ជាតិ
តំណាប់ចេក អាហារសម្រន់ដែលស្រួលធ្វើ ហើយរក្សាទុកបានយូរ
19, Jun 2021 , 9:59 am        
រូបភាព
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ តំណាប់ចេកជាអាហារសម្រន់មួយប្រភេទ ងាយស្រួលធ្វើ និងរក្សាបានយូរ។ គេអាចយកតំណាប់ចេកធ្វើជាអាហារសម្រន់សម្រាប់ពេលព្រឹក អាចធ្វើជាបង្អែម និងពិសាបានគ្រប់វេលា។  ដើម្បីបានតំណាប់ចេកបរិភោគ គេត្រូវយកចេកណាំវ៉ាទុំ ហាលថ្ងៃឱ្យស្ងួត ខ្សោះអស់ជាតិទឹក ឬរហូតឡើងពណ៌ក្រហមក្រមៅរឹង ទើបគេសន្មតថាជាតំណាប់ចេក។



ពលរដ្ឋខ្មែរភាគច្រើននៅតាមទីជនបទ ស្រុកចម្ការ តែងនិយមកែច្នៃបន្លែ ផ្លែឈើនៅជុំវិញផ្ទះ ដែលមានច្រើនលើសតម្រូវការ ទៅធ្វើជាគ្រឿងបរិភោគប្រើប្រាស់យូរអង្វែង។ ការធ្វើបែបនេះ ដើម្បីសម្រាប់ទុកបម្រុងពេលខ្វះខាត់ ឬមានគ្រាអាសន្នអន់ក្រជាដើម។
 
ស្វាយ ចេក ប៉េងប៉ោះ ម្នាស់ ដំឡូង កន្ទួត ល្ហុង សុទ្ធសឹងជាផ្លែឈើ និងបន្លែដែលកសិករអាចយកច្នៃធ្វើជា តំណាប់ សម្រាប់ពិសាជាមួយទឹកតែ ឬបរិភោគលេងម្ដងម្កាល់នៅក្នុងគ្រួសារ។ សកម្មភាពទាំងនេះ អាចបង្ហាញពីអត្តចរិតចេះសន្សំសច័យ និងភាពច្នៃប្រឌិតធនធានសម្បូរតាមផ្ទះ របស់ប្រជាជនខ្មែររស់នៅតាមទីជនបទ។


 
ថ្ងៃនេះសារព័ត៌មានThmey Thme25 នឹងបង្ហាញលោក-អ្នកពីវិធីសាស្រ្តធ្វើតំណាប់ចេក របស់អ្នកស្រី យ៉េនយី ជាពលរដ្ឋរស់នៅ ភូមិព្រៃដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។
 
តំណាប់ចេក៖ ចេក គេយកតែចេកណាំវ៉ាទុំល្មម ឬចេកទុំជោរខ្លាំង មកបកសម្បកចេញឱ្យស្អាត ដាក់តម្រៀបក្នុងកញ្ចែ្រង ឬចង្អេររួចយកទៅហាលក្រោមកម្ដៅថ្ងៃ។ ចេក គេអាចហាលទាំងមូល ឬយកពុះជាពីរ ជាបួនក៏បានតាមចំណូលចិត្ត។ ចេកហាល ក្លាយទៅជាតំណាប់យូរឬឆាប់ អាស្រ័យទៅលើកម្ដៅព្រះអាទិត្យ។
 
ជាទូទៅប្រសិនបើហាលចេក ពេលមានអាកាសធាតុក្តៅល្អ គេអាចចំណាយពេលចន្លោះពី៤ទៅ៥ថ្ងៃ ដើម្បីធ្វើឱ្យជាតិទឹកមាននៅសាច់ចេកស្ងួត ងាយប្រែពណ៌ទៅជាក្រហមក្រមៅ និងរឹង។ អ្នកស្រី យ៉េនយី ពន្យល់ថាក្នុងអំឡុងពេលហាលចេក មួយថ្ងៃយ៉ាងតិចត្រូវប្រែចេកទៅពីម្ខាងទៅម្ខាងឱ្យបានពីរដង ដើម្បីឱ្យចេកស្ងួតស្មើសាច់ ជួយឱ្យចេកឆាប់ក្លាយទីជាតំណាប់។
«ចេកហាលតែពេលថ្ងៃទេ  ពេលយប់យកចូលផ្ទះ ចៀសវាងត្រូវសន្សើម។ ទឹកសន្សើម អាចធ្វើឱ្យចេករីក និងមិនងាយស្ងួត»។ នេះជាការបញ្ជាក់របស់ស្រ្តីមេផ្ទះខាងលើ។
 
ចេកប្រែពណ៌ពីស ទៅជាពណ៌ក្រហមក្រមៅ ហើយរឹង មានន័យថាវាបានក្លាយទៅជាតំណាប់ចេក។ គេអាចរើសចេកស្ងួតទាំងនោះ ទៅរក្សាទុកសម្រាប់បរិភោគបាន។ តំណាប់ចេក ដែលហាលបានស្ងួតល្អ គេអាចរក្សាទុកបានរាប់ឆ្នាំមិនខូចទេ។ នេះជាវិធីសាស្រ្តបែបធម្មជាតិ ងាយៗរបស់ពលរដ្ឋសម្រាប់ការធ្វើដំណាប់ចេក នៅតាមទីស្រុកស្រែចម្ការ។
 
តំណាប់ចេកបរិភោគ តាមការចូលចិត្ត ឬមួយអាចយកទៅចិតចំណិតតូចៗលាយជាមួយទឹកដោះគោ និងគ្រាប់ធញ្ញជាតិផ្សេងធ្វើជាអាហារពេលព្រឹក។ ក្រៅពីនេះគេក៏ អាចយកលាយជាមួយទឹកកកឈូស ធ្វើជាបង្អែម និងធ្វើជាការរ៉េម តំណាប់ចេកក៏បាន។ 
 
អ្នកស្រី យ៉េន យី ថាវិធីសាស្រ្តធ្វើតំណាប់ចេកនេះ ងាយស្រួលធ្វើ និងចំណាយពេលតិច។ ម្យ៉ាងវិញទៀតជាវិធីសាស្រ្តច្នៃចេកសល់លើសតម្រូវការ ទុកបានយូរអង្វែង។ អ្នកបរិភោគបានទាំងសុខភាព និងអនាម័យ៕




 

Tag:
 តំណាប់ចេក
© រក្សាសិទ្ធិដោយ thmeythmey.com