ជាតិ
ខេត្តពោធិ៍សាត់ មានព្រៃឈើគ្របដណ្ដប់ ៧៦ភាគរយ និងសម្បូរភ្នំធំៗ
19, Jul 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ ខេត្តពោធិ៍សាត់មានផ្ទៃដីសរុប ១២,៦៩២គីឡូម៉ែត្រការ៉េ ដែលស្ថិតនៅចន្លោះជួរក្រវាញនិងបឹងទន្លេសាប ក្នុងភាគខាងលិចប្រទេសកម្ពុជា។ ខេត្តនេះសម្បូរទៅដោយភ្នំខ្ពស់ៗដែលមានព្រៃឈើគម្របដណ្ដប់ជាង៧០ភាគរយ។ តំបន់ភ្នំទាំងនេះ បានផ្តល់អនុផលព្រៃឈើដូចជាផ្លែក្រវាញ ឈើខ្លឹមចន្ទន៍ វល្លិ៍ ជ័រ និង ឱសថបុរាណផងដែរ។


សៀវភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា «ជីវិតជុំវិញបឹងទន្លេសាប» បានរៀបរាប់ថាខេត្តពោធិ៍សាត់ជាខេត្តមួយដែលព្រៃឈើគ្របដណ្តប់ ៧៦ភាគរយ នៃផ្ទៃដីសរុប។ ខេត្តនេះសម្បូរទៅដោយភ្នំខ្ពស់ៗជួរភ្នំក្រវាញ លាតសន្ធឹងលើទឹកដីមួយភាគធំរហូតដល់ព្រំដែនថៃ។ គេឃើញមានភ្នំខ្ពស់ៗ
ដូចជា ភ្នំទំព ដែលមានកម្ពស់ ១ ៥៦៩ម៉ែត្រ, ភ្នំសំកុះ កម្ពស់១ ៧៥០ម៉ែត្រ និងកំពូលភ្នំខ្ពស់បំផុតនៅកម្ពុជា គឺភ្នំឱរ៉ាល់ មានកម្ពស់ ១ ៨១៣ម៉ែត្រដែលស្ថិតនៅព្រំប្រទល់បីខេត្តគឺ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំ និងកំពង់ស្ពឺ។

នៅប៉ែកខាងជើង នៃខេត្តពោធិ៍សាត់ មានមាត់បឹងទន្លេសាប។ ពិសេសជាងនេះទៅទៀតប្រជាជនភាគច្រើនក្នុងខេត្តពោធិ៍សាត់ និយមប្រកបរបរជីកថ្មម៉ាបទៅលក់
ឆ្លាក់ជារូបសិល្បៈផ្សេងៗ។ ក្រៅពីនេះ ប្រជាជនក៏ពឹងផ្អែកលើ ការនេសាទ ដាំដំណាំផ្សេងៗក្នុងទំនាបកណ្តាល និងដំណាំចម្ការក្នុងតំបន់កូនភ្នំ។
 
ឯតំបន់ភ្នំផ្តល់អនុផលព្រៃឈើដូចជាផ្លែក្រវាញ ឈើខ្លឹមចន្ទន៍ វល្លិ ជ័រនិងរុក្ខជាតិសម្រាប់ផ្សំឱសថបុរាណ។
ខេត្តដ៏មានសក្តានុពលមួយនេះមិនមែនមានតែជនជាតិខ្មែរនោះឡើយ ដោយខេត្តនេះក៏មានជនជាតិព័រ និងជង ផងដែរ។
ជនជាតិភាគតិចទាំង២នេះ ភាគច្រើនរស់នៅក្បែរប្រភពទឹកនៅជើង ឬចង្កេះភ្នំក្រវាញ។កាលនោះពួកគេរស់នៅជាពាក់កណ្តាលចរជន ដែលប្តូរទីកន្លែងរស់នៅជាញឹកញាប់។
 
សៀវភៅរបស់អង្គការស៊ីប៉ា ដដែល រៀបរាប់ថា ជនជាតិព័រ និងជង ប្រកបរបប បរបាញ់ ដាំស្រូវ ជីកយកថ្មម៉ាបលក់ឲ្យគេ និងប្រមូលអនុផលព្រៃឈើរួមមាន ផ្លែក្រវាញ ដង្កោ ខ្លឹមចន្ទន៍។ ពួកគេពឹងផ្អែកលើព្រៃព្រឹក្សា ដោយមានជំនឿលើវត្ថុស័ក្តិសិទ្ធិដូចជា អារក្ស អ្នកតាជាដើម។ គេលេងភ្លេង និងរាំ ដើម្បីសុំសេចក្តីមេតា្តពីវត្ថុស័ក្តិសិទ្ធិទាំងនោះ។ ប៉ុន្តែ ក្នុងរយៈពេលចុងក្រោយនេះ ពួកគេចោលទម្លាប់ប្រពៃណីរបស់ដូនតាគេបន្តិចម្តងៗ ដោយគេត្រូវរស់នៅលាយឡំគ្នាជាមួយជនជាតិឯទៀត។ ពួកគេក៏ប្តូរការរស់នៅបែបប្តូរកន្លែងញឹកញាប់ ហើយរស់នៅនឹងមួយកន្លែងវិញ តាមរបៀបខ្មែរច្រើនឡើង៕  
 
 

Tag:
 ថ្មីៗ២៥
  អង្គការស៊ីប៉ា
  ខ្ញុំចង់ដឹង
  សៀវភៅ ជីវិតជុំវិញបឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com