COVID-19
ជាតិ
ឧត្តរមានជ័យ ត្បូងឃ្មុំ កំពង់ចាម និងរតនគិរី នៅតែមានអ្នកឆ្លងខ្ពស់ និងមានអ្នកស្លាប់ដែរ
02, Jul 2021 , 6:19 pm        
រូបភាព
ដោយ: ថ្មីៗ
ខេត្តឧត្តរមានជ័យ បន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៧១នាក់ទៀត នៅថ្ងៃទី ១កក្កដា ក្នុងនោះ៦៣នាក់ជាករណីនាំចូលពីប្រទេសថៃ។ ចំណែកឯខេត្តត្បូងឃ្មុំ រកឃើញដល់ទៅ៨២នាក់ ខណៈកំពង់ចាមក្បែរខាង រកឃើញ៤២នាក់ និងមានអ្នកស្លាប់ ២នាក់។ រតនគិរី មាន៤០នាក់បន្ថែម ខណៈតាកែវ មានអ្នកជំងឺ៣នាក់បានស្លាប់។

 
ត្បូងឃ្មុំ៖ ឆ្លងថ្មី៨២នាក់ និង៥នាក់ជាសះស្បើយ
 
មនុស្ស៨២នាក់ទៀត វិជ្ជមានកូវីដ-១៩ និងមានអ្នកជាសះស្បើយចំនួន ៥នាក់បន្ថែម។ ក្នុងចំណោមនោះ មានពលរដ្ឋរស់នៅក្រុងសួង, ត្បូងឃ្មុំ , ពញាក្រែក, ក្រូចឆ្មារ,មេមត់ និងស្រុកអូររាំងឪ។ 
 
ឧត្តរមានជ័យ៖ មាន៧១នាក់ទៀត ក្នុងនោះជាង៦០នាក់នាំចូលពីថៃ
 
ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង ៧១នាក់ មាន៦៣នាក់ហើយដែលជាករណីនាំចូលពីប្រទេសថៃ។ ក្រៅពីអ្នកឆ្លងថ្មី ក៏មានអ្នកជំងឹ ១៤នាក់បន្ថែមបានជាសះស្បើយដែរ។ អ្នកដែលវិជ្ជមានទាំងនោះ ជាអ្នករស់នៅក្នុងខេត្តឧត្តរមានជ័យ , បន្ទាយមានជ័យ ,បាត់ដំបង, ព្រៃវែង, ត្បូងឃ្មុំ, ព្រះវិហារ, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ធំ, កំពង់ចាម និងខេត្តតាកែវ។ បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងថ្មីសរុប ៦៦២នាក់ ក្នុងនោះ៥៩០នាក់ជាករណីនាំចូល។ អ្នកជំងឺ១២០នាក់បានជាសះស្បើយ ២នាក់ស្លាប់ និងលកំពុងសម្រាកព្យាបាលមានចំនួន ៥៤០នាក់។
 
កំពង់ចាម៖ រកឃើញ៤៣នាក់ និងស្លាប់២នាក់
 
មនុស្ស ៤៣នាក់ទៀត បានឆ្លងកូវីដ-១៩ ខណៈអ្នកជំងឺ ២នាក់បានស្លាប់ សុទ្ធតែជាស្ត្រី។ ក្នុងចំណោមអ្នកឆ្លងថ្មី ភាគច្រើននៅស្រុកជើងព្រៃ បាធាយ កងមាស និងស្រុកព្រៃឈរ។ ក្រៅពីនេះ ក៏មានអ្នកឆ្លងថ្មីដែលរស់នៅក្រុងកំពង់ចាម កំពង់សៀម និងស្រុកស្រីសន្ធរ។ អ្នកជំងឺ២នាក់មកពីខេត្តកំពង់ធំ និង២នាក់ទៀតមកពីខេត្តត្បូងឃ្មុំ។ ចំពោះអ្នកស្លាប់ទាំង២នាក់វិញ គឺម្នាក់មានវ័យ ៦២ឆ្នាំ រស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ និងម្នាក់ទៀតអាយ៥២ឆ្នាំ រស់នៅភូមិព្រៃចារក្នុង ឃុំព្រៃចារ ស្រុកជើងព្រៃ។ 
 
