COVID-19
ជាតិ
របាយការណ៍បន្ថែមពី​កូវីដ-១៩៖ តាកែវ៥៥នាក់ បន្ទាយមានជ័យ៣១នាក់ ឯកំពង់ចាម២៩នាក់
07, Jun 2021 , 5:39 pm        
រូបភាព
ខេត្តព្រៃវែង បន្តរកឃើញមនុស្ស ៥០នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ខណៈដែលខេត្តសៀមរាប បានប្រកាសករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃមិនធ្លាប់មានពីមុនមក គឺរហូតដល់៤៦ករណី ហើយភាគច្រើនរកឃើញ នៅស្រុកជីក្រែង និងស្រុកសូទ្រនិគម។ ខេត្តកំពង់ធំ និងបាត់ដំបង ក៏បន្តករឃើញអ្នកវិជ្ជមានជាង១០កនាក់រៀងខ្លួនដែរ ខណៈ១៥នាក់នៅខេត្តឧត្តរសុទ្ធតែជាពលករខ្មែរ ដែលត្រឡប់មកពីក្រុងបាងកក ប្រទេសថៃ។


ព្រៃវែង៖ រកឃើញ ៥០នាក់បន្ថែមទៀត
 
នៅថ្ងៃទី៦ មិថុនា ខេត្តព្រៃវែង បន្តរកឃើញមនុស្ស៥០នាក់ទៀត វិជ្ជមានកូវីដ-១៩  ដែលភាគច្រើនពួកគេបានឆ្លងបន្ទាប់ពីប៉ះពាល់នឹងកម្មកររោងចក្រដែលមានវិជ្ជមានកូវីដ-១៩កន្លងមក។ ក្នុងចំណោមអ្នកដែលរកឃើញថ្មីនេះ មាន ២៨នាក់មានទីលំនៅក្នុងស្រុកព្រះសស្តេច , ៦នាក់នៅស្រុកកំពង់ត្របែក, ៤នាក់នៅស្រុកពារាំង, ស្រុកស្វាយអន្ទរ និងស្រុកមេសាង មាន៣នាក់រៀងខ្លួន ខណៈស្រុកពារក៍មានអ្នកឆ្លងថ្មី២នាក់។ ក្រុងព្រៃវែង ស្រុកពាមជរ បាភ្នំ និងកញ្ច្រៀច រកឃើញ១នាក់រៀងខ្លួនដែរ។ បច្ចុប្បន្ន ខេត្តព្រៃវែង រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦៩៩នាក់ ដោយ២៧៩នាក់ បានជាសះស្បើយ, ៧នាក់ស្លាប់ និង៤១៣នាក់ បន្តការព្យាបាល។
 
សៀមរាប៖ មាន៤៦ នាក់ភាគច្រើននៅស្រុកជីក្រែង និងសូទ្រនិគម
 
ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៦នាក់ទៀតដែលភាគច្រើនរកឃើញនៅស្រុកជីក្រែង និងសូទ្រនិគម។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ៣នាក់បន្ថែមដែរ បានជាសះស្បើយ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤៦នាក់នោះ មាន ២៦នាក់ជាបុគ្គលិកហាងពិភពធម្មជាតិ នៅក្នុងស្រុកជីក្រែង។ ពលរដ្ឋនៅក្នុងស្រុកជីក្រែង មួយចំនួនទៀតក៏មានតេស្តវិជ្ជមានដែរ ខណៈ៩ករណីឆ្លងថ្មី រកឃើញនៅស្រុកសូទ្រនិគម ហើយអ្នកវិជ្ជមានទាំងនោះជាអាជីវករ, ស្ត្រីមេផ្ទះ,សិស្ស,កសិករ, បុគ្គលិកធនាគារ និងមានមន្ត្រីកងរាជអាវុធហត្ថផងដែរ។ បច្ចុប្បន្ន ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២០៥នាក់ ក្នុងនោះ៨៣នាក់ជាសះស្បើយ ២នាក់ស្លាប់ និង១២០នាក់ទៀតកំពុងព្យាបាល។
 
