COVID-19
ជាតិ
ខែមិថុនា កម្ពុជារកឃើញអ្នកកើតកូវីដ-១៩ជាង២ម៉ឺននាក់ និងស្លាប់ជិត៤០០នាក់
01, Jul 2021 , 4:44 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្សជាង២ម៉ឺននាក់ត្រូវបានតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅកម្ពុជានាអំឡុងខែមិថុនា កន្លងមក ដែលក្នុងនោះជាង១៦០០នាក់នាំចូលពីបរទេស ជាពិសេសពីប្រទេសថៃ។ ក្រៅពីនេះ អ្នកសះស្បើយមានជាង២១០០០នាក់ និងស្លាប់ជិត៤០០នាក់។

 
 
របាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល គឺធ្វើឡើងមួយថ្ងៃក្រោយឃើញលទ្ធផលតេស្ត ដែលមានន័យថា លទ្ធផលចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា នេះ គឺផ្អែកតាមការរកឃើញកាលពីថ្ងៃទី៣០ ខែមិថុនា។ ករណីឆ្លងដែលតិចជាងគេនៅខែមិថុនា គឺកាលពីថ្ងៃទី១០ ដែលមាន៤២៦ករណី រីឯករណីច្រើនជាងគេ គឺកាលពីថ្ងៃទី២៩ ដែលមាន១១៣០នាក់ ហើយជាចំនួនដ៏ខ្ពស់បំផុតនៅកម្ពុជា។
 
ក្នុងចំណោមករណីឆ្លងជាង២ម៉ឺនករណីនៅខែមិថុនា ករណីនាំចូលជាពិសេសពីថៃក្នុងចំណោមពលករ មានពីជាង១០ ទៅជាង១០០ករណីជារៀងរាល់ថ្ងៃផងដែរ។ កាលពីថ្ងៃទី២៩ ខែមិថុនា ករណីនាំចូលមាន១៣៩ករណីក្នុងចំណោម១១៣០ករណី។
 
ថ្ងៃទី២៩ ខែមិថុនា ដដែល ជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនជាងគេដោយសារកូវីដ-១៩ នៅកម្ពុជា ដែលមាន២៧នាក់ ខណៈកាលពីថ្ងៃទី៣០ មាន២៦នាក់ ថ្ងៃទី១៩ មាន២០នាក់។ រយៈពេលជាង២សប្តាហ៍ចុងក្រោយនេះ ករណីស្លាប់មានលើសពី១០នាក់ជារៀងរាល់ថ្ងៃ។
 
ជាមួយគ្នានេះ ករណីសះស្បើយក៏មានចំនួនច្រើនផងដែរ គឺមានដល់២១ ៦១៥នាក់។ កាលពីថ្ងៃទី១៤ អ្នកសះស្បើយមាន១១០៩នាក់ ថ្ងៃទី៦ មាន១០៦៩នាក់។ និយាយរួមករណីសះស្បើយប្រចាំថ្ងៃមានយ៉ាងហោចណាស់ក៏ខ្ទង់៥០០នាក់ផងដែរ។ ក្នុងរយៈពេល៣០ថ្ងៃកន្លងមក មាន១៥ថ្ងៃ ដែលករណីសះស្បើយច្រើនជាងករណីឆ្លង។


 
សារព័ត៌មានថ្មីៗ មិនអាចក្តាប់បានរបាយការណ៍ទាក់ទងនឹងករណីលម្អិតនៅតាមបណ្តាខេត្តនោះឡើយ ជាពិសេសរាជធានីភ្នំពេញ និងខេត្តមួយចំនួនដោយសារតែរដ្ឋបាលខេត្ត លែងចេញផ្សាយរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន។ តាមលទ្ធផលកន្លងមក ខេត្តព្រះសីហនុ កណ្តាល និងបន្ទាយមានជ័យ នៅតែមានអត្រាឆ្លងខ្ពស់ ខណៈអ្នកជំងឺជាច្រើននៅឧត្តរមានជ័យ បាត់ដំបង សៀមរាប និងព្រៃវែង ភាគច្រើនជាពលករមកពីថៃ។
 
អ្វីដែលគួរឲ្យកត់សម្គាល់ និងគួរឲ្យបារម្ភនេះ ក្រសួងសុខាភិបាលក៏បានប្រកាសពីការរកឃើញអ្នកកើតកូវីដ-១៩ បំប្លែងថ្មី ដែលតា ជាង២០ករណីផងដែរ។ ពីកិច្ចប្រជុំតាមអនឡាញជាមួយមន្ត្រីរដ្ឋាភិបាល ដោយមានការផ្សាយបន្តផ្ទាល់ នៅថ្ងៃទី១ កក្កដា សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីសុខាភិបាល និងអាជ្ញាធរព្យាបាលអ្នកជំងឺកូវីដ-១៩ «ដែលតា» ដោយឡែក និងដាក់ចត្តាឡីស័ក២១ថ្ងៃ។ សម្ដេច ហ៊ុន សែន បញ្ជាក់ថា វីរុសបំប្លែងថ្មី «ដែលតា»នេះ ជាគ្រោះថ្នាក់ធំបំផុត ដែលត្រូវការយកចិត្តទុកដាក់ទប់ស្កាត់ឱ្យទាន់ពេលវេលា ដូច្នេះការព្យាបាល និងចត្តាឡីស័ក ក៏ត្រូវម៉ឺងមាត់លើអ្នកជំងឺកូវីដ-១៩ «ដែលតា»នេះ។
 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥១៣៨៤នាក់ ក្នុងនោះ២៦៨០នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន ៤៤៨៥៨នាក់ និងស្លាប់សរុប ៦២៨នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com