ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
យុវជនវ័យ១៦ឆ្នាំម្នាក់ ជាកូនមន្រ្តីអតីតបក្សប្រឆាំង ត្រូវចាប់ខ្លួនពីបទញុះញង់និងប្រមាថមន្រ្តីរាជការ
25, Jun 2021 , 5:39 pm        
រូបភាព
យុវជន កាក់ សុវណ្ណច្ឆ័យ ពេលត្រូវចាប់ខ្លួន (រូបពីគណនីហ្វេសប៊ុករបស់លោក ហូ វ៉ាន់)
យុវជន កាក់ សុវណ្ណច្ឆ័យ ពេលត្រូវចាប់ខ្លួន (រូបពីគណនីហ្វេសប៊ុករបស់លោក ហូ វ៉ាន់)
ដោយ: ថ្មីៗ
យុវជន កាក់ សុវណ្ណច្ឆ័យ វ័យ១៦ឆ្នាំ ដែលជាកូនប្រុសរបស់លោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញខាងអតីតគណបក្សសង្គ្រោះជាតិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។



លោក សាន សុខសីហា ប្រាប់សារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី២៥ ខែមិថុនាថា យុវជន កាក់ សុវណ្ណច្ឆ័យ ត្រូវចាប់ខ្លួនពីបទល្មើសជាកស្តែងចំនួន២ គឺបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម និងបទប្រមាថមន្រ្តីរាជការសាធារណៈ។ លោក បញ្ជាក់ថា៖«យើង បញ្ជូនទៅតុលាការហើយ [នៅរសៀលថ្ងៃទី២៥ ខែមិថុនានេះ] សម្រេចយ៉ាងណា គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់តុលាការ»។
 
អ្នកនាំពាក្យនគរបាលរូបនេះ បន្តថា យុវជន កាក់ សុវណ្ណច្ឆ័យ បានឆ្លើយឆ្លងគ្នាក្នុងក្រុមតេឡេក្រាម ហើយការឆ្លើយឆ្លងនោះ ត្រូវសមត្ថកិច្ចបាន។ បើតាមអ្នកនាំពាក្យនគរបាលដដែល  ការឆ្លើយឆ្លងនោះ មានលក្ខណៈញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងមានលក្ខណៈប្រមាថមន្រ្តីរាជការសាធារណៈ។ 
 
លោក ពុំបានផ្តល់ព័ត៌មានបន្ថែមនោះទេថា កម្លាំងសមត្ថកិច្ច កំពុងតាមស៊ើបអង្កេតរកអ្នកផ្សេងទៀត ដែលឆ្លើយឆ្លងគ្នាតាមក្រុមតេឡេក្រាមឬយ៉ាងណា ដោយលោក គ្រាន់តែបញ្ជាក់ដដែលថា យុវជន កាក់ សុវណ្ណច្ឆ័យ ជាជនសង្ស័យម្នាក់ ដែលសមត្ថកិច្ច រកឃើញពីការប្រព្រឹត្តបទល្មើស ហើយក៏ត្រូវឃាត់ខ្លួន។  
 
វិទ្យុបារាំងអន្តរជាតិ (RFI) ស្រង់សម្តីរបស់អ្នកស្រី ព្រុំ ចាន់ថា ជាម្តាយរបស់យុវជន កាក់ សុវណ្ណច្ឆ័យ ថា សមត្ថកិច្ចជាង២០នាក់ បានចូលទៅចាប់វាយខ្នោះកូនប្រុសរបស់អ្នកស្រី ដល់ក្នុងផ្ទះ ស្ថិតនៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ រាជធានីភ្នំពេញ កាលពីម៉ោងជាង៨យប់ ថ្ងៃទី២៤ ខែមិថុនា ដោយមិនប្រាប់មូលហេតុ និងមិនបង្ហាញដីកាពីតុលាការឡើយ។
 
