ជាតិ
លោក សុខ ហៃ អាចផ្គត់ផ្គង់ត្រីប្រាលើទីផ្សារប្រមាណ២តោនរៀងរាល់ថ្ងៃ
20, Jun 2021 , 8:29 pm        
រូបភាព
ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប្រា លោក សុខ ហៃ បានបញ្ចេញត្រីប្រាលក់ប្រមាណ២តោន រៀងរាល់ថ្ងៃ ក្នុងតម្លៃចន្លោះពី៤៥០០រៀល ទៅ៥០០០រៀល ក្នុងមួយគីឡួក្រាម។ កសិកររូបនេះ មិនបារម្ភពីបញ្ហាទីផ្សារឡើយ ប៉ុន្តែរំពឹងឲ្យទិន្នផលបានច្រើន។ នេះបើតាមហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។



ស្ថិតនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ លោក សុខ ហៃ ចាប់ផ្ដើមចិញ្ចឹមត្រី បានរយៈពេល៣ឆ្នាំហើយ។ មកដល់ពេលបច្ចុប្បន្ន កសិករខេត្តកំពង់ឆ្នាំងរូបនេះ ពង្រីកបានស្រះចិញ្ចឹមត្រីធំៗចំនួន២ ដោយក្នុងមួយស្រះមានត្រីប្រមាណ១៣ម៉ឺនក្បាល។
 
«ក្នុងមួយរដូវកាលនៃការដាក់កូនត្រីចិញ្ចឹម អាចប្រមូលផលបានចន្លោះពី៥០តោន ទៅ៨០តោន ក្នុងមួយស្រះ»។ នេះបើតាមការលើកឡើងរបស់លោក សុខ ហៃ ដោយបន្តថា ក្នុងការដាក់កូនត្រីពូជចិញ្ចឹម លោក បានគម្លាតពេលវេលាដាក់ខុសៗគ្នា រវាងស្រះនីមួយៗ ដើម្បីឲ្យត្រីទាំងនោះ ធំធាត់បណ្ដាស់គ្នា ងាយស្រួលប្រមូលផលលក់បន្តបន្ទាប់។
 
ទោះបីជាកសិកររូបនេះ ចិញ្ចឹមត្រីក្នុងរយៈពេលខ្លី ប៉ុន្តែលោក សុខ ហៃ បានទទួលការបណ្ដុះបណ្ដាលពីមន្រ្តីជំនាញ ពាក់ព័ន្ធនឹងបច្ចេកទេសចិញ្ចឹម ការថែទាំ និងផ្ដល់ចំណីជាដើម។ ផ្អែកលើបច្ចេកទេសទាំងនេះ លោក រំពឹងថានឹងទទួលបានទិន្នផលបានច្រើនជាបន្តបន្ទាប់។ នេះបើតាមហ្វេសប៊ុកលោក វេង សាខុន ដដែល។
 
សូមបញ្ជាក់ថា រយៈពេល៦ខែ ឆ្នាំ២០២១ ខេត្តកំពង់ឆ្នាំងទទួលបានទិន្នផលវារីវប្បកម្មសរុបចំនួន១០៥០០តោន មានស្រះចិញ្ចឹមចំនួន៦៣១ស្រះ ស្មើ៧៣០០តោន។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលជនផលខេត្តកំពង់ឆ្នាំង៕
 

Tag:
 ត្រីប្រា
© រក្សាសិទ្ធិដោយ thmeythmey.com