COVID-19
ជាតិ
កូវីដ-១៩តាមខេត្ត៖ ព្រៃវែងមាន៤២នាក់ ច្រើនជាអ្នកមកពីថៃ និងខ្លះទៀតរកប្រភពឆ្លងមិនទាន់ឃើញ
11, Jun 2021 , 9:43 am        
រូបភាព
ដោយ: ថ្មីៗ
ខេត្តព្រៃវែង បន្តរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ ចំនួន៤២នាក់ទៀតនៅថ្ងៃទី១០មិថុនា ដែលភាគច្រើនជាអ្នកត្រឡប់មកពីថៃ និងមួយចំនួនមិនទាន់កំណត់ប្រភពឆ្លងបាននៅឡើយ។ ខេត្តបន្ទាយមានជ័យ មាន៣៧នាក់ ភាគច្រើនជាពលករមកពីថៃ ខណៈខេត្តបាត់ដំបងមាន១៤នាក់។ ខេត្តកំពង់ធំ រកឃើញ១២នាក់បន្ថែម រីឯឧត្តរមានជ័យ​ មាន១នាក់ ជាពលករមកពីប្រទេសថៃ។


ព្រៃវែង៖ មាន៤២នាក់ទៀត ក្នុងនោះ១៩នាក់ជាអ្នកមកពីថៃ
 
រដ្ឋបាលខេត្តព្រៃវែង បានរកឃើញមនសុ្ស ៤២នាក់បន្ថែមទៀត វិជ្ជមានកូវីដ-១៩ ដែលមាន១៩នាក់ជាអ្នកត្រឡប់មកពីថៃ និងអ្នកដែលប៉ះពាល់នឹងអ្នកឆ្លងកន្លងមក ខណៈករណីមួយចំនួនមិនទាន់កំណត់ប្រភពឆ្លងបាននៅឡើយ។ តាមរដ្ឋបាលខេត្តព្រៃវែង ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤២នាក់នេះ មាន៩នាក់នៅស្រុកព្រះស្តេច, ៨នាក់នៅក្រុងព្រៃវែង, ៧នាក់នៅស្រុកពារាំង។ ស្រុកស្វាយអន្ទរ កំចាយមារ និងស្រុកស៊ីធរកណ្ដាល រកឃើញ៤នាក់រៀងខ្លួន ខណៈដែលស្រុកពាមរក៍ មាន៣នាក់។ ស្រុកពោធិ៍រៀង មាន២នាក់ និងស្រុកកញ្ចៀច មានអ្នកឆ្លងថ្មី១នាក់។ គិតត្រឹមថ្ងៃទី ១០មិថុនា ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ៨២៤នាក់ ក្នុងនោះ៣៥៦នាក់ជាសះស្បើយ ៨នាក់បានស្លាប់ និងអ្នកនៅបន្តព្យាបាលមានចំនួន៤៦០នាក់ទៀត។
 
បន្ទាយមានជ័យ៖ មាន៣៧ នាក់បន្ថែម និងសះស្បើយ ៣៧នាក់
 
ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានថ្មីបន្ថែម ៣៧នាក់ទៀត ខណៈអ្នកសះស្បើយ ក៏មាន៣៧នាក់ដែរ។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៣៧នាក់នោះ ភាគច្រើនគឺជាអ្នកដែលត្រឡប់មកពីប្រទេសថៃ និងមួយចំនួនទៀតជាបុគ្គលិកក្រុមហ៊ុន កម្មកររោងចក្រ និងអ្នករត់ម៉ូតូឌុប។ ក្នុងចំណោមអ្នកឆ្លងថ្មីទាង ៣៧នាក់ មាន ១៨នាក់នៅក្រុងប៉ោយប៉ែត, ៦នាក់នៅស្រុកព្រះនេត្រព្រះ, ៥នាក់នៅស្រុកមង្គលបូរី, ៤នាក់នៅក្រុងសិរីសោភ័ណ, ២នាក់ស្រុកភ្នំស្រុក ខណៈស្រុកអូរជ្រៅ និងស្រុកម៉ាឡៃរកឃើញ១នាក់រៀងខ្លួន។


