ជាតិ
ស្ងាត់ភ្ញៀវ! លោក ទុយ វណ្ណៈ ឆ្លៀតពេលពង្រីកសេវាកម្មទេសចរណ៍ក្នុងរីសតរបស់ខ្លួន
17, Jul 2021 , 8:59 pm        
រូបភាព
ដោយ:
លោក ទុយ វណ្ណៈ ជាម្ចាស់រីសតសាន់ប៊ែអេកូឡូញក្នុងសហគមន៍អេកូទេសចរណ៍ជីផាត ។ អំឡុងពេលគ្មានភ្ញៀវទេសចរទៅកម្សាន្ត ដោយសារការរាលដាលនៃជំងឺកូវីដ-១៩ លោក ទុយ វណ្ណៈ កំពុងបង្កើតផលិតផលទេសចរណ៍ថ្មីនិងពង្រីកសេវាកម្មបន្ថែម ក្នុងរីសតរបស់ខ្លួន។



ដ្បិតម្ចាស់រីសតរូបនេះបាត់ចំណូលពីទេសចរ ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែលោកនៅតែបន្អភិវឌ្ឍន៍រីសតរបស់ខ្លួនដោយមិនរួញរា។ លោក វណ្ណៈ រំពឹងថាទេសចរ នឹងត្រឡប់ទៅជីផាតវិញ ពេលស្ថានភាពធូរស្រាល។ជំងឺកូវីដ-១៩បានធ្វើឱ្យម្ចាស់អាជីវកម្មទេសចរណ៍ស្ទើរគ្រប់ទីកន្លែង បាត់ចំណូលពីភ្ញៀវទេសចរ។
 
អ្នកខ្លះបានសម្រេចបោះបង់អាជីវកម្មនេះចោលតែម្ដង ព្រោះមិនអាចប្រឈមនឹងការខាតបង់ ក្នុងរយៈពេលយូរបាន។សម្រាប់លោក ទុយ វណ្ណៈ ប្រជាជនក្នុងស្រុកថ្មបាំង ក៏បានបាត់ចំណូលពីភ្ញៀវទេសចរជិត១ឆ្នាំដែរប៉ុន្តែលោកបែរជាឆ្លៀតពេលទំនេរ ពង្រីកសេវាកម្មទេសចរណ៍ក្នុងរីសតបន្ថែម។ម្ចាស់រីសតរូបនេះកំពុងប្រែក្លាយចម្ការទុរេនរបស់លោកឱ្យ ទៅជាកន្លែងទេសចរណ៍បេះផ្លែឈើនិងបង្កើតអាហារដ្ឋានបន្ថែម ពីលើរីសតដែលមានស្រាប់។



ផ្ទះស្នាក់ក្នុងរីសតរបស់លោក ទុយ វណ្ណៈ

លោក វណ្ណៈបង្ហាញហេតុផលពីការបង្កើនផលិតផលទេសចរណ៍ក្នុងបរិបទនេះយ៉ាងដូច្នេះ៖ «យើងពិបាកនឹងប៉ាន់ស្មានសភាពការណ៍ណាស់។ពិតមែន កូវីដវាជាបញ្ហា ប៉ុន្តែក្នុងដំណាក់កាលនេះ យើងត្រូវរកដំណោះស្រាយមិនអាចរង់ចាំឱ្យកូវីដ សម្លាប់អាជីវកម្មរបស់យើងបានទេ។ សម្រាប់ខ្ញុំខ្ញុំកំពុងរកវិធីសាស្ត្រធ្វើម៉េច យើងអាចរស់ក្នុងស្ថានភាពនេះបាន»។
 
លោក ទុយ វណ្ណៈ បានបើករីសតដែលមានផ្ទះស្នាក់ចំនួន១០ តាំងពីដើមឆ្នាំ២០១៣មក។ ក្នុងមួយខែម្ចាស់រីសតដែលជាអតីតមគ្គុទ្ទេសក៍រូបនេះ អាចរកចំណូលបានចន្លោះពី ២០០០ដុល្លារ ទៅ៣០០០ដុល្លារពីរីសត ប៉ុន្តែមកទល់ពេលនេះ លោកមិនមានចំណូលពីរីសតនេះទៀតទេ។
 
ការបង្កើនផលិតផលទេសចរណ៍ក្នុងបរិបទនេះក៏ ធ្វើឱ្យលោក វណ្ណៈមានផលលំបាកផ្នែកហិរញ្ញវត្ថុដែរ ប៉ុន្តែដោយក្ដីស្រឡាញ់ លោកនៅតែមានក្ដីសង្ឃឹមថា ភ្ញៀវទេសចរ
នឹងត្រឡប់ទៅជីផាតវិញ ពេលស្ថានភាពជំងឺកូវីដ-១៩ធូរស្រាល។
 
លោក វណ្ណៈដែលមានដើមកំណើតក្នុងឃុំជីផាតស្រាប់ យល់ថា ការបង្កើនផលិតផលទេសចរណ៍នឹងអាចផ្ដល់ការងារដល់ប្រជាជនក្នុងតំបន់ និងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ធម្មជាតិ
ក្នុងសហគមន៍អេកូទេសចរណ៍ជីផាតផងដែរ។ សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ជីផាតស្ថិតនៅភូមិ ជីផាត ឃុំ ជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរទៅកាន់តំបន់នេះតាមផ្លូវជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹក ប្រហែល ៥ គីឡូម៉ែត្ររួចបន្តដំណើរ តាមផ្លូវក្រួសក្រហម រហូតដល់ភូមិជីផាត តែម្តង៕
 


លោក ទុយ វណ្ណៈ ម្ចាស់រីសតសាន់ប៊ែអេកូឡូញ

 ហាងកាហ្វេ ដែលលោក ទុយ វណ្ណៈ សាងសង់ក្នុងពេលគ្មានភ្ញៀវទេសចរ
 

Tag:
 ទុយ វណ្ណៈ
  ជីផាត
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com