លោក ហូ វ៉ាន់ មន្រ្តីជាន់ខ្ពស់របស់អតីតគណសង្គ្រោះជាតិ ដែលកំពុងរស់នៅឯក្រៅប្រទេស បានបង្ហោះព័ត៌មានលើគណនីហ្វេសប៊ុកថា យុវជន កាក់ សវុណ្ណច្ឆ័យ គួរឲ្យអាណិតអាសូរណាស់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនជាលើកទី២។ លោក បានហៅការចាប់ខ្លួនយុវជន កាក់ សុវណ្ណច្ឆ័យ ដល់គេហដ្ឋានទាំងយប់បែបនេះ ថាជាការចាប់ខ្លួនទាំងកំរោល និងចង់ឈ្នះចាញ់លើយុវជនរូបនេះ ដែលគ្រាន់តែជាក្មេង។ 
 
លោក សរសេរថា៖«ខ្ញុំ សូមដោយទទូច សូមរដ្ឋបាលឯកបក្ស គោរពច្បាប់ការពារអនីតិជន ហើយដោះលែងកុមារា កាក់ សុវណ្ណច្ឆ័យ ឲ្យមានសេរីភាពឡើយវិញ និងសូមអំពាវនាវទៅអង្គការ UNICEF និង អង្គការ UNESCO ប្រចាំកម្ពុជា មេត្តាធ្វើអន្តរាគមន៍ដោះលែងកាក់ សុវណ្ណច្ឆ័យ ឲ្យមានសេរីភាពនិងគ្មានលក្ខខណ្ឌ។ សូមអង្គការជាតិនិងអន្តរជាតិ ជួយធ្វើអន្តរាគមន៍ដោះលែងកុមារា កាក់ សុវណ្ណច្ឆ័យ ឲ្យមានសេរីភាពជាបន្ទាន់»។
 
យុវជន កាក់ សុវណ្ណច្ឆ័យ ធ្លាប់ត្រូវចាប់ខ្លួនម្តងរួចមកហើយ កាលពីអំឡុងខែតុលា ឆ្នាំ២០២០ ដោយសារយុវជនរូបនេះ ចូលទៅក្នុងទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ ជាទីតាំង ដែលតុលាការបង្គាប់ឲ្យបិទ។ សមត្ថកិច្ច ឃាត់ខ្លួនយុវជនរូបនេះ ដោយសំអាងថា ខ្លាចបាត់របស់របរ និងសម្ភារផ្សេងៗក្នុងទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ កាលនោះ សមត្ថកិច្ច ពុំបានបញ្ជូនយុវជនរូបនេះ ទៅតុលាការដូចលើកនេះឡើយ ដោយបានដោះលែងវិញ បន្ទាប់ពីសួរនាំរួច និងរកឃើញថា មិនមានបាត់សម្ភារអ្វីនៅក្នុងទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិនោះទេ។ 
 
លោក កាក់ កុម្ភារ ឪពុករបស់យុវជន កាក់ សុវណ្ណច្ឆ័យ ជាប់ឃុំក្នុងពន្ធនាគារព្រៃស តាំងពីខែឧសភា ឆ្នាំ២០២០មក ក្រោមបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ អ្នកស្រី ព្រុំ ចាន់ថា ជាភរិយារបស់លោក កាក់ កុម្ភារ និងស្រ្តីផ្សេងទៀត ដែលហៅថាក្រុមស្រ្តីថ្ងៃសុក្រ តែងនាំគ្នាចេញតវ៉ានៅរៀងរាល់ថ្ងៃសុក្រ ឲ្យតុលាការដោះលែងស្វាមីនិងសាច់ញាតិរបស់ពួកគាត់ ដែលភាគច្រើនជាអតីតមន្រ្តីគណបក្សសង្គ្រោះជាតិ។ 
 
ជាក់ស្តែង នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមិថុនានេះ ក្រុមស្រ្តីថ្ងៃសុក្រ ដោយមានវត្តមានម្តាយរបស់យុវជន កាក់ សុវណ្ណច្ឆ័យ ដែរនោះ បាននាំគ្នាយកញាត្តិទៅដាក់នៅស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យដោះលែងយុវជន កាក់ សុវណ្ណច្ឆ័យ រួមទាំងស្វាមី និង សាច់ញាតិរបស់ពួកគាត់៕

Tag:
 កាក់ សុវណ្ណច្ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com