ឯកសារ​ជាតិ នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​។ ក្នុង​ឆ្នាំ​២០១៩ លោកស្រី ត្រូវបានតែងតាំង​ជា​អនុប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​បណ្ណសារ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​
 
​ឈានដល់​វ័យ​៥០​ឆ្នាំ លោកស្រី​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​លោក គង់ តា​រី ក្នុង​ឆ្នាំ​២០១៥​។ លោកស្រី អ៊ី ដា​រី ក៏​ជា​ពុទ្ធ​សាស​នោប​ត្ថ​ម្ភ​មួយរូប ដែលមាន​ចិត្ត​សទ្ធា​ជ្រះថ្លា ដោយ​តែងតែ​ចូលរួមចំណែក​ក្នុង​ព្រះពុទ្ធសាសនា គ្រប់​ទីវ​ត្ត​អារាម​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com