ជាតិ
​​​ន​យោ​បាយ​ជាតិ​
អនុព័ន្ធយោធាអាមេរិក ថា កម្ពុជា រឹតត្បិតការពិនិត្យមើលទីតាំង មូលដ្ឋានទ័ពរាម
11, Jun 2021 , 3:44 pm        
រូបភាព
(ឆ្វេង)អនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជា លោកវរសេនីយឯក Marcus M. Ferrara ជួបសម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី៧ មិថុនា ២០២១ នៅទីស្តីការក្រសួង (រូបពីហ្វេសប៊ុកសម្ដេច ទៀ បាញ់)
(ឆ្វេង)អនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជា លោកវរសេនីយឯក Marcus M. Ferrara ជួបសម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី៧ មិថុនា ២០២១ នៅទីស្តីការក្រសួង (រូបពីហ្វេសប៊ុកសម្ដេច ទៀ បាញ់)
ភ្នំពេញ៖ អនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជា លោកវរសេនីយឯក Marcus M. Ferrara អះអាងថា កម្ពុជាបានរឹតត្បិតការត្រួតពិនិត្យមើលទីតាំង មូលដ្ឋានកងទ័ពជើងទឹកសមុទ្រ។​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា ការមិន​អនុញ្ញាតឱ្យ​អនុព័ន្ធយោធា​អាមេរិក ចូល​មើល​គ្រប់​ទីកន្លែង ក្នុង​មូលដ្ឋានទ័ព​រាម គឺ​ដើម្បី​រក្សា​សុវត្ថិភាព​សន្តិសុខ​ជាតិ​។

 
ស្ថានទូតអាមេរិក បានបញ្ជាក់ថា លោក Marcus M. Ferrara បានធ្វើដំណើរទៅសមុទ្រមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី១១ មិថុនានេះ តាមរយៈការសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា ។ 
ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចដ៏ខ្លីនោះ មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យលោកអនុព័ន្ធយោធាទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ។ នេះជាការបញ្ជាក់របស់ស្ថានទូតអាមេរិក។
 
ស្ថានទូតអាមេរិក បានសរសេរលើហ្វេសប៊ុកខ្លួន ទាំងភាសាខ្មែរ និងអង់គ្លេសយ៉ាងដូច្នេះថា៖«នៅពេលដឹងច្បាស់ថា លោកមិនត្រូវបានអនុញ្ញាតឲ្យចូលមើលបានអស់ លោកវរសេនីយឯក Ferrara បានបញ្ចប់ការដើរមើល ហើយបានស្នើសុំឲ្យមន្រ្តីយោធាកម្ពុជាកំណត់ពេលទស្សនកិច្ចឡើងវិញ ដោយអនុញ្ញាតឲ្យមានការដើរមើលគ្រប់កន្លែង នៅក្នុងពេលខាងមុខឲ្យបានឆាប់បំផុត»។
 
ជាមួយគ្នានេះស្ថានទូតអាមេរិក បានបញ្ជាក់ទៀតថា ទស្សនកិច្ចរបស់អនុព័ន្ធយោធាអាមេរិក និងអនុព័ន្ធយោធាបរទេសដទៃទៀត នៅមូលដ្ឋានកងទ័ពជើងទឹករាម អាចជាជំហានមួយយ៉ាងសំខាន់ ឆ្ពោះទៅរកតម្លាភាព និងការទុកចិត្តគ្នាទៅវិញទៅមក។
 
ជុំវិញបញ្ហានេះ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ដើម្បីសុំការអត្ថាធិប្បាយតបការលើកឡើងរបស់អនុព័ន្ធយោធាអាមេរិក លោកវរសេនីយឯក Marcus M. Ferrara តាមរយៈស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឡើយ។
 
ចំណែកលោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ សុំមិនអត្ថាធិប្បាយឡើយ ដោយលោកអះអាងថា ខ្លួនកំពុងជាប់រវល់។

