ជាតិ
សង្គមជាតិ
រៀនត្រឹមថ្នាក់ទី១១ ស៊ុនបញ្ញា ប្រើលុយសន្សំ៤០០ដុល្លារ បង្កើតរ៉ូបូតដឹកអីវ៉ាន់ដោយខ្លួនឯង
27, Jun 2021 , 8:59 am        
រូបភាព
 
ភ្នំពេញ៖ យុវជន គា ស៊ុនបញ្ញា ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យសន្ធរម៉ុក បានបង្កើតរ៉ូបូតយ៉ាងជោគជ័យ ដែលមានសមត្ថភាពដឹកអីវ៉ាន់ដោយការបញ្ជាពីចម្ងាយ។ រ៉ូបូតនេះ អាចផ្ទុកទំនិញបាន១០គីឡូ និងធ្វើដំណើរបានចម្ងាយ១គីឡូម៉ែត្រ។


រូបថត និងវីដេអូនៃការបញ្ជារ៉ូបូត របស់ស៊ុនបញ្ញា ដែលត្រូវបានបងស្រីយុវជនរូបនេះ បង្ហោះលើហ្វេសប៊ុក អមដោយការពិពណ៌នាអំពីមោទកភាព ចំពោះប្អូនប្រុសក្នុងការផលិតរ៉ូបូតដោយជោគជ័យ។ អ្នកប្រើប្រាស់បណ្ដាញសង្គម បានចែករំលែកវីដេអូនេះ រហូតដល់ទៅ១,៤ពាន់គណនី។  «កោតសរសើរ គំនិត និងសមត្ថភាពប្អូន។ មានទេពកោស្យ និងភាពប៉ិនប្រសប់ក្នុងការច្នៃប្រឌិត»។ នេះជាសំណេរអមជាមួយការចែករំលែកដែលសារព័ត៌មានថ្មីៗ២៥ បានដកស្រង់ចេញពី គណនីមួយចំនួនក្នុងចំណោមអ្នកចែករំលែកទាំង ១,៤ពាន់គណនី។

រ៉ូបូតពណ៌ស មានបំពាក់ ដោយកង់បួនអាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយតាមការបញ្ជាពីចម្ងាយ។ រ៉ូបូតនេះ មានរូបរាង៤ជ្រុង ទំហំ៦៥ គុណនឹង៤៥សង់ទីម៉ែត្រ និងកម្ពស់៦៥ សង់ម៉ែត្រ។ ខាងមុខមានភ្នែកពីរ និងភ្លើងសញ្ញាបត់ឆ្វេងសាំ ហើយផ្នែកខាងក្នុង គឺមានទំហំធំល្មមសម្រាប់ដាក់ទំនិញបានដល់១០គីឡូក្រាម ហើយមានគម្របបិទបើកយ៉ាងទំនើប។ គ្រឿងបង្គំ ធ្វើឡើងដោយកាបូន និងដែក។    

មានវ័យ១៦ឆ្នាំ យុវជន ស៊ុនបញ្ញា មានចំណូលចិត្តខាងបច្ចេកវិទ្យា តាំងពីវ័យកុមារមកម្លេះ ប៉ុន្តែបញ្ញា មិនទាន់ឆ្លងកាត់រៀនជំនាញពីសាលា តែយុវជនរូបនេះបានតាំងចិត្តបង្កើតរ៉ូបូតនេះឡើង ក្នុងគោលបំណងចង់ប្រើប្រាស់រ៉ូបូតនេះ ដើម្បីកាត់បន្ថយការជួបផ្ទាល់ពេលទិញទំនិញ នៅជិតៗផ្ទះ ដើម្បីការពារការឆ្លងនៃជំងឺកូវីដ-១៩ ។ ម៉្យាងទៀត ស៊ុនបញ្ញា ចាត់ទុកការផលិតរ៉ូបូតនេះ ជាបទពិសោធន៍ និងអនុស្សាវរីយ មុនខ្លួនបញ្ចប់ថ្នាក់វិទ្យាល័យ។ « បើទោះខ្ញុំរៀនវិទ្យាល័យ ឱ្យតែយើងមានគំនិតធ្វើ ខ្ញុំអាចស្រាវជ្រាវតាមអ៊ីធឺណែតខ្លះ និងតាមយូធូបខ្លះ»។ នេះជាការបញ្ជាក់ របស់ យុវជន ស៊ុនបញ្ញា។  

បើតាម ស៊ុនបញ្ញា ការបង្កើតរ៉ូបូតនេះ ត្រូវចំណាយរយៈពេល៣ខែ និងចាយថវិកាអស់៤០០ដុល្លារ ដែលជាលុយសន្សំរបស់ខ្លួនផ្ទាល់។ ដ្បិតឆ្លងកាត់ការបង្កើតរ៉ូបូតដំបូងដោយជោគជ័យ យុវជនរូបនេះ ទទួលស្គាល់ថា រ៉ូបូតខ្លួននៅមានចំណុចខ្វះខាតមួយចំនួន ដូចជាកង់ដំណើរការមិនទាន់បានល្អ ។

តាមគម្រោង ស៊ុនបញ្ញា ចង់ឱ្យរ៉ូបូតនេះ អាចដឹកទំនិញបានពី៣០ទៅ៤០គីឡូក្រាម តែដោយរ៉ូបូត មានទម្ងន់ធ្ងន់ពេក ទើបអាចផ្ទុកអីវ៉ាន់បានត្រឹម១០គីឡូក្រាមប៉ុណ្ណោះ។ ស៊ុនបញ្ញា បានរៀបរាប់ដូច្នេះ៖ «ខ្ញុំសប្បាយចិត្តដែលអាចបង្កើតរ៉ូបូតនេះបាន ប៉ុន្តែមានលក្ខណៈខ្វះខាតច្រើន ខ្ញុំចង់រៀនសូត្របន្ថែមឱ្យបានច្រើន ដើម្បីបង្កើតឱ្យល្អជាងហ្នឹង»។  

ក្រោយបញ្ចប់ការបង្កើតរ៉ូបូតលើកដំបូងនេះហើយ ស៊ុនបញ្ញា ចង់បង្កើតរ៉ូបូតបន្ថែមទៀត តែយុវជនរូបនេះ ចាំរៀនចប់វិទ្យាល័យសិន ព្រោះបច្ចុប្បន្នបញ្ញា កំពុងរវល់ចំពោះការរៀនត្រៀមឈានចូលថ្នាក់ទី១២។ បន្ទាប់ពីចប់បាក់ឌុប យុវជនរូបនេះ ចង់រៀនជំនាញមេកានិក ត្រូវនឹងចំណូលចិត្តខ្លួន ដែលចង់ក្លាយជាវិស្វករមេកានិក៕    


 

 

© រក្សាសិទ្ធិដោយ thmeythmey.com