រតនគិរី៖ ករណីថ្មី៤០នាក់ សះស្បើយ ៣៤នាក់
 
ខេត្តរតនគិរី បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤០នាក់ទៀត ខណៈអ្នកជំងឺ ៣៤នាក់ បានជាសះស្បើយ។ រដ្ឋបាលខេត្ត មិនលម្អិតបង្ហាញអត្តសញ្ញាណរបស់អ្នកឆ្លងកូវីដ-១៩នោះទេ ដោយគ្រាន់បង្ហារបាយការណ៍សង្ខេបសរុបប៉ុណ្ណោះ។ គិតត្រឹមថ្ងៃទី១ កក្កដា ខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ៥០៥នាក់ ក្នុងនោះ៦១នាក់បានជាសះស្បើយ អ្នកស្លាប់មាន៤នាក់ និង៤៤០នាក់ទៀតកំពុងសម្រាកព្យាបាល។ 
 
កំពង់ឆ្នាំង៖ រកឃើញ២០នាក់បន្ថែមទៀត និង៨នាក់ជាសះស្បើយ
 
ក្នុងចំណោមករណីថ្មីទាំង ២០នាក់នោះ ភាគច្រើនជាពលរដ្ឋរស់នៅសង្កាត់ផ្សារឆ្នាំង និងសង្កាត់ប្អេរ ទីរួមខេត្តកំពង់ឆ្នាំង។ ១នាក់នៅស្រុករលាប្អៀរ និង១នាក់ទៀតនៅស្រុកបរិបូណ៌។ ក្រៅពីករណីថ្មី ក៏មានអ្នកជំងឺ ៨នាក់បានជាសះស្បើយផងដែរ។ គិតត្រឹមថ្ងៃទី១ កក្កដា ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៦០៤នាក់ ក្នុងនោះ៣៨៣នាក់បានជាសះស្បើយ ១២នាក់ស្លាប់ និង២០៩នាក់ទៀត កំពុងសម្រាកព្យាបាល។
 
តាកែវ៖ មានករណីស្លាប់៣នាក់
 
រដ្ឋបាលខេត្តតាកែវ បានប្រកាសថា មានមនុស្ស៣នាក់បានស្លាប់ដោយសារ ជំងឺកូវីដ-១៩។ អ្នកស្លាប់ទាំង៣នាក់នេះ មានម្នាក់ជាបុរសវ័យ៧០ឆ្នាំ រស់នៅភូមិត្រពាំងស្នោ ឃុំអង្គកែវ ស្រុកទ្រាំង។ ម្នាក់ទៀតជាស្ត្រីវ័យ ៦៥ឆ្នាំ រស់នៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ និងម្នាក់ទៀតជាស្ត្រីវ័យ ៦៥ឆ្នាំ រស់នៅភូមិ ត្រពាំងឈូក ឃុំរវៀង ស្រុកសំរោង។ 
 
ទូទាំងប្រទេស៖ឆ្លងថ្មី ៩៦៦នាក់ទៀត ខណៈអ្នកស្លាប់មាន ៣២នាក់
 
ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែកក្កដានេះ ប្រកាសថា មានមនុស្សចំនួន ៩៦៦នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ ១៩៣ នាក់ជាករណីនាំចូល។ អ្នកជាសះស្បើយ មាន៦៥០ នាក់បន្ថែម និងស្លាប់មាន៣២នាក់។  មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥២៣៥០នាក់ ក្នុងនោះ  ២៨៧២ នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន ៤៥ ៥០៨ នាក់ និងស្លាប់សរុប ៦៦០ នាក់៕
 
កំពត៖ ១៣៣នាក់បន្ថែម ភាគច្រើនជាកម្មកររោងចក្រ
 
មនុស្ស ១៣៣នាក់ទៀត វិជ្ជមានកូវីដ-១៩ ភាគច្រើនជាកម្មករោងចក្រ។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ មានអ្នករស់នៅក្រុងកំពត ស្រុកកំពង់ត្រាច ដងទង់ បន្ទាយមាស ទឹកឈូ ឈូក និងស្រុកអង្គរជ័យ។ អ្នកជំងឺមួយចំនួនទៀត ជាអ្នកខេត្តកែប តាកែវ បាត់ដំបង ព្រះសីហនុ កណ្តាល និងខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នខេត្តកំពតមានអ្នកឆ្លងកូវីដ-១៩ សរុប ១៦៥២នាក់ ក្នុងនោះ ៩៥៣នាក់ នាក់បានជាសះស្បើយ ១៧នាក់ស្លាប់ និងមានអ្នកជំងឺ ៦៨២នាក់ កំពុងសម្រាកព្យាបាល។ 

