ជាតិ
តារាសម្ដែង អេដវីន ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន ក្រោយជាប់បណ្ដឹង២ករណី
24, Jun 2021 , 12:29 pm        
រូបភាព
លោក អេដវីន ដែលជាតារាសម្ដែងប្រឈមនឹងការជាប់ពន្ធនាគារ២ទៅ៥ឆ្នាំ។ (រូបពី កងរាជអាវុធហត្ថរាជធានីភ្នំពេញ)
លោក អេដវីន ដែលជាតារាសម្ដែងប្រឈមនឹងការជាប់ពន្ធនាគារ២ទៅ៥ឆ្នាំ។ (រូបពី កងរាជអាវុធហត្ថរាជធានីភ្នំពេញ)
ភ្នំពេញ៖ លោក អេដវីន ដែលជាតារាសម្ដែង ប្រឈមជាប់ពន្ធនាគារ ពីបទហិង្សាព្រឹត្តិដោយសហព័ទ្ធ ឬអនិតិសង្វាសជន និងបទធ្វើឲ្យខូចខាតដោយចេតនាលើទ្រសម្បត្ដិអ្នកដទៃ។ ក្រោមការពិនិត្យលើបទចោទទាំងពីរនេះ ចៅក្រមស៊ើបសួរបានស្រេចឃុំខ្លួនតារាសម្ដែងរូបនេះ ជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស។


បើតាមការចេញផ្សាយរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ រងពាក្យបណ្ដឹងពីបុគ្គល៣រូប។ បុគ្គលទី១ គឺអ្នកនាង សុទ្ធ បញ្ចកា ដែលជាអតីតសង្សាររបស់លោក អេដវីន ដោយប្ដឹងពីបទប្រើប្រាស់ហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ ក្នុងពាក្យបណ្ដឹងរបស់ អ្នកនាង បញ្ចកា បានសង្កត់ធ្ងន់ថា តារាសម្ដែងវ័យ២៦ឆ្នាំរូបនេះ តែងតែប្រើហិង្សាវាយដុំលើខ្លួន។ យ៉ាងណាក៏ដោយ អតីតសង្សាររូបនេះ សម្រេចដកពាក្យបណ្ដឹងវិញហើយ។ 
 
ប៉ុន្តែ លោក អេដវីន នៅជាប់ពាក្យបណ្ដឹងពីរទៀត គឺបណ្ដឹងរបស់ម្ដាយ អ្នកនាង បញ្ចកា ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបណ្ដឹងមួយទៀត ពីលោក ហ៊ាន រតនា ពីបទបង្ករបួសស្នាម ដែលវាយគ្នា នៅពេលកើតហេតុក្នុងផ្ទះរបស់ម្ដាយអ្នកនាង បញ្ចកា កាលពីថ្ងៃទី១៥ មិថុនា។ 
 
បន្ទាប់ពីស៊ើបសួរតាមពាក្យបណ្ដឹង ចៅក្រមស៊ើបសួរលោក សាន ប៊ុនធឿន  សម្រេចចេញដីការឃុំខ្លួនលោក អេដវីន ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី២៣ មិថុនា។ ការសម្រេចឃុំខ្លួននេះ គឺដើម្បីពិនិត្យនិងបន្តនីតិវិធីច្បាប់ ក្រោមបទចោទអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន និងបទធ្វើឲ្យខូចខាតដោយចេតនាលើទ្រព្យសម្បត្តិអ្នកដទៃ។ 
មាត្រា២២២ នៃក្រមព្រហ្មទណ្ឌ បទអំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានទៅ១០លានរៀល។ ចំណែក បទល្មើស ធ្វើឲ្យខូចខាតដោយចេតនា ក្នុងមាត្រា៤១០ បានចែងថា អំពើប្រព្រឹត្តដោយចេតនា ដោយបំផ្លិចបំផ្លាញ ធ្វើឲ្យទ្រុឌទ្រោម ឬធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ៤លានរៀល លើកលែងតែការខូចខាតមានលក្ខណៈស្រាល។ ប៉ុន្តែ បើតាមមាត្រា៤១១ បើករណីបទល្មើសធ្វើឲ្យខូចខាតដោយចេតនាលើទ្រព្យសម្បត្តិអ្នកដទៃនេះ ប្រព្រឹត្តទៅដោយមានបុគ្គលច្រើននាក់ ធ្វើសកម្មភាពឬសមគំនិត និងករណីមួយទៀត គឺប្រព្រឹត្តទៅក្នុងទីកន្លែងលំនៅដ្ឋាន នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងរងពិន័យពី៤លានរៀលទៅ១០លានរៀល៕ 
 
 
 
 

Tag:
 ហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com