COVID-19
ជាតិ
លោក ហ៊ុន ម៉ា​នី ថា ជប៉ុន​គឺជា​មិត្ត​ជិតស្និទ្ធ​ម្នាក់​របស់​កម្ពុជា​
11, Jun 2021 , 9:48 pm        
រូបភាព
លោក ហ៊ុន ម៉ានី រូបឆ្វេង កំពុងជជែកជាមួយ ឯកអគ្គរាជទូតជប៉ុន លោក MIKAMI Masahiro
លោក ហ៊ុន ម៉ានី រូបឆ្វេង កំពុងជជែកជាមួយ ឯកអគ្គរាជទូតជប៉ុន លោក MIKAMI Masahiro
ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) បាន​អញ្ជើញលោក ហ៊ុន ម៉ា​នី ជួបពិភាក្សា​ការងារ​នា​អាហារ​ថ្ងៃត្រង់​កាលពី​ថ្ងៃទី​១០​ខែមិថុនា​នេះ​។

 
«​ប្រទេស​ជប៉ុន​គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ​ម្នាក់​របស់​កម្ពុជា ដែល​បាន​ស្គាល់​សោកនាដកម្ម​របស់​កម្ពុ​ជា ហើយ​តែងតែបាន​ផ្សារភ្ជាប់​ខ្លួន និង​បាន​ធ្វើជា​សាក្សី​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ជា​រៀង​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​។​»​។ នេះ​ជា​ប្រសាសន៍​របស់លោក ហ៊ុន ម៉ា​នី ដែល​ត្រូវបាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​។​
 
​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សរសេរ​ឱ្យដឹងថា លោក​បាន​ជជែក​ដោយ​ត្រង់​ទៅ​ត្រង់​មកជា​មួយ​លោក​ឯកអគ្គរាជទូត​លើ​ប្រធានបទ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដែលមាន​តាំងពី​យូរ​មក ក៏ដូចជា​ការបន្ត​ពង្រឹង​ចំណង​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត​។​ ជប៉ុន និងកម្ពុជា​បាន​ភ្ជាប់ចំណងការទូតជាមួយគ្នា​តាំងពីឆ្នាំ​១៩៥៣។ 
 
​ជំនួប​រវាង​លោក ហ៊ុន ម៉ា​នី និង​ប្រមុខ​បេសកកម្ម​ការទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ធ្វើឡើង ក្រោយ​ពេលដែល​អនុរដ្ឋមន្ត្រី​នៃ​ក្រសួងការបរទេស​អាមេរិក លោកស្រី Wendy Sherman បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​១​ខែមិថុនា​កន្លងទៅ​។ លោកស្រី Sherman គឺជា​មន្ត្រីជាន់ខ្ពស់​មុនដំបូង​គេ​នៅក្នុង​អាណត្តិ​នៃ​រដ្ឋបាល​លោក ចូ បៃ​ដិ​ន ដែល​បាន​មកជួប​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​បាន​ស្នើឱ្យ​កម្ពុជា​ថ្លឹងថ្លែង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​។ មូលដ្ឋានទ័ពជើងទឹកសមុទ្រ​រាម​នៅតែ​ប្រធានបទ​ក្តៅគគុក​មួយ​របស់​តំណាងរដ្ឋាភិបាលវ៉ាស៊ីនតោន​​​ដែល​បាន​ស្ពាយ​មកជួប​ជាមួយ​សម្តេច ហ៊ុន សែន​។ លោកស្រី​នៅតែលើកឡើងអំពីការសង្ស័យ​ថា​ មានមូលដ្ឋានទ័ព​ប្រទេស​ចិន​នៅក្នុង​តំបន់រាម​ ហើយលោកស្រី​បានស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុញ្ញាតឱ្យ​អនុព័ន្ធយោធា​អាមេរិក​បាន​ទស្សនកិច្ច​កំពង់ផែ​រាម ជា​ទៀងទាត់​។​
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ផ្សាយ​ឱ្យដឹងថា ស្របតាម​ការឆ្លើយតប​របស់​សម្តេច ហ៊ុន សែន ចំពោះ​លោកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក នៅ​ថ្ងៃទី​១១​ខែមិថុនា​នេះ លោក​វរសេនីយឯក Marcus Ferrara បានធ្វើ​ទស្សនកិច្ច​យ៉ាងខ្លី​តែប៉ុណ្ណោះ នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដោយសារតែ​លោក​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ទស្សនកិច្ច​គ្រប់កន្លែង​ក្នុង​មូលដ្ឋានទ័ព​នោះ​។​
 
​សម្តេច ទៀ បាញ់ បានចាត់ទុក​ការផ្សព្វផ្សាយ​របស់​ស្ថានទូត​អាមេរិក ជាការ​មួលបង្កាច់ និង​មិន​ត្រឹមត្រូវ​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៃ​នាយកដ្ឋាន​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​បាន​សរសេរ​ស្រង់​ប្រសាសន៍ សម្តេច​ឧបនាយករដ្ឋមន្ត្រី ដែលមាន​ប្រសាសន៍ថា​៖«​អ្វីដែល​មិនបាន​តាម​បំណង​របស់គេ គេ​ចេះតែ​និយាយ​បំផ្លើស​។ តែ​នេះ​ជា​រឿង​របស់គេ»​៕​


 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com