ជាតិ
លោក វេង សាខុន ជំរុញឱ្យកសិករប្រើប្រាស់ឡជីវឧស្ម័ន ដើម្បីកាត់បន្ថយការប្រើប្រាស់ធ្យូង
20, Jun 2021 , 5:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ឡជីវឧស្ម័ន(Biodigester) គឺជាសំណង់មូលមួយប្រភេទសង់ពីឥដ្ឋតាន់និងបេតុងកប់ក្នុងដី ផ្ទុកដោយលាមកសត្វដែលអាចបង្កើតឧស្ម័នមេតានឬជីវឧស្ម័ន ហើយអាចបន្សល់នូវជីធម្មជាតិដ៏ល្អប្រសើរ។ នេះបើតាមការដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន ឆ្នាំ២០១៧។

 
ឡជីវឧស្ម័នបានដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្មចិញ្ចឹមសត្វគោ ក្របី ចៀម ពពែ និងសត្វជ្រូក។ ឡជីវឧស្ម័ននេះ អាចបញ្ចេញថាមពលកកើតឡើងវិញបានពីលាមកសត្វ ជាចំហេះសម្រាប់ចំអិនអាហារ បង្កើតជាអគ្គិសនីសម្រាប់បំពេញតម្រូវការក្នុងផ្ទះ។ ចំណែកកាកសំណល់ឡ ក្លាយជាជីធម្មជាតិ ដែលផ្ដល់គុណប្រយោជន៍សម្រាប់ផលិតកម្មបន្លែ និងដំណាំ។ ឡជីវឧស្ម័នបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចូលទៅក្នុងបរិយាកាស ដែលជាមូលហេតុធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ។ 
 
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញរបាយការណ៍របស់កម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ លើកសិករដែលបានសាកល្បងប្រើប្រាស់ឡជីវឧស្ម័ន។ ក្នុងករណីកសិករមានឡជីវឧស្ម័នមួយអាចសន្សំអុស ឬធ្យូងបាន ២តោន ក្នុងមួយឆ្នាំ និងបានរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់CO2= ៣.២តោន ក្នុងមួយឡ។ កសិករអាចប្រើប្រាស់សំណល់ពីឡជីវឧស្ម័នជំនួសជីគីមី និងចំណេញប្រាក់ប្រមាញ ១លានរៀល ក្នុងមួយឆ្នាំ។
 
ដោយយល់ឃើញពីអត្ថប្រយោជន៍ជាច្រើនរបស់ឡជីវឧស្ម័ន នៅឆ្នាំ២០០៥ ក្រសួងកសិកម្ម បានចុះMOU ជាមួយអង្គការអភិវឌ្ឍន៍ហូឡង់(SNV) ដើម្បីបង្កើតវិស័យឡជីវឧស្ម័នលក្ខណៈគ្រួសារកម្រិតជាតិហៅថា«កម្មវិធីឡជីវឧស្ម័នជាតិ National Biodigester Programme NBP»។ ការចុះMOU នេះដើម្បីលើកកម្ពស់សុខុមាលភាព សេដ្ឋកិច្ចគ្រួសារ ថែរក្សាបរិស្ថាន រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការផ្សារភ្ជាប់ ប្រព័ន្ធកសិកម្មចម្រុះ ។
 
បើតាមលោក វេង សាខុន នៅឆ្នាំ២០០៦ កម្មវិធីឡជីវឧស្ម័នបានអនុវត្តក្នុងខេត្តគោលដៅចំនួន៦។ រហូតឆ្នាំ២០២០ កម្មវិធីនេះសម្រេចការសាងសង់ឡជីវឧស្ម័នបានចំនួន ២៨ ៦៨៥ នៅក្នុងខេត្តគោលដៅចំនួន១៦ រួមមាន ខេត្តបាត់ដំបង,បន្ទាយមានជ័យ,កំពង់ចាម,កំពង់ឆ្នាំង,កណ្តាល, កំពត,កែប,ព្រះសីហនុ,កំពង់ស្ពឺ,កំពង់ធំ,ពោធិ៍សាត់,ព្រៃវែង,សៀមរាប,ស្វាយរៀង,ត្បូងឃ្មុំ និងតាកែវ។
 
ដើម្បីបំពេញបន្ថែមនូវតម្រូវការ និងជំរុញការប្រើប្រាស់ឡជីវឧស្ម័ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វែងរកការគាំទ្របន្ថែមពីរដ្ឋាភិបាលចិន។ ភាគីចិនបានឧបត្ថម្ភឡជីវឧស្ម័នចំនួន១ ៨៥០ ដែលគិតជាទឹកប្រាក់ជាង១,៧លានដុល្លារ និងទឹកប្រាក់ពីរាជរដ្ឋាភិបាលជាង០,២លានដុល្លារ ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។
 
ឡជីវឧស្ម័នទាំង១ ៨៥០ នោះត្រូវបានតម្លើង និងដាក់ឲ្យប្រើប្រាស់ នៅក្នុងខេត្តគោលដៅចំនួន១០ រួមមាន ខេត្តកណ្តាលចំនួន៦០,កំពង់ស្ពឺ១០,តាកែវ២៧០,កំពង់ចាម២១០,ត្បូងឃ្មុំ៣០០,ព្រៃវែង២០០,ស្វាយរៀង២០០,ព្រះវិហារ២០០,ពោធិ៍សាត់២០០ និងកំពង់ឆ្នាំងចំនួន២០០៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com