ជាតិ
ក្រសួងបរិស្ថាន គ្រោងដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ ជាតំបន់ «រ៉ាមសារ»
18, Jul 2021 , 8:29 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី 

ភ្នំពេញ៖ ក្រសួងបរិស្ថាន គ្រោងដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ ជាតំបន់រ៉ាមសារ បន្ថែមលើតំបន់ប្រាំផ្សេងទៀត ដែលមានវត្តមានក្នុងតំបន់នេះ។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ពន្យល់ថា ការដាក់បញ្ជូលតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាតំបន់រ៉ាមសារ ដោយសារតំបន់ដីសើមមួយនេះ បានផ្ដល់ប្រយោជន៍ដល់សហគមន៍ និងជម្រកសត្វស្លាប។

 
គម្រោងរៀបចំដាក់បញ្ចូល តំបន់ការពារទេសភាពបឹងព្រែកល្ពៅ របស់ក្រសួងបរិស្ថាននៅពេលនេះ ដោយសង្កេតឃើញថាតំបន់មួយនេះ ជាទីជម្រកសម្រាប់សត្វស្លាបទឹក និងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេសប្រភេទសត្វស្លាបកំពុងរងការការគំរាមកំហែង។ «តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក៏មានវត្តមានសត្វត្រដក់ធំ ដែលជាប្រភេទសត្វស្លាបជិតផុតពូជ និងប្រភេទសត្វស្លាបទឹកមួយចំនួន ដូចជាត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៌ ចង្កៀលខ្យង ទុងប្រផេះជាដើម ដែលចុះមករកចំណីក្នុងតំបន់នេះ»។ នេះជាការលើកឡើងរបស់ លោក នេត្រ ភក្ត្រា។ 
 
បើតាមអ្នកនាំពាក្យរូបនេះ ក្រៅពីផ្ដល់ជម្រក និងចំណី ដល់ប្រភេទសត្វស្លាបផ្សេងៗ តំបន់ដីសើមមួយនេះ ក៏បានផ្ដល់ផលប្រយោជន៍ដល់សហគមន៍ គាំទ្រដល់ជីវភាពរបស់ពលរដ្ឋ តាមរយៈការផ្ដល់ជាប្រភពទឹក អាហារ ត្រី ធនធានពន្ធុជាដើម។ ក្រៅពីនេះ ធនធានធម្មជាតិទាំងនោះ ជាសេវាកម្មនិយ័តកម្ម ក្នុងការទប់ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត និងបន្សុទ្ធទឹកជាដើម ទាំងតំបន់ និងជាសាកល។ ម្យ៉ាងទៀត តំបន់នេះ ក៏មានតម្លៃផ្នែក សោភ័ណភាព ទេសចរណ៍ធម្មជាតិ បេតិកភណ្ឌ័វប្បធម៌ ការសិក្សាស្រាវជ្រាវ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។ 


 
ជាមួយគ្នានេះ លោក នេត្រ ភក្រ្តា បានបន្ថែមទៀតថា ការដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាតំបន់រ៉ាមសារ បញ្ជាក់ឱ្យឃើញថា តំបន់មួយនេះមានសារៈសំខាន់ និងទទួលស្គាល់ជាអន្តរជាតិ ក្រោយអនុសញ្ញារ៉ាមសារ ដោយមានលេខាធិការរ៉ាមសារ នៅប្រទេសស្វីស។ ម្យ៉ាងកិច្ចការនេះ ក៏មានអត្ថប្រយោជន៍មួយចំនួនទៀតផងដែររួមមាន បង្កើនការយល់ដឹងជាសាធារណៈពីសារៈសំខាន់នៃតំបន់ដីសើម, បង្កើនការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រងដីសើម, ទទួលបានការគាំទ្រកាន់តែច្រើនជាងមុន ក្នុងការការពារតំបន់ទាំងនោះ និងតំបន់ជុំវិញ, បង្កើនមូលនិធិដល់ការអភិរក្សទាំងក្នុង និងក្រៅប្រទេស និងពង្រឹងកាលានុវត្តន៍ភាព ក្នុងការជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងអេកូទេសចរណ៍។ 
 
បើតាមអ្នកនាំពាក្រដដែល ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្នន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្ដានុពលនៃតំបន់ដីសើមនោះ ដើម្បីរៀបចំឯកសារព័ត៌មាន និងទាមទារឱ្យមានការពិគ្រោះយោបល់ និងការគាំទ្រពីអ្នកពាក់ព័ន្ធទាំងថ្នាក់មូលដ្ឋាន ក្រោមជាតិ និងជាតិ។ 
 
ពាក់ព័ន្ធនឹងអនុសញ្ញារ៉ាមសារនេះ លោក ស្រី ហ៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថានថា កម្ពុជាបានអនុម័តយល់ព្រមលើអនុសញ្ញារ៉ាមសារ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ និងបានចូលជាសមាជិកពេញសិទ្ធិនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៩។ អនុសញ្ញានេះ ឈរលើគោលការណ៍ចម្បងបីគឺ ការប្រើប្រាស់តំបន់ដីសើម ប្រកបដោយភាពឈ្លាសវៃ, កំណត់ និងបង្កើតតំបន់ដីសើមជាលក្ខណៈអន្តរជាតិ និងកិច្ចសហការអន្តរជាតិ។
 
បច្ចុប្បន្នតំបន់ដីសើមត្រូវបានដាក់បញ្ជូល ជាតំបន់រ៉ាមសារនៅលើពិភពលោកមានចំនួន ២,៤២៤ លាតសន្ធឹងលើផ្ទៃដីចំនួន ២៥លានហិកតា។ ខណៈកម្ពុជាមានចំនួន៥កន្លែង ដេលមានដាក់ចូលជាតំបន់រ៉ាមសារ រួមមាន តំបន់រ៉ាមសារស្ទឹងត្រែង កោះកាពិ នឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន នៅលើផ្ទៃដីសរុបទំហំ ៤២.២៥៧ហិកតា៕


 
 
 

Tag:
 ThmeyThmey
  តាកែវ
  បឹងព្រែកល្ពៅ
  រ៉ាមសារ
© រក្សាសិទ្ធិដោយ thmeythmey.com