ជាតិ
សង្គមជាតិ
ក្រសួងអប់រំ បញ្ជាក់ពីដំណាក់កាលចូលរួមប្រកួតពានរង្វាន់សិស្សឆ្នើមទូទាំងប្រទេស
11, Jun 2021 , 7:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានបង្កើតកម្មវិធីប្រកួតពានរង្វាន់សិស្សឆ្នើមទូទាំងប្រទេសលើកទី១ស្តីពីប្រធានបទការសិក្សាដោយបង្កើតគម្រោង «បំណងប្រាថ្នា» ដោយតម្រូវឲ្យសិស្សជ្រើសរើសមេរៀនក្នុងមុខវិជ្ជាណាមួយ មកបង្កើតជាគម្រោង។ កម្មវិធីនេះ គឺធ្វើឡើង ដើម្បីជំរុញឲ្យសិស្សទី៧ដល់ទី១២ យល់ច្បាស់ពីមេរៀន ដើម្បីយកទៅដោះស្រាយបញ្ហា និងបង្កើតជាគម្រោង។

 
 
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី១០ ខែមិថុនាបានបញ្ជាក់ពីដំណាក់កាលមួយចំនួន សម្រាប់ឲ្យបេក្ខជនចូលរួមប្រកួត ក្នុងកម្មវិធីប្រកួតពានរង្វាន់សិស្សឆ្នើមទូទាំងប្រទេស។ក្នុងដំណាក់កាលដំបូង បេក្ខជនត្រូវចុះឈ្មោះ នៅលើវេទិកាឌីជីថល ដោយសិស្សត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួននិងត្រូវជ្រើសរើសប្រធានបទ ដោយដកស្រង់ចេញពីមេរៀន ណាមួយនៃមុខវិជ្ជាណាមួយសម្រាប់យកមកជាសរសេរគម្រោង។ 
 
ជំហានទី២ គឺបេក្ខជនត្រូវរកដៃគូ និងបង្កើតក្រុមជាមួយនឹងសិស្សដែលមកពីថ្នាក់របស់ខ្លួន ឬសាលារៀនដទៃ។ ជំហានទី៣គឺបេក្ខជនត្រូវរៀបចំបង្កើតគម្រោង ប្រមូលព័ត៌មាននិងសរសេររបាយការណ៍អំពីបញ្ហាជាក់លាក់មួយ ដែលកើតមាននៅក្នុងសង្គម ឬជីវភាពប្រចាំថ្ងៃដែលទាក់ទងនឹងបរិស្ថាន សង្គម វប្បធម៌ ទឹកស្អាត អនាម័យ សុខភាព អគ្គិសនី និងអប់រំជាដើម។ 
 
ជំហានទី៤ គឺពិគ្រោះយោបល់ និងកែលម្អ ជាមួយនឹងគរុសិស្ស និស្សិតឬនិស្សិតដែលចូលរួមប្រកួតដែលមានប្រធានបទដូចគ្នា។ ចំណែកជំហានចុងក្រោយគឺបេក្ខជនគឺត្រូវផ្ញើរូបថត បទបង្ហាញ វីដេអូ  និងរបាយការណ៍នៃគម្រោងមកកាន់គណៈកម្មការព្រឹត្តិការណ៍ដើម្បីពិនិត្យវាយតម្លៃ និងផ្តល់លទ្ធផល។  
 
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថាកម្មវិធីប្រកួតពានរង្វាន់សិស្សឆ្នើមទូទាំងប្រទេសនេះ នឹងជួយសិស្សឲ្យសិក្សាដោយប្រើវិធីសាស្ត្ររៀនបែបថ្មីគឺរៀនដោយត្រិះរិះពិចារណា,ការរៀនដោយដោះស្រាយបញ្ហា,ការរៀនតាមបែបសហការ,ការរៀនដោយបង្កើតគម្រោង, ការពិភាក្សាការកែលម្អ និងការដកស្រង់បទពិសោធក្នុងចំណោមបេក្ខជនដទៃទៀត។ 
 
អ្នកនាំពាក្យក្រសួងអប់រំ បានរៀបរាប់ដូច្នេះថា៖«ព្រឹត្តិការណ៍ដែលមានឈ្មោះថា“បំណងប្រាថ្នា”នេះនឹងផ្សារភ្ជាប់ការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ លើមេរៀននៃមុខវិជ្ជា ក្នុងថ្នាក់ជាមួយនឹងជីវភាពជាក់ស្តែងនៅក្នុងសង្គម។ សិស្សអាចចូលរួមដោយសកម្មបំផុត នៅក្នុងដំណើរការនៃការរៀននិងដោយផ្សារភ្ជាប់ការរៀន ជាមួយនឹងចំណង់ចំណូលចិត្ត ចំណាប់អារម្មណ៍ បំណិននិងទំនាក់ទំនងសង្គមរបស់ពួកគេ»។
 
បើតាមក្រសួងអប់រំ សិស្សដែលជាប់ជាជ័យលាភីសិស្សឆ្នើមក្នុងកម្មវិធីនេះនឹងទទួលបានពិន្ទុបន្ថែម៥ ទៅ១៥ភាគរយ លើពិន្ទុមធ្យមភាគប្រចាំឆ្នាំបញ្ចូលទៅក្នុងព្រឹត្តិបត្រពិន្ទុ រួមទាំងប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តផងដែរ។ 
 
លើសពីនេះ សិស្សជាប់ជ័យលាភី ក៏មានឱកាសទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ស្រាវជ្រាវអនុវត្តលើគម្រោង, អាហារូបករណ៍ និងការលើកទឹកចិត្តពិសេសបន្ថែមទៀតរួមទាំងចុះបញ្ជីជាសិស្ស ដែលមានសក្តានុពលសម្រាប់ស្រាវជ្រាវ គំនិតច្នៃប្រឌិតនិងនវានុវត្តន៍។ 
 
ទាក់ទងនឹងព័ត៌មានលំអិតនៃការរៀបចំ និងការប្រព្រឹត្តទៅ អំពីកម្មវិធីប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី១នេះក្រសួងអប់រំ នឹងប្រកាសនៅពេលក្រោយ។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា៕ 
 
 
 

Tag:
 សិស្ស
 អប់រំ
  គម្រោង«បំណងប្រាថ្នា»
 ប្រកួតសិស្សឆ្នើម
© រក្សាសិទ្ធិដោយ thmeythmey.com