ជាតិ
សុខភាព
រោគសញ្ញាទាំង ៩ ដែលមនុស្សភាគច្រើន អាចប្រឈមជំងឺគីសលើតម្រងនោម
24, Jun 2021 , 9:29 am        
រូបភាព
រូបភាព SLMA
រូបភាព SLMA
ជំងឺគីសលើតម្រងនោម គឺជាជំងឺដែលកើតឡើងដោយសារហ្សែនដំណើរការមិនប្រក្រតី ហើយបណ្តាលឱ្យមានពងទឹកនៅជុំវិញតម្រងនោម ដែលហៅថាគីស។ តាមការចុះផ្សាយរបស់ ទំព័រសុខភាពនៃទូរទស្សន៍CNN អ្នកកើតជំងឺគីសលើតម្រងនោម ជាធម្មតានឹងមានរោគសញ្ញាចំនួន៩។

 
ជាទូទៅ នៅដំណាក់កាលដំបូងនៃជំងឺគីសលើតម្រងនោម មិនមានអ្វីគួរឱ្យកត់សម្គាល់ប៉ុន្មានទេ ប៉ុន្តែនៅពេលដែលគីសកាន់តែធំឡើង អ្នកជំងឺនឹងចាប់ផ្តើមកត់សម្គាល់ រោគសញ្ញាបន្តិចម្តងៗ ដោយក្នុងនោះមានដូចជា៖

១. ទឹកនោមមានលាយឈាម
 
ឈាមលាយជាមួយទឹកនោម គឺជាការសម្គាល់មួយ និងដំបូងបង្អស់នៅពេលអ្នកមានជំងឺ មានគីសលើតម្រងនោម។ អ្នកជំងឺអាចសម្គាល់ពណ៌ទឹកនោមដែលមានលាយឈាមដូចជាពណ៌ក្រហម ឬផ្កាឈូកប្រឿងៗ។

២. ឈឺចាប់ផ្នែកពោះ
 
អ្នកកើតជំងឺគីសលើតម្រងនោម អាចឈឺខ្នង ចុកពោះ ចុកចង្កេះ និងអាចឈឺនៅត្រង់ តម្រងនោមនោះផ្ទាល់តែម្តង។ ជាធម្មតា ការឈឺចាប់នេះអាចបណ្តាលមកពីគីសរីកធំឡើង ហើយផ្ទុះបែក។
 
៣. សម្ពាធឈាមឡើងខ្ពស់
 
ភាគច្រើននៃអ្នកកើតជំងឺគីសលើតម្រងនោម សុទ្ធតែមានសម្ពាធឈាមឡើងខ្ពស់។ ការកើនឡើងសម្ពាធឈាមនេះ ទំនងជាវិវដ្ត ស្របទៅតាមការវិវដ្តនៃទំហំរបស់គីសលើតម្រងនោមទាំងនោះ។ ទោះយ៉ាងណា សម្ពាធឈាមឡើងខ្ពស់មិនមែន កើតលើតែអ្នកជំងឺគីសលើតម្រងនោមឡើយ។ ដូច្នេះ បើសិនជាអ្នកមានរោគសញ្ញា នេះ អ្នកគួរទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់។
 
៤. ឈឺក្បាល
 
អាការឈឺក្បាល ក៏ជារោគសញ្ញានៃជំងឺគីសលើតម្រងនោមមួយដែរ ដែលជាប់ទាក់ទងនឹងការកើនឡើងសម្ពាធឈាម។ ការឈឺក្បាល ជាសញ្ញានៃការចុះខ្សោយរបស់សរសៃអាក់ទែ ក្នុងខួរក្បាល ដែលជាផលវិបាកធំមួយនៃជំងឺគីសលើតម្រងនោម។
 
៥. ហើមពោះ
 
ការហើមពោះ អាចជារោគសញ្ញានៃជំងឺគីសលើតម្រងនោម។ នៅពេលដែលគីស កាន់តែកើតឡើងច្រើននៅលើផ្ទៃតម្រងនោម នោះតម្រងនោមរបស់អ្នកនឹងកាន់តែធំ ហើយធ្វើឱ្យទំហំពោះរីកធំទៅតាមនោះ។ 
 
៦. គ្រួសក្នុងតម្រងនោម
 
នៅពេលអ្នកមានជំងឺគីសលើតម្រងនោម អ្នកនឹងប្រឈមហានិភ័យនៃជំងឺគ្រួសក្នុង តម្រងនោមដែរ។ គីសនៅលើតម្រងនោម អាចធ្វើឱ្យស្ទះរន្ធបង្ហួរនោម ដែលធ្វើឱ្យទឹកនោម ស្តុកនៅក្នុងតម្រងនោមក្នុងរយៈពេលយូរ និងបង្កឱ្យកើតជាគ្រួសក្នុងតម្រងនោម។ 
 
៧. ការឆ្លងមេរោគលើបង្ហួរនោម
 
មានអ្នកជំងឺគីសលើតម្រងនោមប្រមាណពី ៣០ ទៅ ៥០ភាគរយ ដែលមានបញ្ហា ជាមួយបង្ហួរនោម ជាពិសេសចំពោះស្រ្តី។ ការឆ្លងមេរោគលើបង្ហួរនោម អាចធ្វើឱ្យអ្នកឈឺចាប់ពេលនោម និងមានអារម្មណ៍ថាចង់នោមញឹកញាប់ជាងធម្មតា។ 
 
៨. អស់កម្លាំង
 
ការអស់កម្លាំង គឺជារោគសញ្ញានៃជំងឺជាច្រើន ហើយវាក៏អាចជាដំណាក់កាល ដំបូងរបស់ជំងឺគីសលើតម្រងនោមដែរ។ ប្រសិនបើអ្នកបានកត់សម្គាល់ឃើញថា មានបញ្ហាដូចចំនុចទាំង៨ផ្សេងទៀត ហើយអស់កម្លាំងមិនដឹងមូលហេតុ ជាពិសេសមានប្រវត្តិគ្រួសារកើតជំងឺនេះ អ្នកត្រូវទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់។
 
៩. ញ័រ និងចុកដើមទ្រូង
 
ការចុកញ័រដើមទ្រូង ជាសញ្ញាបង្ហាញថាអ្នកអាចកើតជំងឺគីសលើតម្រងនោម។ មនុស្សម្នាក់ក្នុងចំណោម ៤នាក់ ដែលកើតជំងឺគីសលើតម្រងនោម ឆាប់ទទួលអារម្មណ៍ រំជើបរំជួល ធ្វើឱ្យញ័រទ្រូង និងអាចឈឺចាប់ត្រង់ដើមទ្រូងក៏មាន។ នេះបើតាមការអះអាង របស់សមាគមន៍មូលនិធិគាំទ្រជំងឺតម្រងនោមរបស់អាមេរិក។ 
 
ទាំងអស់នេះ គឺជារោគសញ្ញាដែលអ្នកជំងឺគីសលើតម្រងនោមភាគច្រើន តែងជួបប្រទះ។ ដូច្នេះ បើអ្នកសង្កេតឃើញមានអាការទាំងនោះ អ្នកត្រូវទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះការព្យាបាលទាន់ពេលវេលា អាចការពារផលវិបាកនៃជំងឺបានយ៉ាងច្រើន៕ 
 

Tag:
 ជំងឺគីស
© រក្សាសិទ្ធិដោយ thmeythmey.com