ជាតិ
សង្គមជាតិ
មនុស្ស៤នាក់ក្លែងជាមន្រី្តនគរបាល ជំរិតប្រាក់ពីពលរដ្ឋនៅភ្នំពេញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន
20, Jun 2021 , 6:39 pm        
រូបភាព
រូបពី៖ នគរបាលជាតិ
រូបពី៖ នគរបាលជាតិ
ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៤នាក់ ដែលក្លែងបន្លំ ជាមន្រី្តនគរបាល ដើម្បីចាប់ជំរិតទារប្រាក់ពលរដ្ឋនៅភូមិសាស្រ្តរាជធានីភ្នំពេញ។ ការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននេះ គឺស្ថិតនៅក្រោមការបញ្ជាដោយផ្ទាល់ ពី លោក នេត សាវឿន ដែលជាអគ្គស្នងការនគរបាលជាតិ។

 
បើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ការបញ្ជារបស់លោក នេត សាវឿន ឱ្យតាមចាប់ខ្លួនជនដែលក្លែងបន្លំជាមន្ត្រីនគរបាលនេះ គឺធ្វើឡើងបន្ទាប់ពី ទទួលបានដំណឹងថា មានក្រុមឆ្លៀតឱកាលសម្លុតទារប្រាក់ពលរដ្ឋ ធ្វើជាថ្នូរនៃការដោះលែង។
 
ជនសង្ស័យទាំង៤នាក់ ដែលក្លែងបន្លំជាមន្ត្រីនគរបាល ដើម្បីជំរិតទារប្រាក់ពីពលរដ្ឋនោះ មាន៣នាក់ ត្រូវបានចាប់ខ្លួន នាពីថ្ងៃទី១៧មិថុនា ឆ្នាំ២០២១ ដែលស្ថិតភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈម្នាក់ទៀត ត្រូវបានប៉ូលិសចាប់បាននៅថ្ងៃទី១៨មិថុនា។ការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ បានបន្តរៀបរាប់ដូច្នេះ៖«កាលពីថ្ងៃទី១៧មិថុនា សមត្ថកិច្ចមូលដ្ឋាន បានឃើញជនទាំងនោះចេញធ្វើសកម្មភាពរួមទាំងពាក់ឯកសណ្ឋាននគរបាល»។ 
 
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងនោះបានហើយ សមត្ថកិច្ចបានឃាត់បាននូវវត្ថុតាងជាច្រើនទៀតផងដែរ។ រួមមាន រថយន្ត ម៉ូតូ កាំភ្លើង ឯកសណ្ឋានមន្រី្តនគរបាល និងឧបករណ៍ធ្វើតេស្តសារធាតុញៀន ជាដើម។
បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ចូនអ្នកទាំង៤នាក់នោះទៅតុលាការ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com