ជាតិ
សង្គមជាតិ
អ្នកជំនាញ៖ អ្នកចិញ្ចឹមជ្រូកគួរកំណត់អាយុលក់ជ្រូកឱ្យបានត្រឹមត្រូវ ដើម្បីទទួលផលចំណេញខ្ពស់
27, Jun 2021 , 7:59 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ អ្នកជំនាញផ្នែកចិញ្ចឹមសត្វ ណែនាំឱ្យកសិករចិញ្ចឹមជ្រូក គួរលក់ជ្រូកនៅអាយុ ៥ខែ ព្រោះស្របនឹងតម្រូវការទីផ្សារ និងអាចទទួលបានផលចំណេញខ្ពស់។ បើតាមលោក រស់ ឆាំងគី អតីតនិស្សិតបសុពេទ្យនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជ្រូកដែលមានអាយុ ៥ខែ មានសាច់គុណភាពល្អ ជាងជ្រូកនៅអាយុក្រោម ៥ខែ ឬលើសនេះ។



លោក រស់ ឆាំងគី ជាអតីតនិស្សិតបសុពេទ្យនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបញ្ចប់បរិញ្ញាបត្រផ្នែកបសុពេទ្យនៅឆ្នាំ២០១៥។ បច្ចុប្បន្ន លោក ឆាំងគី ជាភ្នាក់ងារពេទ្យសត្វ របស់ក្រុមហ៊ុនឯកជនមួយ នៅក្នុងស្រុក។ លោក ឆាំងគី តែងចែករំលែកបច្ចេកទេសចិញ្ចឹមសត្វ បញ្ហា និងដំណោះស្រាយ ទាក់ទងការចិញ្ចឹមសត្វនៅលើទំព័រហ្វេសប៊ុករបស់លោកឈ្មោះថា អ្នកឯកទេសចិញ្ចឹមសត្វកម្ពុជា-រស់ ឆាំងគី ដែលមានចំនួនអ្នកគាំទ្រជាង ១០ម៉ឺននាក់។

ទាក់ទងនឹងការចិញ្ចឹមជ្រូក អ្នកជំនាញផ្នែកចិញ្ចឹមសត្វរូបនេះថា កសិករមិនចេះតែលក់ជ្រូកនោះទេ បើសិនជ្រូកមិនទាន់ដល់អាយុលក់ ឬជ្រូកលើសអាយុដែលបានកំណត់។ ជ្រូកចិញ្ចឹមដែលបានកំណត់អាយុសម្រាប់លក់ត្រឹមត្រូវ មានគុណភាពល្អ និងមានតម្រូវការទីផ្សារ។
លោក រស់ ឆាំងគី
លោក រស់ ឆាំងគី លើកឡើងដូច្នេះ៖ «ជ្រូកលក់នៅអាយុ ៥ខែ ចំណេញច្រើនជាងជ្រូកដែលលក់នៅអាយុ ៣ខែកន្លះ ឬ៤ខែ។ ព្រោះសាច់ជ្រូកមានគុណភាពល្អ សាច់មានទម្ងន់ មានពណ៌ក្រហមស្រស់ មិនស្លេក និងគ្មានជាតិទឹក ត្រូវនឹងតម្រូវការទីផ្សារ»។

ការកំណត់អាយុកាលជ្រូកត្រឹមត្រូវ កសិករ នឹងអាចកាត់បន្ថយថ្លៃដើម ថែមទាំងអាចចំណេញច្រើនពីការចិញ្ចឹមជ្រូក។ ក្រៅពីកំណត់អាយុលក់ជ្រូកបានត្រឹមត្រូវ កសិករគួរផ្ដល់ចំណី និងមើលថែជ្រូកឲ្យបានល្អ។ ជាមួយគ្នានេះ ការប្រើប្រាស់ចំណីដែលផ្សំដោយខ្លួនឯង នឹងជួយឱ្យកសិករកាត់បន្ថយថ្លៃចំណាយផងដែរ។

លោក ឆាំងគី បន្តថា នៅពេលជ្រូកមានអាយុ ៤ខែ ការលូតលាស់របស់វាលឿន ធ្វើឱ្យអត្រាសេដ្ឋកិច្ចដែលកសិករទទួលបានខ្ពស់ ហើយជ្រូក មានអាយុ ៥ខែ ល្មមនឹងចាប់លក់។ លោក ពន្យល់បែបនេះ៖ «ជាទូទៅនៅពេលជ្រូកអាយុ ៤ខែ វាស៊ីចំណីអស់ ២-២.៥ គីឡូ ក្នុងមួយថ្ងៃ។ ហើយវាកើនបានសាច់ ចន្លោះពី ៨ខាំ ទៅ ១គីឡូក្រាម ក្នុងមួយថ្ងៃ។ បើវាស៊ីចំណីអស់ ២គីឡូក្រាម(ចំណី១គីឡូក្រាម តម្លៃ ២០០០រៀល) គិតជាទឹកប្រាក់អស់ ៤០០០រៀល។ ក្នុងមួយថ្ងៃវាកើនសាច់បាន ១គីឡូក្រាម(ជាមធ្យមជ្រូករស់១គីឡូក្រាម តម្លៃ ១២០០០រៀល) ដូច្នេះយើងចំណេញ ៨០០០រៀល ក្នុងមួយថ្ងៃ»។

ជ្រូកដែលមានអាយុក្រោម ៥ខែ មិនសូវមានការពេញនិយម ព្រោះគុណភាពសាច់ជ្រូកមិនសូវល្អ សាច់ជ្រូកមានសភាពជ្រាយ សម្បូរជាតិទឹកច្រើន សាច់មិនសូវក្រហម ថែមទាំងមិនត្រូវស្ដង់ដា។ បើតាមអ្នកស្រុកកៀនស្វាយ ខេត្តកណ្ដាលរូបនេះ ជាមធ្យមជ្រូក ដែលមានស្តង់ដា ឈ្មួញចូលចិត្តទិញ គឺជ្រូកមានអាយុ ៥ខែ ឬលើស ៥ខែតិចតួច ដែលមានទម្ងន់ចាប់ពី ១០០គីឡូក្រាម ដល់ ១២០គីឡូក្រាម៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com