COVID-19
ជាតិ
ត្បូងឃ្មុំមាន១០៥នាក់ជាចំនួនឆ្លងច្រើនបំផុត ខណៈបន្ទាយមានជ័យ៦៣នាក់ កំពង់ចាម៥១នាក់
01, Jul 2021 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
ខេត្តត្បូងឃ្មុំ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០៥នាក់ នៅថ្ងៃទី៣០មិថុនា ដែលជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុតសម្រាប់ខេត្តនេះ។ ចំណែកឯខេត្តបន្ទាយមានជ័យ ក៏បន្តមានអ្នកវិជ្ជមាន ៦៣នាក់បន្ថែមដែរ ខណៈអ្នកសះស្បើយមាន៣៨នាក់។ ខេត្តកំពង់ចាម មានករណីថ្មី ៥១នាក់ ជា៣២នាក់ និងស្លាប់២នាក់បន្ថែម។

 
ត្បូងឃ្មុំ៖ ១០៥នាក់ ជាចំនួនឆ្លងច្រើនបំផុត
 
ខេត្តត្បូងឃ្មុំ បានកត់ត្រាចំនួនអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុត គឺដល់ទៅ១០៥នាក់ នៅថ្ងៃទី៣០ ខែមិថុនា។ ទន្ទឹមនឹងនេះ ក៏មានអ្នកជាសះស្បើយចំនួន ៣នាក់ផងដែរ។ តាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំងជាង ១០០នាក់នោះ ភាគច្រើននៅជាពលរដ្ឋរស់នៅឃុំជប់ និងឃុំមង់រៀវ នៃស្រុកត្បូងឃ្មុំ និងពលរដ្ឋនៅឃុំមេមត់ នៃស្រុកមេមត់។ ក្រៅនេះមាននៅស្រុកអូររាំងឪ, ពញាក្រែក, ក្រូចឆ្មារ , តំបែរ និងក្រុងសួង។ អាជ្ញាធរខេត្តត្បូងឃ្មុំ មិនបញ្ចេញតួលេខអ្នកឆ្លងសរុប អ្នកជាសះស្បើយ និងចំនួនអ្នកដែលបានស្លាប់ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួននោះទេ។
 
បន្ទាយមានជ័យ៖ មាន៦៣នាក់ និងជាសះស្បើយ ៣៨នាក់
 
ក្នុងចំណោមអ្នកវិជ្ជមានថ្មីនោះ ភាគច្រើននៅក្រុងប៉ោយប៉ែត ហើយក្រៅពីនេះ គឺក្រុងសិរីសោភ័ណ ស្រុកថ្មពួក អូរជ្រៅ មង្គលបូរី និងស្រុកម៉ាឡៃ។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ៣៨នាក់បន្ថែមបានជាសះស្បើយផងដែរ។ 
 
កំពង់ចាម៖  ឆ្លងថ្មី ៥១នាក់ ជាសះស្បើយ៣២នាក់ និងស្លាប់២នាក់
 
មនុស្ស៥១នាក់ទៀត វិជ្ជមានកូវីដ-១៩ និងមាន៣២នាក់បន្ថែមបានជាសះស្បើយ។  ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានពលរដ្ឋដែលរស់នៅក្រុងកំពង់ចាម, ស្រុកកំពង់សៀម  កោះសូទិន  ចំការលើ  ស្រីសន្ធរ  ស្ទឹងត្រង់  បាធាយ  ព្រៃឈរ  ជើងព្រៃ និងស្រុកកងមាស ។ នៅខេត្តកំពង់ចាម មានអ្នកជំងឺស្ត្រី២នាក់បានស្លាប់ដោយសារកូវីដ-១៩ ក្នុងនោះម្នាក់អាំយុ ៦៦ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំត្រពាំងថ្ម ស្រុកជើងព្រៃ។ ចំណែកម្នាក់ទៀត វ័យ៦២ឆ្នាំ រស់នៅភូមិអណ្តូងផ្តៅ ឃុំថ្មពួន ស្រុកព្រៃឈរ។ 
 
ក្នុងចំណោមអ្នកឆ្លងសរុបនៅខេត្តកំពង់ចាម មានអ្នកជាសះស្បើយសរុប ១៣៧២នាក់ហើយ និងមានអ្នកជំងឺ៧៣៥នាក់ទៀតកំពុងសម្រាកព្យាបាល។ អាជ្ញាធរខេត្តកំពង់ចាម មិនបង្ហាញចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩នោះទេ។ 
 
