ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍ មិនតម្រូវឱ្យម្ចាស់អាជីវកម្មដឹកជញ្ជូន សុំអាជ្ញាប័ណ្ណទៀតឡើយ
27, Jun 2021 , 8:30 am        
រូបភាព
 រូបភាពពី កោះស្ដេច-Koh Sdach
រូបភាពពី កោះស្ដេច-Koh Sdach
ដោយ:
 
ភ្នំពេញ៖ ម្ចាស់អាជីវកម្មដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក ក្នុងវិស័យទេសចរណ៍ មិនតម្រូវឱ្យសុំអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍ទៀតទេ ដោយម្ចាស់អាជីវកម្មគ្រាន់តែមានលិខិតអនុញ្ញាតដឹកជញ្ជូនពីក្រសួងសាធារណការ និងដឹកជញ្ជូនប៉ុណ្ណោះ។ បើតាមលោក តុប សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ការបញ្ឈប់ចេញអាជ្ញាប័ណ្ណនេះ គឺដើម្បីកាត់បន្ថយការចំណាយរបស់ម្ចាស់អាជីវកម្ម។



យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ តទៅ ម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ផ្លូវទឹក ដែលមានលិខិតអនុញ្ញាតដឹកជញ្ជូនពីក្រសួងសាធារណការ អាចប្រកបអាជីវកម្មរបស់ខ្លួនបាន ដោយមិនត្រូវការអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍ទៀតទេ។

លោក តុប សុភ័ក្ត្រ បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖ « យើងកែប្រែខុសពីមុន ពេលម្ចាស់អាជីវកម្មមានលិខិតអនុញ្ញាតពីក្រសួងសាធារណការ ហើយត្រូវសុំអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍ទៀត ដែលបញ្ជាក់ពីគុណភាពសេវាកម្ម។ ប៉ុន្តែតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល យើងកាត់បន្ថយការចំណាយរបស់អ្នករកស៊ី អ៊ីចឹងឱ្យតែគាត់មានលិខិតអនុញ្ញាពីក្រសួងសាធារណការ គាត់អាចរកស៊ីបានហើយ »។

រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បន្ថែមទៀតថា ទោះមិនមានអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍ទៀត ប៉ុន្តែម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរណ៍ នៅតែអាចចូលរួមវគ្គបណ្ដុះបណ្ដាល និងប្រកួតប្រណាំងក្នុងកម្មវិធីផ្សេងៗរបស់ក្រសូងទេសចរណ៍បានផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com