ជាតិ
សុខភាព
ជនណាដែលលក់ឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ-១៩ ដោយគ្មានលេខបញ្ជិកា នឹងប្រឈមមុខច្បាប់
21, Jun 2021 , 1:59 pm        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុន និងសេវាសុខាភិបាលឯកជនទាំងឡាយណា ដែលចែកចាយលក់ ឧបករណ៍តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដោយគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល នឹងប្រឈមមុខច្បាប់។ នេះយោងតាមសេក្តីជូនដំណឹងក្រសួងសុខាភិបាល នាថ្ងៃទី២១ មិថុនា។

 
ការព្រមានរបស់ក្រសួងសុខាភិបាលនេះ  ធ្វើឡើងបន្ទាប់ពីរកឃើញម្ចាស់គណនីហ្វេសប៊ុកខ្លះ កំពុងផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដោយគ្មានលេខបញ្ជិកា និងពុំមានការទទួលស្គាល់ពីក្រសួង ។ ចំណែកសេវាសុខាភិបាលឯកជនមួយចំនួនទៀត ក៏កំពុងយកឧបករណ៍ទាំងនេះ ទៅធ្វើតេស្តជូនពលរដ្ឋយ៉ាងអនាធិបតេយ្យ ផងដែរ។

បើតាមក្រសួងសុខាភិបាល គណនីហ្វេសប៊ុកដែលបានផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩នោះ មាន៖ គណនីហ្វេសប៊ុកឈ្មោះបងប្រុស, Leng Kuchnika Pol, Srey Nit និង TMS-Trust Medical Servicesជាដើម។
 
« ឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលកំពុងចរាចរខាងលើនេះ គឺពុំមានការចុះបញ្ជីកាពីក្រសួងសុខាភិបាលនៅឡើយ។ ជាពិសេសឧបករណ៍តេស្តរហ័យរកកូវីដ-១៩នេះ ក៏ពុំទាន់មានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក(WHO)ដែរ ហើយលទ្ធផលដែលបានមកពីការប្រើប្រាស់តេស្តទាំងនេះ គឺមិនអាចជឿជាក់បានឡើយ»។ នេះបើតាមក្រសួងសុខាភិបាល ដែលបង្គាប់ឱ្យបុគ្គល និងម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ បញ្ឈប់ការផ្សព្វផ្សាយ ឬលក់ ឬប្រើប្រាស់តេស្តរហ័សទាំងនេះជាបន្ទាន់។ 
 


 
ក្រសួងសុខាភិបាល ព្រមានចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះសេវាសុខាភិបាលឯកជនណា ដែលនៅតែឆ្លៀតឱកាសប្រើប្រាស់ឧបករណ៍តេស្តរហ័ស រកអង់ទីគ័រការពារជំងឺកូវីដ-១៩នេះ ។
 
ដើម្បីជៀសវាងនូវការខាតបង់ប្រាក់កាស និងបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដែលធ្វើប៉ះពាល់ដល់ គោលនយោបាលរបស់រាជរដ្ឋាភិបាល ដែលកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសនោះ ក្រសួងសុខាភិបាលអំពាវនាវដល់សាធារណជនទាំងអស់ ត្រូវឈប់ជឿលើការឃោសនាកុហក បោកប្រាស់ និងបញ្ឈប់ជាបន្ទាន់ ចំពោះការប្រើប្រាស់តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលគ្មានលខបញ្ជិកាពីក្រសួង៕ 
 


 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com