 
កំពង់ធំ៖ ១៧នាក់ឆ្លងថ្មី និង៨នាក់បានជាសះស្បើយ
 
ក្នុងចំណោមមនុស្សទាំង ១៧នាក់ ដែលមានតេស្តវិជ្ជមានកូវីដ-១៩នោះ ៣នាក់ជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ, ១នាក់ជាអ្នកត្រឡប់ពីរាជធានីភ្នំពេញ។ ក្រៅពីនោះគឺជាករណីឆ្លងបន្តគ្នាក្នុងសហគមន៍។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ក្នុងចំណោមអ្នកឆ្លងថ្មីនោះ មាន១០នាក់ ជាពលរដ្ឋនៅឃុំច្រនាង ស្រុកតាំងគោក, ៤នាក់ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ, ១នាក់នៅឃុំបឹង ស្រុកបារាយណ៍, ១នាក់នៅឃុំបន្ទាយស្ទោងស្រុកស្ទោង និង១នាក់ទៀតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ខេត្តកំពង់មានអ្នកឆ្លងកូវីដ-១៩ សរុប៣១៤នាក់ ក្នុងនោះ១២៨នាក់ជាសះស្បើយ និង១៨៥នាក់ទៀត នៅបន្តព្យាបាល។
 
បាត់ដំបង៖ មាន១៥នាក់ថ្មី និងជា១២នាក់
 
ពលរដ្ឋចំនួន១៥នាក់ទៀត វិជ្ជមានកូវីដ-១៩ និងដែលត្រូវបានរកឃើញនៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី៦ មិថុនា ខណៈអ្នកជំងឺ១២នាក់ ក៏បានជាសះស្បើយដែរ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មី មាន៣នាក់ជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ពលរដ្ឋ៥នាក់មានលំនៅដ្ឋាននៅស្រុកកំរៀង, ២នាក់នៅស្រុកឯកភ្នំ, ២នាក់នៅស្រុកបវេល, ២នាក់នៅស្រុកសង្កែ, ១នាក់នៅស្រុកភ្នំព្រឹក, ១នាក់នៅស្រុករតនមណ្ឌល និង២នាក់ទៀតជាអ្នកខេត្តបន្ទាយមានជ័យ។  គិតត្រឹមថ្ងៃទី៦ ខែមិថុនា ខេត្តបាត់ដំបង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ៣៩៩នាក់ ក្នុងនោះ១៤៥នាក់ជាសះស្បើយ ២នាក់ស្លាប់ និង២៥២នាក់ទៀតកំពុងបន្តព្យាបាល។

ឧត្តរមានជ័យ៖ រកឃើញ ១៥នាក់ទៀត ដែលសុទ្ធតែជាពលករខ្មែរមកពីថៃ
 
រដ្ឋបាលខេត្តឧត្តរមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ លើពលរដ្ឋ១៥នាក់ទៀត ដែលជាពលករខ្មែរដែលត្រឡប់មកពី ក្រុងបាងកក ប្រទេសថៃ។ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី៦ មិថុនា បានឱ្យដឹងថា ក្នុងចំណោមពលករទាំងនោះ មាន៦នាក់ជាអ្នកខេត្តបាត់ដំបង, ៥នាក់ជាអ្នកខេត្តសៀមរាប, ២នាក់ជាអ្នកខេត្តកំពង់ធំ, ឧត្តរមានជ័យ១នាក់ និងអ្នកខេត្តបន្ទាយមានជ័យ ១នាក់ដែរ។ គិតត្រឹមថ្ងៃទី៦ មិថុនា ខេត្តឧត្ដរមានជ័យ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧៧នាក់ ដោយ៧៥នាក់ ជាករណីនាំចូល។ អ្នកជំងៗ ២២នាក់ បានសះស្បើយហើយ ខណៈ៥៥នាក់ទៀត នៅបន្តសម្រាកព្យាបាល។

របាយការណ៍បន្ថែម៖


ខេត្តតាកែវ នៅតែបន្តមានអ្នកឆ្លងកូវីដ-១៩ ប្រចាំខ្ពស់ ដោយថ្ងៃទី៦ មិថុនា ខេត្តនេះមានអ្នកវិជ្ជមានដល់ទៅ ៥៥នាក់។ ខេត្តបន្ទាយមានជ័យ ក៏មិនថមថយដែរ ពោលគឺមាន ៣១នាក់ថ្មី ខណៈកំពង់ចាមមាន ២៩នាក់។

