COVID-19
ជាតិ
ក្នុងមួយថ្ងៃ ពលរដ្ឋនៅកម្ពុជាជាង១០ម៉ឺននាក់ ឬ១ភាគរយ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
02, Jul 2021 , 6:39 pm        
រូបភាព
ភ្នំពេញ ពលរដ្ឋនៅកម្ពុជាចំនួន ៤,៣០៤,៥៧២នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១ កក្កដា ដែលស្មើនឹងជាង៤៣ភាគរយ នៃផែនការសរុប ១០លាននាក់។  ជាមធ្យម មានពលរដ្ឋជាង១០ម៉ឺននាក់ បានទទួលវ៉ាក់សាំងបង្ការ ជារៀងរាល់ថ្ងៃ ឬស្មើនឹង១ភាគរយ។ នេះបើតាមរបាយការណ៍អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ដែលបានឱ្យទៀតថា ក្នុងចំណោមអ្នកដែលបានទទួលវ៉ាក់សាំងសរុប មានជាង៣១ភាគរយ បានចាក់វ៉ាក់សាំងដូសទី២។

 
ប្រសិនបើដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែរក្សាបានតួលេខជាង ១០ម៉ឺននាក់ជារៀងរាល់ថ្ងៃ នោះក្នុងមួយខែ កម្ពុជានឹងអាចចាក់វ៉ាក់សាំងដល់ពលរដ្ឋប្រមាណ ៣លានដុល្លារ ឬស្មើនឹង៣០ភាគរយ នៃផែនការសរុប១០លាននាក់។ បើដូច្នេះមែនរយៈពេល ២ខែ ទៀត កម្ពុជានឹងអាចសម្រេចបាន នូវផែនការចាក់វ៉ាក់សាំង ១០០ភាគរយ ដល់ពលរដ្ឋ ក៏ប៉ុន្តែក៏ទាល់តែមានវ៉ាក់សាំងកូវីដ-១៩ គ្រប់គ្រាន់ដែរ។ 
 
ពាក់ព័ន្ធនឹងការផែនការចាក់វ៉ាក់សាំងនេះ ប្រសាសន៍ កាលពីថ្ងៃទី១កក្កដា សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា កម្ពុជានឹងអាចចាក់វ៉ាក់សាំង ដល់ពលរដ្ឋទាំង១០លានដុល្លារ នៅក្នុងវិច្ឆិកា ឆ្នាំ២០២១។
 
បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ប្រជាពលរដ្ឋ ចំនួន ១១,០២៤,០០០ដូស ក្នុងនោះវ៉ាក់សាំងកូវីដ-១៩របស់ស៊ីណូវ៉ាក់ ៧,៥លានដូស, ស៊ីណូហ្វាម៣,២លានដូស និងវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Covishield របស់ក្រុមហ៊ុន Astra Zineca ចំនួន៣២៤,០០០ដូស។
 
ជាមួយគ្នានេះ សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសនៅថ្ងៃម្សិលមិញដែរថា នៅសប្តាហ៍ក្រោយនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ចំនួន ៥លានដូសបន្ថែមទៀត។ តាមសម្តេចនាយករដ្ឋមន្ត្រី វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១លានដុល្លារ របស់ក្រុមហ៊ុនស៊ីណូហ្វាម នឹងមកដល់នៅថ្ងៃទី៦កក្កដា ខណៈវ៉ាក់សាំង៤លានដូសទៀត នឹងមកដល់នៅថ្ងៃទី១០កក្កដា ក្នុងនោះមាន៣លានដូស ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនស៊ីណូវ៉ាក់ និង១លានដូស ជាវ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូហ្វាម។ 
 
 
សូមជម្រាបដែរថា បច្ចុប្បន្នមានរាជធានី-ខេត្ត ជាង១០ហើយ ដែលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋ ដែលរួមមានរាជធានីភ្នំពេញ, ខេត្តកណ្តាល, ព្រះសីហនុ , កោះកុង, តាកែវ, កំពង់ស្ពឺ, ស្វាយរៀង, កំពង់ចាម, ត្បូងឃ្មុំ, កំពង់ឆ្នាំង, ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ ក្នុងចំណោមរាជធានី-ខេត្តទាំងនេះ មានតែរាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ស្ពឺទេ ដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានី-ខេត្ត៕
 
 
 

Tag:
 វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com