ជាតិ
ក.ប.ប រកឃើញសាច់ និងប្រហិតខូចគុណភាពជិត ២តោន នៅស្រុកកំរៀង ខេត្តបាត់ដំបង
20, Jun 2021 , 5:24 pm        
រូបភាព
សាច់មាន់ ស្លាបមាន់ សាច់ជ្រូក គ្រឿងក្នុងជ្រូក និងប្រហិតចម្រុះ ខូចគុណភាពប្រមាណ ១,៩០០គីឡូក្រាម ត្រូវបានសមត្ថកិច្ចចាប់ និងដុតចោល ក្នុងខេត្តបាត់ដំបូង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។ រូបភាពពីហ្វេសប៊ុកផេក ប .ក.ក។
សាច់មាន់ ស្លាបមាន់ សាច់ជ្រូក គ្រឿងក្នុងជ្រូក និងប្រហិតចម្រុះ ខូចគុណភាពប្រមាណ ១,៩០០គីឡូក្រាម ត្រូវបានសមត្ថកិច្ចចាប់ និងដុតចោល ក្នុងខេត្តបាត់ដំបូង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។ រូបភាពពីហ្វេសប៊ុកផេក ប .ក.ក។
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ នៅថ្ងៃទី ១៩មិថុនា ឆ្នាំ២០២១នេះ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង បានដុតចោលសាច់មាន់ ស្លាបមាន់ សាច់ជ្រូក គ្រឿងក្នុងជ្រូក និងប្រហិតចម្រុះ ខូចគុណភាព ១,៩០០គីឡូក្រាម។ ទំនិញខូចគុណភាពទាំងនោះ នាំចូលពីក្រៅប្រទេស តាមច្រកព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង។



មន្ត្រីជំនាញ ក.ប.ប សន្និដ្ឋានថា ទំនិញទាំងនេះ ត្រូវបានរកឃើញនៅស្រុកកំរៀង ខេត្តបាត់ដំបង ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទាំងការដឹកជញ្ជូន ការវេចខ្ចប់ រួមទាំងសីតុណ្ហភាពទំនិញ។ សាច់ស្រស់ទាំងនោះ ត្រូវបានខូចគុណភាព គ្មានអនាម័យ ចម្លងមេរោគ ដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ 
 
លោក ហាក់ សុខរិន ប្រធានសាខា ក.ប.ប ខេត្តបាត់ដំបង ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២០មិថុនា ដូច្នេះថា៖ «អ្នកនាំចូល តៃកុងឡាន គឺខាងប៉ូលីស និងព្រះរាជអាជ្ញា គាត់កសាងសំណុំរឿងទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកខាងខ្ញុំជាអ្នកត្រួតពិនិត្យទំនិញទាំងនោះ។ យើងរកឃើញថាខូចគុណភាព ហើយខាងខ្ញុំស្នើសូមព្រះរាជអាជ្ញាដុតកម្ទេចចោល»។
 
លោក ហាក់ សុខរិន បន្តថា ក្រុមការងារជំនាញរបស់ ក.ប.ប នៅតែបន្តកិច្ចការស្រាវជ្រាវ តាមដាន ក្នុងការទប់ស្កាត់ ការនាំចូលនូវទំនិញដែលគ្មានគុណភាព ចូលមកកាន់ប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ៕
 
 

Tag:
 ThmeyThmey
  ទំនិញខូចគុណភាព
  បាត់ដំបង
 ក.ប.ប
© រក្សាសិទ្ធិដោយ thmeythmey.com