​បាត់ដំបង​៖ មាន ១៤​នាក់​បន្ថែម ក្នុងនោះ​៩​នាក់​ជា​ពលករ​មកពី​ថៃ​
 
​ខេត្តបាត់ដំបង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​១៤​នាក់​បន្ថែមទៀត  ក្នុងនោះ​ភាគច្រើន​ជា​ពលករ​មកពី​ប្រទេស​ថៃ ហើយ​ក្រៅពី​ជា​បុគ្គលិក​កាស៊ីណូ , បុគ្គលិក​រោងចក្រ និង​កម្មករសំណង់​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ១៤​នាក់ មាន ៤​នាក់​ជា​ពលរដ្ឋ​រស់នៅ​ស្រុក​ឯក​ភ្នំ​, ៤​នាក់​នៅ​ស្រុក​មោងឫស្សី​, ៣​នាក់​នៅ​ស្រុក​បាណន់ ខណៈ​ស្រុក​រុក្ខ​គិរី និង​ស្រុក​គាស់ក្រឡ​មាន​១​នាក់​រៀងខ្លួន​។ អ្នកជំងឺ​១​នាក់​ទៀត ជា​ពលរដ្ឋ​នៅ​ឃុំ​អូរជ្រៅ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។  បច្ចុប្បន្ន ខេត្តបាត់ដំបង មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៤៨៣​នាក់ ក្នុងនោះ​១៧៨​នាក់​បានជា​សះស្បើយ​។ អ្នកជំងឺ​២​នាក់​បាន​ស្លាប់ ខណៈ ៣០៣​នាក់​ទៀត នៅ​បន្ត​ព្យាបាល​នៅតាម​មន្ទីរពេទ្យបង្អែក​នានា​ក្នុង​ខេត្ត​។ 
 

កំពង់ធំ៖ រកឃើញ១២នាក់ទៀត និង៦នាក់សះស្បើយ
 
ខេត្តកំពង់ធំ មានអ្នកឆ្លងថ្មី ចំនួន ១២នាក់ និងអ្នកជាសះស្បើយ ១២នាក់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ អ្នកឆ្លងភាគច្រើនជាកម្មកររោងចក្រ និងមានអ្នកត្រឡប់ពីរាជធានីភ្នំពេញ និងប្រទេសថៃផងដែរ។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង១២នាក់នោះ មាន៦នាក់ជាពលរដ្ឋនៅស្រុកតាំងគោក ,៣នៅស្រុកស្ទោង, ២នាក់នៅក្រុងស្ទឹងសែន និង១នាក់ទៀតនៅស្រុកប្រាសាទសំបូរ។ បច្ចុប្បន្ន ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប៣៧៥នាក់ ក្នុងនោះ ២០៥នាក់ បានជាសះស្បើយ និង១៦៩នាក់ទៀតកំពុងសម្រាកព្យាបាល។
 
ឧត្តរមានជ័យ៖ រកឃើញ១នាក់ទៀត ជាពលករមកពីថៃ
 
១ករណីថ្មីនៅខេត្តឧត្តរមានជ័យ គឺជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ តាមរដ្ឋបាលខេត្តអ្នកជំងឺរូបនេះ ជាបុរសវ័យ ២៩ឆ្នាំ មានអាសយដ្ឋាននៅកៀនកេស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ បច្ចុប្បន្ន ខេត្តឧត្ដរមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ១០២នាក់ ក្នុងនោះ៩៧នាក់ ជាករណីនាំចូល។ អ្នកជំងឺ ៣០នាក់ បានជាសះស្បើយនិង៧២នាក់កំពុងសម្រាកព្យាបាល។
 
 

Tag:
 ព្រៃវែង
 បន្ទាយមានជ័យ
 កំពង់ធំ
 ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com