អន្តរជាតិ
លោក ស៊ី ប្រាប់មេដឹកនាំបារាំងនិងអាល្លឺម៉ង់ថា ចិនចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុប
06, Jul 2021 , 10:48 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី៥ ខែកក្កដា​ បានជួបប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល តាមប្រព័ន្ធវីដេអូដើម្បីជជែកពីកិច្ចសហប្រតិបត្តិការចិន និងអឺរ៉ុប និងបញ្ហាប្រឈមរបស់ពិភពលោក។​ លោក ស៊ី ប្រាប់មេដឹកនាំប្រទេសអឺរ៉ុបទាំងពីរថា ចិនចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុបដោយស្មើភាព និងផ្ដល់ឱ្យគ្នាទៅវិញទៅមក ហើយចិនមិនចង់ជំនួសតំណែងអ្នកណាឡើយ។

 
នាជំនួបត្រីភាគីតាមអនឡាញជាមួយមេដឹកនាំបារាំង និងអាល្លឺម៉ង់ លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បញ្ជាក់ថា ចិន និងអឺរ៉ុប អាចបង្កើនកិច្ចសហការរវាងគ្នាដើម្បីឆ្លើយតបបញ្ហាប្រឈមសាកលឱ្យល្អប្រសើរ ហើយលោកក៏សង្ឃឹមថា អឺរ៉ុបអាចដើរតួកាន់តែសកម្មក្នុងកិច្ចការអន្តរជាតិ មានឯករាជ្យផ្ទាល់ខ្លួន និងផ្ដល់បរិយាកាសសមស្រប មិនលម្អៀង និងតម្លាភាពសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនចិនផងដែរ។
 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua មេដឹកនាំចិន ក៏លើកជាយោបល់ទៅកាន់ប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់ពីការបង្កើតទំនាក់ទំនងប្រទេសមហាអំណាចដែលផ្ដោតលើស្ថិរភាព និងតុល្យភាព។ ត្រង់នេះ លោក ស៊ី ក៏ឆ្លៀតរំឭកពីជំហររបស់ចិនដែលដើរលើផ្លូវអភិវឌ្ឍខ្លួនឯងឱ្យរីកចម្រើន និងមិនប្រកួតប្រជែងជាមួយប្រទេសណាឡើយ។
 
«អ្វីដែលចិនស្រេកឃ្លានបំផុត គឺអភិវឌ្ឍខ្លួនឯងជាជាងជំនួសតំណែងអ្នកណា។» ប្រមុខរដ្ឋចិនបញ្ជាក់បែបនេះចំពោះមុខលោក អេម៉ានុយអែល ម៉ាក្រុង និងលោកស្រី អែនជែឡា មឺហ្គែល មុនបន្តថា ចិនត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាជាមួយភាគីផ្សេង តែក៏មិនភ្លេចការពារផលប្រយោជន៍របស់ខ្លួនដែរ។ ទោះមិននិយាយឱ្យច្បាស់ លោក ស៊ី ទំនងចង់និយាយការពារការងើបឡើងរបស់ចិនដែលត្រូវគេមើលឃើញថា ប្រជែងតំណែងមហាអំណាចទីមួយរបស់អាមេរិក។ 
 
នាជំនួបតាមអនឡាញដដែល មេដឹកនាំទាំងបីក៏ជជែកពីបម្រែបម្រួលអាកាសធាតុ ជំងឺកូវីដ-១៩ ពាណិជ្ជកម្មអន្តរជាតិ និងបញ្ហាអន្តជាតិនានា។ ក្នុងសេចក្ដីថ្លែងការណ៍របស់វិមានប្រធានាធិបតីបារាំង លោក ម៉ាក្រុង និងលោកស្រី មឺហ្គែល បានលើកឡើងពីសារសំខាន់ដែលចិនបើកទីផ្សាររបស់ខ្លួន និងបង្កើតបរិយាកាសប្រកួតប្រជែងឱ្យមានយុត្តិធម៌។ មេដឹកនាំរដ្ឋអឺរ៉ុបក៏សង្កត់ធ្ងន់ពីភាពចាំបាច់ដែលចិនត្រូវផ្អាកកម្ចីសម្រាប់គម្រោងរោងចក្រថាមពលធ្យូងថ្មផងដែរ។
 
លោក ម៉ាក្រុង និងលោកស្រី មឺហ្គែល ក៏ឆ្លៀតនិយាយរឿងសិទ្ធិមនុស្សនៅចិន និងការបង្ខំឱ្យធ្វើពលកម្មផងដែរ។ មេដឹកនាំទាំងពីរមិននិយាយចំឈ្មោះស៊ីនជាំងទីដែលអង្គការអន្តរជាតិនានាចោទចិនថា ឃុំឃាំងជនភាគតិចជាងមួយលាននាក់ឡើយ៕ ​
 

Tag:
 ចិន
  បារាំង
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com