កំពត៖ ៩២នាក់ ស្លាប់២នាក់ និងសះស្បើយ១២៧នាក់
 
រដ្ឋបាលខេត្តកំពតប្រកាសថា បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩២នាក់ទៀតនិងមានអ្នកជំងឺ១២៧នាក់ទៀតជាសះស្បើយ និង២នាក់ទៀតស្លាប់។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីភាគច្រើនជាពលរដ្ឋរស់នៅនៅស្រុកទឹកឈូ និងស្រុកកំពង់ត្រាច។ បន្ទាប់មកទៀត ជាអ្នកស្រុកបន្ទាយមាស ឈូក ជុំគិរី ក្រុងកំពត ស្រុកដងទង់ និងអង្គរជ័យ។ អ្នកជំងឺមួយចំនួនទៀត ជាពលរដ្ឋខេត្តកែប តាកែវ កំពង់ស្ពឺ ព្រះសីហនុ និងខេត្តកំពង់ចាម។ ចំពោះករណីស្លាប់ទាំង២នាក់ គឺសុទ្ធតែជាស្ត្រី ដោយម្នាក់អាយុ ៨១ឆ្នាំ រស់នៅភូមិកន្សោមអក ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស។ អ្នកស្លាប់ម្នាក់ទៀត អាយុ៨១ឆ្នាំដែរ ដែលមានទីលំនៅក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ។ 

ឧត្តរមានជ័យ៖មាន ៧៥នាក់បន្ថែម ក្នុងនោះ៦៩នាក់នាំចូលពីថៃ
 
មនុស្ស ៧៥នាក់ទៀត វិជ្ជមានកូវីដ-១៩ ក្នុងនោះ ៦៩នាក់ជាករណីនាំចូលពីប្រទេសថៃ។ ទន្ទឹមនឹងនេះ មាន៧នាក់បានជាសះស្បើយ។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ មានពលរដ្ឋនៅឧត្តរមានជ័យ បន្ទាយមានជ័យ ព្រៃវែង កំពង់ឆ្នាំង បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពត និងខេត្តកណ្តាល។ គិតត្រឹមថ្ងៃទី ៣០មិថុនា ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ៥៩២នាក់ ក្នុងនោះ ៥២៩នាក់ជាករណីនាំចូល។ អ្នកជំងឺ ១០៦នាក់ បានជាសះស្បើយ, ២នាក់ស្លាប់ និង៤៨៤នាក់ទៀតកំពុងសម្រាកព្យាបាល។ 
 
បាត់ដំបង៖ ឆ្លងថ្មី ៥៧នាក់ ក្នុងនោះ៤៥នាក់នាំចូលពីថៃ
 
ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង ៥៧នាក់នោះ មាន៤៥នាក់លើពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ ភាគច្រើនជាអ្នកស្រុកមោងឫស្សី និងពលរដ្ឋរស់នៅក្រុងបាត់ដំបង។ ស្រុកបាណន់ សង្កែ ឯកភ្នំ និងស្រុកថ្មគោល ក៏រកឃើញពលរដ្ឋមានតេស្តវិជ្ជមានកូវីដ-១៩ដែរ។  ជាមួយគ្នានេះ ក៏មានអ្នកជំងឺចំនួន ២០នាក់ផងដែរ បានជាសះស្បើយ។ បច្ចុប្បន្ន ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ-១៩ ចំនួន៩៤៦នាក់ ក្នុងនោះ៥៦៩នាក់ បានជាសះស្បើយ, ៦នាក់ស្លាប់ និង៣៧១នាក់ កំពុងសម្រាកព្យាបាល។
 
កោះកុង៖ មាន៥៥នាក់ទៀត ជាសះស្បើយ ១២នាក់
 
ខេត្តកោះកុង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៥នាក់ទៀត ដែលភាគច្រើនកើតលើពលរដ្ឋនៅស្រុកមណ្ឌលសីមា បន្ទាប់នៅស្រុកស្រែអំបិល ក្រុងខេមរភូមិន្ទ ស្រុកគិរីសាគរ និងបូទុមសាគរ។ ជាមួយគ្នានេះ ក៏មានអ្នកជំងឹ១២នាក់បានជាសះស្បើយផងដែរ។ 

សៀមរាប៖ ករណីថ្មី៥០នាក់ និង២៩នាក់ជាសះស្បើយ
 
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥០នាក់ទៀត និង២៩នាក់បន្ថែម បានជាសះស្បើយ។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះភាគច្រើននៅក្រុងសៀមរាប បន្ទាប់មកមាននៅស្រុកប្រាសាទបាគង, ស្រុកសូទ្រនិគម និងស្រុកបន្ទាយស្រី។ ក្រៅពីនេះមានអ្នកជំងឺមកពីកំពង់ចាម, ព្រះវិហារ និងឧត្តរមានជ័យ។ កាលពីថ្ងៃទី៣០មិថុនា អាជ្ញាធរខេត្ត បានសម្រេចបិទផ្សារកំពង់ក្តី ដែលស្ថិតក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង រយៈពេលពីរសប្តាហ៍ គឺចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា បន្ទាប់ បន្ទាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩។ 
ត្រឹមថ្ងៃទី៣០ ខែមិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១១៤៥នាក់ ក្នុងនោះ ៤៣៦នាក់ បានជាសះស្បើយ, ស្លាប់១១នាក់ និងអ្នកជំងឺ៦៩៨នាក់ កំពុងសម្រាកព្យាបាល។
 
