ជាតិ
សហគមន៍កសិកម្មមួយក្នុងខេត្តកំពង់ឆ្នាំង អាចផ្គត់ផ្គង់ខ្ទឹមស្លឹកពី ៣ទៅ៤តោនក្នុងមួយថ្ងៃ
20, Jun 2021 , 11:59 pm        
រូបភាព
ដោយ:
សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ស្ថិតក្នុងខេត្តកំពង់ឆ្នាំង អាចផ្គត់ផ្គង់ខ្ទឹមស្លឹក ៣ទៅ៤តោន ក្នុងមួយថ្ងៃទៅកាន់ទីផ្សារភ្នំពេញ និងខេត្តនានា។ ខ្ទឹមស្លឹក ជាបន្លែអាទិភាពមួយក្នុងចំណោមបន្លែស្លឹកច្រើនប្រភេទរបស់សហគមន៍នេះ ព្រោះមានទីផ្សារល្អ។



ក្រៅពីខ្ទឹមស្លឹក កសិករដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង និយមដាំបន្លែស្លឹកមានដូចជា សាលាដ ភ្លៅកង្កែប ស្ពៃ បន្ថែមលើការងារធ្វើស្រែចម្ការ។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងរូបនេះ លើកឡើងថា ខេត្តកំពង់ឆ្នាំង បានបង្កើតសហគមន៍កសិកម្ម ចំនួន ៥០សហគមន៍ ដើម្បីចូលរួមលើកកម្ពស់វិស័យកសិកម្មកម្ពុជា និងចៀសវាងកសិករជួបបញ្ហាទីផ្សារ។
 
បច្ចុប្បន្ន សហគមន៍ទឹកហូតមានជ័យក្តីសង្ឃឹមផ មានកសិករប្រមាណ ២០ភាគរយ បានជ្រើសរើសដាំខ្ទឹមស្លឹក។ លោក ងិន ហ៊ុន រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥បែបនេះ៖«បន្លែផ្សេងក៏មានទីផ្សារដែរ តែខ្ទឹមស្លឹក មានទីផ្សារល្អជាងគេ។ សព្វថ្ងៃទោះស្ថិតក្នុងបរិបទកូវីដ-១៩ ក៏មានតម្លៃ ៣៥០០រៀល ទៅ ៤០០០រៀល ក្នុងមួយគីឡូក្រាម»។


ខ្ទឹមស្លឹក របស់កសិករក្នុងខេត្តកំពង់ឆ្នាំង (រូបភាពពីហ្វេសប៊ុកលោក វេង សាខុន) 

នៅរដូវសម្បូរបន្លែ ពីខែធ្នូដល់ពាក់កណ្ដាលខែមេសា តម្លៃខ្ទឹមស្លឹក អាចធ្លាក់បន្តិច។ ដោយឡែក ចាប់ពីខែកក្កដា ដល់ខែវិច្ឆិកា ខ្ទឹមស្លឹក មានតម្លៃខ្ពស់ អាចលក់បានតម្លៃ ៣០០០រៀល ដល់ ១២០០០រៀល ក្នុងមួយគីឡូក្រាម។ នេះជាការបញ្ជាក់របស់លោក ងិន ហ៊ុន។
 
សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម មានទីតាំងស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ទោះបីបង្កើតរយៈពេល ១ឆ្នាំក្ដី តែសហគមន៍នេះមានសមាជិកកើនឡើងយ៉ាងរហ័ស ពី៣៦គ្រួសារ រហូត ១៤០គ្រួសារ ដោយមានការ គាំទ្រដោយអង្គការហេហ្វឺអន្តរជាតិកម្ពុជា ក្នុងគម្រោងលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច និងមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង។
 
ដ្បិតក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ តម្លៃកសិផលមិនទៀងទាត់ ប៉ុន្តែលោកប្រធានមន្ទីរកសិកម្ម បានអះអាងថា កសិករមិនមានបញ្ហាទីផ្សារនោះទេ ព្រោះសហគមន៍ជាអ្នកទទួលទិញកសិផលផ្ទាល់។ ទោះរដូវនេះកសិករបានចាប់ផ្ដើមធ្វើស្រែក៏ពិតមែន ប៉ុន្តែកសិករខ្លះនៅឆ្លៀតពេល ដាំបន្លែបន្ថែមនៅទីទួល ដើម្បីអាចរកចំណូលបន្ថែម៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com