COVID-19
ជាតិ
ក្រសួង គ្មានការកំណត់ដំណើរកម្សាន្តរបស់ទេសចរដែល​ចាក់វ៉ាក់សាំងរួច ឬមិនទាន់ចាក់ទេ
03, Jul 2021 , 5:59 pm        
រូបភាព
ដោយ:
ភ្ញៀវទេសចរក្នុងខែមិថុនា កើនឡើងជាង២៧ភាគរយ ធៀបនឹងខែឧសភា។ លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ សាទរចំពោះកំណើនទេសចរនេះ។ យ៉ាងណាមិញដើម្បីជំរុញទេសចរក្នុងស្រុកបន្ថែមទៀត លោក តុប សុភ័ក លើកឡើងថា ក្រសួងទេសចរណ៍ នឹងមិនដាក់កំហិតថា ភ្ញៀវជាតិ ចាក់វ៉ាក់រួចទើបអាចដើរកម្សាន្តនោះទេ ពោលគឺទាំងអ្នកចាក់រួច និងអ្នកមិនទាន់ចាក់ អាចដើរលេងបានទាំងអស់ ប៉ុន្តែត្រូវអនុវត្តវិធានសុវត្ថិភាពដាច់ខាត។

 
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កំពុងដំណើការក្នុងរាជធានី-ខេត្តចំនួន១២​ ដែលជាសញ្ញាវិជ្ជមានមួយផងដែរក្នុងវិស័យទេសចរណ៍ ព្រោះការមានវ៉ាក់សាំង គឺជាការសាងទំនុកចិត្តដល់ទេសចរ និងប្រតិបត្តិករក្នុងវិស័យនេះ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ទើបសម្រេចបានជិត ៤៤ភាគរយហើយ នៃគម្រោងចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋ ១០លាននាក់ ខណៈនិន្នាការដើរកម្សាន្តរបស់ទេសចរ បានកើនឡើងបណ្ដើរៗដែរ។
 
ជុំវិញបញ្ហាទេសចរជាតិ មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច ឬគ្មាន លោក តុប សុភ័ក លើកឡើងថា ភ្ញៀវទេសចរ មានសិទ្ធិដើរកម្សាន្តទូទាំងប្រទេសដូចគ្នា។ « សម្រាប់ទេសចរក្នុងស្រុកយើងមិនកំណត់គោលការណ៍ទាល់តែមានប័ណ្ណចាក់វ៉ាក់សាំងរួចទេ។ បងប្អូនប្រជាពលរដ្ឋអាចចេញដើរគ្រប់ទីកន្លែងទាំងអស់ ដោយគ្មានការរើសអើង។ បើយើងកំណត់វាខុសពីគោលនយោបាយទេសចរណ៍»។ នេះជាការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ ។


លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍
 
លោក តុប សុភ័ក បន្តទៀតថា ការអនុញ្ញាតឱ្យទេសចរគ្មានវ៉ាក់សាំង ដើរកម្សាន្តធម្មតា គឺជាការជំរុញទេសចរក្នុងស្រុក ដោយប្រជាពលរដ្ឋត្រូវរៀនរស់នៅក្នុងបរិបទថ្មី។ ចំណុចនេះមានន័យថា ដើរលេងដោយគោរពវិធានសុវត្ថិភាព រហូតមានភាពស៊ាំជាមួយការរស់នៅ ក្នុងដំណាក់កាលកូវីដ-១៩។ 
 
ជាមួយគ្នានេះដែរ លោកស្រី​ ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បង្ហាញការយល់ឃើញថា ការអនុញ្ញាតឱ្យភ្ញៀវជាតិមិនទាន់ចាក់វ៉ាក់សាំង អាចដើរកម្សាន្តបានធម្មតា គឺជារឿងល្អមួយដើម្បីជំរុញទេសចរក្នុងស្រុក ខណៈមិនទាន់អាចទទួលទេសចរអន្តរជាតិបាន។ 
 
លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ « យើងមិនអាចចាំដល់ស្ថានភាពធម្មតាវិញ ទើបជំរុញទេសចរទេ បើអ៊ីចឹង អាជីវករក្នុងវិស័យនេះ នឹងអស់ដង្ហើមដក។ ការបើករមណីយដ្ឋាន វាប្រៀបដូចជាការបើកផ្សារដែរ។ បើបើកផ្សារឱ្យប្រជាពលរដ្ឋចេញទៅទិញអ្វីបាន រមណីយដ្ឋានក៏ត្រូវបើកដូចគ្នា​។ យើងមិនអាចចាំអ្វីៗប្រសើរឡើងទេ ប៉ុន្តែយើងត្រូវរៀនរស់ ក្នុងទម្លាប់ថ្មី ដោយធ្វើយ៉ាងណាត្រូវតែការពារខ្លួនឯង »។ 


លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា
 
ដ្បិតកំណើនទេសចរក្នុងស្រុក មានការងើបឡើងបន្តិចមែន ប៉ុន្តែមិនទាន់ខ្លាំងក្លានោះទេ ព្រោះ​តំបន់ទេសចរណ៍មួយចំនួន ត្រូវបានផ្អាកបណ្ដោះអាសន្ន ដោយសារការរាតត្បាតនៃជំ​ងឺកូវីដ-១៩។
 
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២ ខែកក្កដា មានពលរដ្ឋ ចំនួន ៤,៣៩១,៥២៦នាក់ ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្មើនឹង៤៣.៩២ភាគរយ នៃផែនការសរុប ១០លាននាក់របស់រដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងសរុប មានពលរដ្ឋជាង៣លាននាក់ បានចាក់វ៉ាក់សាំងដូសទី២៕ 

Tag:
 វ៉ាក់សាំង​កូវីដ-១៩​
© រក្សាសិទ្ធិដោយ thmeythmey.com