កំពង់ធំ៖ ឆ្លងថ្មី៣៦នាក់ ស្លាប់២នាក់ និងជាសះស្បើយ ៣០នាក់
 
មនុស្ស ៣៦នាក់ទៀតបានឆ្លងកូវីដ-១៩ ខណៈអ្នកជាសះស្បើយចំនួន ៣០នាក់ និងមានអ្នកជំងឺ ២នាក់បានស្លាប់។ ក្នុងចំណោមអ្នកឆ្លងថ្មី ភាគច្រើនជាពលរដ្ឋនៅស្រុកស្ទោង។ ក្រៅពីនេះនៅក្រុងស្ទឹងសែន ស្រុកតាំងគោក សន្ទុក បារាយណ៍ និងស្រុកកំពង់ស្វាយ។ បច្ចុប្បន្ន ខេត្តកំពង់ធំ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៩២៣នាក់ ក្នុងនោះ៤៣៤នាក់បានជាសះស្បើយ ស្លាប់១០នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលមានចំនួន ៤៧៩នាក់។
 
ស្ទឹងត្រែង៖ ១០នាក់ទៀត ភាគច្រើននៅក្រុងស្ទឹងត្រែង
 
ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង ១០នាក់នោះ មាន៦នាក់នៅក្រុងស្ទឹងត្រែង និង៤នាក់ទៀតនៅស្រុកសេសាន។ បច្ចុប្បន្ន អ្នកវិជ្ជមានសរុបនៅខេត្តស្ទឹងត្រែង មាន២៦៤នាក់ ក្នុងនោះ១៦នាក់បានជាសះស្បើយ និង២៤៨នាក់ទៀតកំពុងសម្រាកព្យាបាល។ 
 
ក្រចេះ៖ មាន៨នាក់ទៀត និង១នាក់ជាសះស្បើយ
 
ក្នុងចំណោមករណីថ្មីទាង៨នាក់នោះ មាន៥នាក់ជាអ្នករស់នៅសង្កាត់រកាកណ្តាល និងសងា្កត់ក្រចេះ ក្រុងក្រចេះ។ ចំណែក៣នាក់ទៀតជាពលរដ្ឋរស់នៅឃុំសំបុក ស្រុកចិត្របូរី។ ជាមួយគ្នានេះ នៅខេត្តក្រចេះ ក៏មានអ្នកជំងឺម្នាក់បានជាសះស្បើយផងដែរ ជាក្មេងបុរសអាយុ១០ឆ្នាំ រស់នៅឃុំហាន់ជ័យ ស្រុកឆ្លូង។ 
 
ព្រះវិហារ៖ ករណីថ្មី៧នាក់ និងជាសះស្បើយ ៦នាក់
 
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧នាក់ នោះមាន៥នាក់រស់នៅស្រុកជាំក្សាន្ត , ១នាក់នៅក្រុងព្រះវិហារ និងម្នាក់ទៀតនៅស្រុកគូលែន។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ៦នាក់ផងដែរ បានជាសះស្បើយ។ ខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ៩៤នាក់ ក្នុងនោះ៤២នាក់បានជាសះស្បើយ និង៥២នាក់ទៀតកំពុងសម្រាកព្យាបាល។
 
ទូទាំងប្រទេស៖ ឆ្លងថ្មី៩៩៩នាក់ ជាសះស្បើយ៧១៥ នាក់ និងស្លាប់២៦នាក់
 
ក្រសួងសុខាភិបាល ប្រកាសថាមានមនុស្សចំនួន ៩៩៩នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ ១៣២នាក់ជាករណីនាំចូល។ អ្នកជាសះស្បើយ មាន៧១៥នាក់បន្ថែម និងអ្នកជំងឺ២៦នាក់ទៀតបានស្លាប់។ បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥១ ៣៨៤នាក់ ក្នុងនោះ២ ៦៨០នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន ៤៤ ៨៥៨នាក់ និងស្លាប់សរុប ៦២៨នាក់៕ 
 
 

Tag:
 កំពត
  ឧត្តរមានជ័យ
  បាត់ដំបង
 កោះកុង
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com