តែ​យ៉ាងណា​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល លើកឡើងថា ការចុះ​ត្រួតពិនិត្យ​នៅលើ​ដែន​អធិបតេយ្យភាព​របស់រ​ដ្ឋ​ណាមួយ គឺ​មិនមែន​តាម​អំពើ​ចិត្ត​ខ្លួន​នោះឡើយ ដូច្នេះ​ការអនុញ្ញាតឱ្យ​អនុព័ន្ធយោធា​អាមេរិក​ចូល​មើល​ទីតាំង​មូលដ្ឋានទ័ព​រាម គឺមាន​ការកំណត់​ច្បាស់​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​លោក ផៃ ស៊ី​ផាន បាន​ពន្យល់​ដូច្នេះ​ថា​៖«​អធិបតេយ្យភាព​មូលដ្ឋាន​ទឹក​របស់​ប្រទេស​នីមួយៗ គេ​មិន​អនុញ្ញាតឱ្យ​បរទេស​ណា ទៅ​ស្វែងយល់ ឬក៏​ទៅ​ស៊ើបអង្កេត​ជា​របៀប​ចារកម្ម​ទេ គឺ​គេ​មិន​អនុញ្ញាត​ទេ​។ តែ​ការអនុញ្ញាត​(​អនុព័ន្ធយោធា​អាមេរិក​) ដែល​កម្ពុជា​ផ្ដល់ឱ្យ​នេះ គឺ​ទៅ​មើលថា ការសាងសង់​កំពង់ផែ​សមុទ្រ​រាម​តែ​ប៉ុណ្ណឹង​ទេ ដូចជា​មិនមាន​អ្វី​ក្រៅពី​នោះទេ​។ ដូច្នេះ​ការ​ហួស​ពី​ការចង់​ដឹង​នេះ​ទៀត ថា​វា​យ៉ាងម៉េច​នោះ វា​អាចជា​ដំណើរការ​ចារកម្ម​…»​។ 
 
​បើតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ ការមិន​អនុញ្ញាតឱ្យ​អនុព័ន្ធយោធា​អាមេរិក ចូល​មើល​គ្រប់​ទីកន្លែង ក្នុង​មូលដ្ឋានទ័ព​រាម គឺ​ដើម្បី​រក្សា​សុវត្ថិភាព​សន្តិសុខ​ជាតិ​។ «​ដូច្នេះ​បើសិនជា​(​អនុព័ន្ធយោធា​អាមេរិក​) ចង់ទៅ​មើល​កន្លែង​ដទៃទៀត ដែល​វា​ប៉ះពាល់​ដល់​សន្តិសុខ កិច្ចការពារ​ជាតិ​នោះ ប្រហែលជា​គេ​មិន​អនុញ្ញាត​ឱ្យទៅ​មើល​ទេ​»​។ នេះ​ជាការ​អះអាង​របស់លោក ផៃ ស៊ី​ផាន ដែល​បាន​ចោទ​ជា​សំនួរ​វិញ​ថា តើ​អនុព័ន្ធយោធា​អាមេរិក​នោះ ទៅ​មូលដ្ឋានទ័ព​រាម គ្រាន់តែ​ពិនិត្យមើល​ធម្ម​តា ឬ​ធ្វើជា​ចារកម្ម​?
 ក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លី កាលពីថ្ងៃទី១ មិថុនា អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បានជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបង្ហាញក្តីព្រួយថា កម្ពុជា អាចផ្ដល់ទីតាំងមូលដ្ឋានទ័ពរាម ឱ្យកងទ័ពចិនឈរជើងនោះទីនោះ។ ដោយសារក្តីព្រួយបារម្ភនេះ ទើបសម្ដេច ហ៊ុន សែន បានសម្រេចឱ្យអនុព័ន្ធយោធានៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ចុះទៅពិនិត្យមើល នៅមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីបញ្ឈប់ការសង្ស័យនេះ៕

Tag:
 មូលដ្ឋានរាម
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com