COVID-19
ជាតិ
សម្ដេច ហ៊ុន សែន៖ ត្រូវយក Rapid Test និងសម្ភារផ្សេងៗពីឃ្លាំងទៅប្រើ មិនមែនទុកដេកឱបនោះទេ
01, Jul 2021 , 2:04 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បញ្ជាឲ្យថ្នាក់ដឹកនាំក្រសួងសុខាភិបាល កែប្រែរបៀបធ្វើការងារឡើងវិញ ដោយពុំចាំបាច់សម្ដេចបញ្ជាគ្រប់ពេលឡើយ។ ការបញ្ជារបស់សម្ដេច ហ៊ុន សែន នេះក្រោយរកឃើញថា នៅតាមបណ្ដាខេត្តខ្វះសម្ភារប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយសារការសម្រេចចិត្តដ៏ខ្វះចន្លោះរបស់ក្រសួងសុខាភិបាល។

 


«មិនខុសពីឲ្យកងទ័ពចេញច្បាំង ខ្វះអាវុធនោះទេ»។ នេះជាប្រៀបធៀបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយមើលឃើញថា ថ្នាក់ដឹកនាំស្ថាប័នសុខាភិបាល រក្សាឧបករណ៍តេស្តរហ័ស (Rapid Test) និងសម្ភារសុខាភិបាលផ្សេងៗ ទុកក្នុងឃ្លាំងដោយមិនប្រើប្រាស់ ហើយចាំតែបញ្ជារបស់សម្តេច។
 
ថ្លែងក្នុងកិច្ចប្រជុំពិសេសជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលតាមប្រព័ន្ធវីដេអូ ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩ នៅថ្ងៃទី១កក្កដានេះ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ការទប់ស្កាត់ជំងឺកូវីដ-១៩ឲ្យទាន់ពេល គឺត្រូវរក ឲ្យឃើញអ្នកឆ្លង ឬអ្នកមានផ្ទុកកូវីដ-១៩ឲ្យបានឆាប់រហ័ស។ ដូច្នេះ ឧបករណ៍ធ្វើតេស្តកូវីដ-១៩រហ័ស គឺ ចាំបាច់បំផុត ដើម្បីពិនិត្យ មុននឹងក្រុមជំនាញរៀបចំវិធានការព្យាបាលតាមក្រោយ។ 
 
ផ្ទុយទៅវិញ សម្ដេច ហ៊ុន សែន បានរកឃើញថា នៅតាមបណ្ដាខេត្តខ្វះសម្ភារប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ពិសេស ឧបករណ៍ធ្វើតេស្តរហ័ស ខណៈសម្ភារទាំងនោះ មាននៅពេញឃ្លាំង។ នោះក៏ព្រោះតែបញ្ហា បំពេញការងាររបស់ថ្នាក់ដឹកនាំសុខាភិបាលជាតិ។
 
 «ក្រសួងសុខាភិបាលត្រូវមានការទទួលខុសត្រូវ ឲ្យច្បាស់ អត់មានគេឡើងមកសុំម្ដង ១ពាន់ (ឧបករណ៍ ធ្វើតេស្ត), សុំ២ពាន់ឲ្យគេមួយ១ពាន់ (ឆ្លើយថា)អត់ទេ! ថ្ងៃមុនខ្ញុំទូរស័ព្ទទៅលោកជំទាវ យក់ សម្បត្តិ (រដ្ឋលេខាធិការក្រសួងសុខាភិបាល) ខ្ញុំបានប្រាប់ ខ្ញុំថាខ្ញុំឲ្យទិញយកមក (ឧបករណ៍តេស្តរហ័ស) មិន មែនឲ្យទិញមកដេកឱបទេ!»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានតាមដាន និងសាកសួរជាមួយមន្រី្តតាមបណ្ដាខេត្ត ដោយភាគច្រើនពួកគេ បានស្នើសុំឧបករណ៍សុខាភិបាលហើយ តែមិនបានគ្រប់តម្រូវការជាក់ស្ដែង។ 
 
ដោយសារមើលឃើញបញ្ហានេះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឲ្យថ្នាក់ដឹកនាំសុខាភិបាល កែប្រែរបៀបធ្វើការទាំងនេះចេញ ។ «និយាយឲ្យច្បាស់ជាមួយគ្នា ពេលវេលានេះ មិនមែនពេលស្ដីបន្ទោសទេ ប៉ុន្តែវាជាពេលកែតម្រូវ។ សម្រាប់សម្ភារៈមានទុកក្នុងឃ្លាំងទុកធ្វើអី!?...ខ្ញុំស្រែកម្ដងចេញបានម្ដង ខ្ញុំស្រែកពីរដងចេញបានពីរដង!»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
ជាការសម្រេចដោយផ្ទាល់នោះ ប្រមុខរដ្ឋាភិបាល ក៏បានចេញបញ្ជាឲ្យមន្ត្រីសុខាភិបាល ទទួលបន្ទុកឃ្លាំងស្តុកសម្ភារៈសុខាភិបាល បញ្ចេញឧបករណ៍តេស្តរហ័ស រកកូវីដ-១៩ ចំនួន១លានគ្រឿង សម្រាប់ផ្តល់ឲ្យខេត្តមួយ នូវឧបករណ៍តេស្តរហ័ស១ម៉ឺនគ្រឿង។ 
 
នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ដូច្នេះ៖ «ខ្ញុំយកការសម្រេចដោយទទួលខុសត្រូវចំពោះប្រជាជាតិកម្ពុជា ដោយមិនទុកឲ្យផ្នែកសុខាភិបាល ពាំជាប់ជាមួយនឹងសតិអារម្មណ៍អភិរក្សនិយមគ្មានការប្រែប្រួលនោះទេ...។ ត្រូវតែផ្ដល់មធ្យោបាយការធ្វើតេសត្តរហ័សគ្រប់ច្រកទាំងអស់[...]សុំឲ្យយកចិត្តទុកដាក់ឲ្យច្បាស់ បើឲ្យធ្វើតេស្តរហ័ស ហើយប្រដាប់ធ្វើតេសត្តនៅក្នុងឃ្លាំងនៅភ្នំពេញ។ ខ្ញុំសូមនិយាយមិនមែនមានតែឧបករណ៍ធ្វើតេស្តរហ័សទេ(មានដទៃទៀត)»។ 
 
នៅថ្ងៃទី២ កក្កដានេះ ឧបករណ៍តេស្តរហ័សជាង១លានទៀត នឹងមកដល់កម្ពុជា ។ ចំណែកវ៉ាក់សាំង៥លានដូសទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី៦ និងទី១០ កក្កដា។ នេះបើតាមប្រមុខរដ្ឋាភិបាល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com