ជាតិ
សេដ្ឋកិច្ច
កម្ពុជាបានកម្ចីពីបរទេសជាង១០០លានដុល្លារសម្រាប់«អនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម»
11, Jun 2021 , 8:29 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម
 ភ្នំពេញ៖ កម្ពុជាតាមរយៈក្រសួងកសិកម្មកំពុងអនុវត្ត«គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម» ដែលផ្តោតសំខាន់លើផលដំណាំដំឡូងមី ផ្លែស្វាយ ផ្លែចន្ទី បន្លែ និងមាន់ស្រុក ក្រោមជំនួយឥតសំណង និងកម្ចីពីដៃគូអភិវឌ្ឍអន្តរជាតិនានា ក្នុងទំហំថវិកាប្រមាណ១១០លានដុល្លារ។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គម្រោងក្នុងទំហំថវិកាជាង១០០លានដុល្លារនេះ នឹងអនុវត្ត ក្នុងរយៈពេល៧ឆ្នាំ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៧។

 
តាមរយៈបណ្តាញទំនាក់ទំនងសង្គម លោក វេង សាខុន បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន នាព្រឹកថ្ងៃទី១១មិថុនាថា «គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម» នេះជាគម្រោងទី៦ ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម។ គម្រោងនេះ ផ្ដោតការយកចិត្តទុកដាក់ជាសំខាន់លើ ការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មប្រកបដោយភាពប្រកួតប្រជែង។ 
 
បើតាមលោក វេង  សាខុន  គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដែលក្រសួងកសិកម្មកំពុងអនុវត្តរហូតដល់ឆ្នាំ២០២៧ ក្រោមទំហំថវិកាជាង១០០លានដុល្លារនេះ ដោយក្នុងនោះមានថវិកាចំនួន៧០លានដុល្លារ គឺជាកម្ចីដែលកម្ពុជា បានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ក្រៅពីប្រាក់កម្ចីរបស់ADB កម្ពុជាក៏ទទួលបានថវិកា ៥លានទៀត បានពីកម្ចីមូលនិធិអាស៊ានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ(AIF) និង២៥លានដុល្លារ ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)។
 
ចំពោះថវិកាជាង១០លានដុល្លារទៀត ដែលសម្រាប់អនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មនេះ លោកវេង សាខុន បានបញ្ជាក់ថា ក្នុងចំណោមថវិកានេះ មាន៣លានដុល្លារ បានពីជំនួយឥតសំណងរបស់មូនិធិជប៉ុន សម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) និង ៧,៦លានដុល្លារទៀត  គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ 
 
«ការអនុវត្តអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មនេះ នឹងផ្ដល់ផលដល់សហគមន៍កសិកម្មចំនួនប្រមាណ២៣០ដែលមានគ្រួសារប្រមាណ ២៧,០០០ និង សហគ្រាសកសិកម្មចំនួនប្រមាណ៥០ នៅក្នុងខេត្តគោលដៅគម្រោងចំនួន៦»។ នេះជាការអះអាងបន្ថែមរបស់លោករដ្ឋមន្ត្រីកសិកម្ម ដោយបានបន្តរៀបរាប់ថា ខេត្តគោលដៅទាំង៦ សម្រាប់អនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម មានខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប ឧត្ដរមានជ័យ និងខេត្តព្រះវិហារ។
 
តាមរយៈគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដែលកំពុងអនុវត្តនេះ លោក វេង សាខុន រំពឹងថា  ភាពតភ្ជាប់ទំនាក់ទំនងក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ត្រូវបានកែលម្អ ដោយនៅក្នុងនោះផ្លូវតភ្ជាប់ពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ នៅក្នុងតំបន់គោលដៅគម្រោងប្រវែងង ១១០គីឡូម៉ែត្រ នឹងត្រូវកែលម្អឱ្យប្រសើរឡើង ដែលអាចជួយកាត់បន្ថយពេលវេលា និងតម្លៃដឹកជញ្ជូន បង្កើនបរិមាណនៃការដឹកជញ្ជូន និងកាត់បន្ថយតម្លៃថែទាំផ្លូវ ៕ 
 
 
 

Tag:
 កសិកម្ម
  ច្រវាក់តម្លៃផលិតផលកសិកម្ម
  វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com