សៀមរាប៖ ១២៣នាក់ ជាសះស្បើយ ៤៧នាក់ និងស្លាប់២នាក់
 
មនុស្ស ១២៣នាក់ទៀត ឆ្លងកូវីដ-១៩ ខណៈ៤៧នាក់ សះស្បើយ និងមាន២នាក់បន្ថែមបានស្លាប់ដោយសារជំងឺឆ្លងនេះ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន១៩នាក់នាំចូលពីប្រទេសថៃ។ អ្នកឆ្លងភាគច្រើនរស់នៅស្រុកជីក្រែង បន្ទាប់មកនៅក្រុងសៀមរាប ស្រុកសូទ្រនិគម ប្រាសាទបាគង ក្រឡាញ់ ពួក អង្គរជុំ និងស្រុកស្រីស្នំ។ អ្នកជំងឺ២នាក់ ជាអ្នកកំពង់ធំ។ 
 
ចំពោះករណីស្លាប់គឺជាប្រុសទាំង២នាក់ ដោយម្នាក់មានអាយុ៧៧ឆ្នាំ រស់នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី។ ម្នាក់ទៀត វ័យ ២៩ឆ្នាំ រស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ គិតត្រឹមថ្ងៃទី១កក្កដា ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១ ២៦៩នាក់ ដោយ៤៨៣នាក់បានសះស្បើយចំនួន, ១៣នាក់ស្លាប់ និង៧៧៣នាក់ កំពុងសម្រាកព្យាបាល។
 
កោះកុង៖ ៦០នាក់បន្ថែមទៀត និង១០៤នាក់បានជាសះស្បើយ
 
មនុស្ស ៦០នាក់ទៀត មានវិជ្ជមានកូវីដ-១៩ ខណៈ ១០៤នាក់បានជាសះស្បើយ។ ក្នុងចំណោមករណីវិជ្ជមានទាំង ៦០នាក់ ភាគច្រើនជាអ្នកស្រុក ស្រែអំបិល បន្ទាប់មកអ្នកស្រុក មណ្ឌលសីមា ក្រុងខេមរភូមិន្ទ និងស្រុកគិរីសាគរ។ 
 
ព្រៃវែង៖ រកឃើញ៤៥នាក់ទៀត  
 
ក្នុងចំណោមអ្នកវិជ្ជមានដែលទើបរកឃើញ ចំនួន៤៥នាក់នោះ មាននៅក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ពាមរក៍ ពោធិ៍រៀង កំពង់ត្របែក បាភ្នំ ពាមជរ ព្រះសេ្តច កំចាយមារ កញ្ច្រៀច និង១នាក់មកពីខេត្តកណ្តាល។ ត្រឹមថ្ងៃទី១ កក្កដា ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ១៦៥០នាក់ ក្នុងនោះ១០៨០នាក់បានជាសះស្បើយ ២៤នាក់ស្លាប់ និង៥៤៦នាក់ កំពុងបន្តការព្យាបាល។ 
 
បាត់ដំបង៖ ៤៤ករណី ជា១១នាក់ និងស្លាប់១នាក់ 
 
៤៤ករណីបន្ថែមទៀត ត្រូវបានរកឃើញ ខណៈមានអ្នកជំងឺ ១១នាក់បានជាសះស្បើយ និងមានម្នាក់បន្ថែមទៀត បានស្លាប់។ ក្នុងចំណោមករណីថ្មីនោះ មាន១៣នាក់នាំចូលពីប្រទេសថៃ។ អ្នកវិជ្ជមានទាំងនោះ ជាអ្នករស់នៅក្រុងបាត់ដំបង ស្រុកកំរៀង បវេល ថ្មគោល មោងឫស្សី សង្កែ បាណន់ សំឡូត និងស្រុកសំពៅលូន។ ក្រៅពីនេះ មានអ្នកជំងឺមួយចំនួន មានអាសយដ្ឋាននៅបន្ទាយមានជ័យ កំពង់ឆ្នាំង ប៉ៃលិន ព្រៃវែង កំពង់ធំ រតនគិរី និងខេត្តតាកែវ។ ចំពោះករណីស្លាប់ គឺជាបុរសវ័យ ៦១ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់។ បច្ចុប្បន្ន ខេត្តបាត់ដំបង មានករណីវិជ្ជមានកូវីដ-១៩ សរុប ៩៩០នាក់ ក្នុងនោះ៥៨០នាក់ បានជាសះស្បើយ ៧នាក់បានស្លាប់ និង៤០៣នាក់ទៀត កំពុងសម្រាកព្យាបាល។
 
