ជាតិ
សុខភាព
អ្នកឆ្លងកូវីដ-១៩សរុប នៅខេត្តកណ្តាល មានជាង៤ ៨០០នាក់ គ្រូពេទ្យជំនាញរបស់ក្រសួងសុខាភិបាលកំពុងយកសំណាកពីពលរដ្ឋដើម្បីធ្វើតេស្តរកកូវីដ-១៩។ រូបថត៖ រដ្ឋបាលខេត្តកណ្តាល
× អាជ្ញាធរខេត្តកណ្តាលរកឃើញមនុស្សសរុប៤,៨៦២នាក់ បានឆ្លងជំងកូវីដ-១៩។ ចំនួនអ្នកដែលឆ្លងកូវីដ-១៩ គឺគិតនៅត្រឹមថ្ងៃទី៦មិថុនា ដែល ThmeyThmey ទទួលបានពីលោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល។ ដ្បិតមានចំនួនអ្នកឆ្លងកូវីដ-១៩ ច្រើនក៏ពិតមែន ប៉ុន្តែលោក ប៊ុនធឿន បានប្រាប់ថាក៏មានមនុស្សប្រមាណ២,៧០០នាក់ បានជាសះស្បើយពីជំងឺនេះវិញ ផងដែរ។
បើតាមការឡើងលើករបស់លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន នាមួយរយៈពេលចុងក្រោយនេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅខេត្តកណ្តាល បានថមថយបន្តិចហើយ។ លោកមានប្រសាសន៍ដូច្នេះ៖«ចូលខែមិថុនានេះ យើងរកឃើញអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ជាមធ្យម១០០នាក់ក្នុងមួយថ្ងៃ។ ស្រុកដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ គឺស្រុកកោះធំ និងស្រុកពញឮ»។
សម្រាប់អ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃទី៦មិថុនា ឆ្នាំ២០២១ ក្នុងខេត្ត មាន១៣០នាក់ ដោយនៅក្នុងនោះមានស្រី៣៩នាក់។ នេះជាលើកឡើងរបស់លោក គួយ ប៊ុនធឿន។
លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន បានបន្ថែមថា បច្ចុប្បន្នខេត្តកណ្តាលអ្នកជំងឺកូវីដ-១៩ ចំនួន២,១០៥ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យ និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩នានា នៅក្នុងខេត្ត ខណៈមនុស្ស១១នាក់(ស្រី៨នាក់) បានបាត់បង់ជំងឺកូវីដ-១៩។ ដោយឡែកមនុស្ស១,២ម៉ឺននាក់ទៀត កំពុងធ្វើចត្តាឡីស័កដោយក្នុងនោះ មាន៩៦៣នាក់ធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក និងមនុស្សប្រមាណ១ម៉ឺនទៀត ធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។
សម្រាប់ថ្ងៃទី៦មិថុនានេះ ក្រសួងសុខាភិបាលប្រកាសរកឃើញមនុស្ស៥៨៩នាក់ទៀត នៅទូទាំងប្រទេសបានឆ្លងកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៣៤,៨៣៣ នាក់ ក្នុងនោះករណីនាំចូលសរុបមាន ១០៩៥នាក់។ អ្នកជាសះស្បើយ ២៨,០៩២នាក់ ខណៈអ្នកស្លាប់ដោយសារកូវីដ-១៩ កើនដល់២៦៦នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com