COVID-19
ជាតិ
វ៉ាក់សាំងស៊ីណូវ៉ាក់១លានដូសទៀត ដែលទិញពីចិន មកដល់កម្ពុជាហើយ
19, Jun 2021 , 10:45 am        
រូបភាព
វ៉ាក់់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទស៊ីណូវ៉ាក់ចំនួន១លានបន្ថែមទៀត ដែលរដ្ឋាភិបាល បញ្ជាទិញពីចិន បានដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។ អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងពេលទៅទទួលវ៉ាក់សាំងចំនួន១ដូលនេះថា នៅចុងខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន២លានដូសបន្ថែម ហើយនឹងទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ទៀត នៅខែក្រោយៗ។



ការទទួលបានវ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងសរុប៩,០២៤,០០០លានដូស សម្រាប់ចាក់ដល់ពលរដ្ឋដើម្បីបង្ការពីជំងឺកូវីដ-១៩។ ក្នុងនោះ មានវ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac ចំនួន៥,៥លានដូស, វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន៣,២លានដូស និងវ៉ាក់សាំងCovishield ចំនួន៣២៤,០០០ដូស  ដែលជាជំនួយដែលកម្ពុជាទទួលបានពីយន្តការCOVAX។ 
 
គិតត្រឹមថ្ងៃទី១៨មិថុនា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ពលរដ្ឋ បាន៣,២៥៧,៨៥៧នាក់ហើយ។ ចំនួននេះ គឺស្មើនឹងអត្រា៣២,៥៨ភាគរយនៃផែនការរបស់រដ្ឋាភិបាល ក្នុងការចាក់សាំងបង្ការជំងឺកូវីដ-១៩ដល់ណពលរដ្ឋឱ្យមាន១០លាននាក់នៅចុងឆ្នាំ២០២១។ 
 
កាលពីថ្ងៃទី១៤មិថុនា នៅក្នុងជំនួបពិភាក្សាការជាមួយ លោក Martin Vávra ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា សម្តេច ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាគ្រោងចាក់វ៉ាក់សាំងកូវីដ-១៩ដល់ពលរដ្ឋឱ្យបាន១០លាននាក់ នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។

Tag:
 វ៉ាក់សាំងកូវីដ
© រក្សាសិទ្ធិដោយ thmeythmey.com