កំពង់ធំ៖ មាន២៦នាក់ ទៀត ក្នុងនោះ៧នាក់នាំចូលពីថៃ
 
ក្នុងចំណោមករណីឆ្លងថ្មីទាំង ២៦នាក់នោះ មាន៧ករណីនាំចូលពីប្រទេសថៃ និងមានអ្នកជំងឺម្នាក់បានជាសះស្បើយផងដែរ។ អ្នកឆ្លងកូវីដ-១៩ ទាំងនោះជាពលរដ្ឋរស់នៅក្រុងស្ទឹងសែន ស្រុកស្ទោង សន្ទុក កំពង់ស្វាយ បារាយណ៍ តាំងគោក និងស្រុកសណ្តាន់។ បច្ចុប្បន្នខេត្តកំពង់ធំ មានអ្នកឆ្លងកូវីដ-១៩ សរុប ៩៤៩នាក់ ក្នុងនោះ៤៣៥នាក់បានជាសះស្បើយ ១០នាក់ស្លាប់ និងអ្នកជំងឺ៥០៤នាក់ទៀត កំពុងសម្រាកព្យាបាល។
 
មណ្ឌលគិរី៖ ១៧នាក់បន្ថែម ភាគច្រើននៅស្រុកកែវសីមា
 
ពលរដ្ឋឃុំស្រែខ្ទុម ស្រុកកែវសីមា ១៤នាក់មានវិជ្ជមានកូវីដ-១៩ ក្នុងចំណោមករណីសរុប ១៧នាក់ ដែលរកឃើញនៅខេត្តមណ្ឌលគិរី។ ក្រៅពីនេះ មានម្នាក់ជាអ្នករស់នៅក្រុងសែនមនោរម្យ, ១នាក់នៅខេត្តក្រចេះ និងម្នាក់ទៀតជាអ្នកខេត្តកំពង់ធំ។
 
ក្រចេះ៖ រកឃើញ១១នាក់ទៀត ក្នុងនោះ៤នាក់ ជាកុមារ
 
កុមារ ៤នាក់ ស្ថិតក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១នាក់ ដែលត្រូវបានរកឃើញ។ អ្នកឆ្លងភាគច្រើនរស់នៅសង្កាត់អូរឫស្សី និងក្រុងក្រចេះ ខេត្តក្រចេះ។ ក្រៅពីនេះ ជាអ្នកស្រុកសំបូរ  ចិត្របូរី និងស្រុកព្រែកប្រសព្វ។ 
 
ព្រះវិហារ៖ ឆ្លងថ្មី ១០នាក់ទៀត ភាគច្រើនជាកុមារ 
 
ក្នុងចំណោមករណីថ្មីទាំង ១០នាក់នោះ ជាអ្នករស់នៅឃុំស្រអែម ស្រុកជាំក្សាន្ត ដោយមាន៧នាក់ជាកុមារ អាយុចន្លោះ ៣-១៥ឆ្នាំ។ គិតត្រឹមថ្ងៃទី១ ខែកក្កដា  ខេត្តព្រះវិហារ រកឃើញកូវីដ-១៩ ចំនួន១០៤នាក់ ដោយ៤៤នាក់បានជាសះស្បើយ និង៦០នាក់ទៀត កំពុងសម្រាកព្យាបាល។ 
 
ប៉ៃលិន៖ រកឃើញករណីថ្មី៤នាក់
 
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤នាក់នេះ គឺជាបុរសទាំងអស់ ដែលពួកគេបម្រុងធ្វើដំណើរចូលទៅទឹកដីខេត្តប៉ៃលិន។ អ្នកវិជ្ជមានម្នាក់ មានអាសយដ្ឋាននៅក្រុងប៉ៃលិន ខេត្តប៉ៃលិន, ២នាក់ជាពលរដ្ឋស្រុកបារាយណ៍ ខេត្តកំពង់ធំ និងម្នាក់ទៀតជាអ្នកស្រុកបាកាន ខេត្តពោធិ៍សាត់។
 
 
 
 
 

Tag:
 កំពត
 សៀមរាប
 កោះកុង
 ព្រៃវេង
 បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com