តាកែវ៖ ឆ្លងថ្មី៥៥នាក់ ដោយភាគច្រើនជាអ្នកសំរោងទង និងស្រុកដូនកែវ
រដ្ឋបាលខេត្តតាកែវ បន្តរកឃើញមនុស្សចំនួន៥៥នាក់ទៀត បានឆ្លងកូវីដ-១៩ ដែលមានអាយុចាប់ពី៨ខែ រហូតដល់៦១ឆ្នាំ។ ចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃទី៦មិថុនា នៅខេត្តមានតាកែវ គឺមាន៧ស្រុក ដោយនោះ ២៥នាក់នៅស្រុកសំរោង, ១៥នាក់នៅស្រុកដូនកែវ, ស្រុកព្រៃកប្បាយមាន៥នាក់, ស្រុកកោះអណ្តែតមាន៣នាក់, ស្រុកគីរីវង់មាន៣នាក់ និងស្រុកបាទីមាន២នាក់,  ខណៈ២នាក់នៅស្រុកត្រាំកក់។

បន្ទាយមានជ័យ៖ ឆ្លងថ្មី៣១នាក់ និងសះស្បើយពីកូវីដ-១៩ មាន១៤០នាក់

ក្នុងចំណោមមនុស្ស៣១នាក់ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ កឃើញឆ្លងកូវីដ-១៩នោះ មាន១២នាក់ ជាកម្មកររោងចក្រ HI TECH និងមាន៣នាក់ទៀត ជាពលករមកពីប្រទេសថៃ។ ដោយឡែក អ្នកជំងឺកូវីដ-១៩ ឯទៀតមាន៩នាក់ជាអ្នកសម្រាកនៅមន្ទីរពេទ្យ, មាន២នាក់ជាអ្នករត់ម៉ូតូឌុប និង៥នាក់ទៀតគឺជាកសិករ។  ទន្ទឹមនឹងមានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បញញ្ជាក់ដែរថា មានអ្នកជំងឺរហូតដល់១៤០នាក់ បានជាសះស្បើយពីកូវីដ-១៩ ផងដែរ។

កំពង់ចាម៖ ឆ្លងថ្មី២៩នាក់ ដែលសុទ្ធសឹងជាអ្នកជាមួយកម្មការិនីរោងចក្រ​

រដ្ឋបាលខេត្តកំពង់ចាម បន្តរកឃើញមនុស្ស២៩នាក់ទៀតឆ្លងកូវីដ-១៩ ដោយក្នុងនោះ មានកុមារ និងទារកចំនួន៥នាក់។ ក្នុងចំណោមទាំងជំងឺកូវីដ-១៩ទាំងនោះ មាននៅស្រុកបាធាយ៨នាក់, ស្រុកកំពង់សៀម៥នាក់, ស្រុកជើងព្រៃមាន៥នាក់, ស្រុកស្រីសន្ធរមាន៥នាក់ និងស្រុកព្រៃឈរមាន៥នាក់ ខណៈអ្នកជំងឺកូវីដ-១៩ម្នាក់ទៀត គឺនៅស្រុកស្ទឹងត្រង់។ ក្នុងថ្ងៃទី៦មិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានប្រកាសថា មានមនុស្សចំនួន១១នាក់ បានជាសះស្បើយពីកូវីដ-១៩ ផងដែរ។

ករណីទូទាំងប្រទេស ៖ ឆ្លងថ្មី ៥៨៩នាក់ ជា៩៤៥នាក់ និង៣នាក់ទៀតស្លាប់

បច្ចុប្បន្ននេះ កម្ពុជាមានអ្នកឆ្លងសរុប  ៣៤៨៣៣ នាក់ ក្នុងនោះករណីនាំចូលសរុបមាន  ១០៩៥នាក់។ អ្នកជាសះស្បើយ  ២៨០៩២នាក់ ខណៈអ្នកស្លាប់ កើនដល់២៦៦នាក់៕
 
 

Tag:
 ព្រៃវែង
 សៀបរាប
 បាត់ដំបង
 កំពង់ធំ
 ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com