ជាតិ
សត្វល្អិតដែលក្លាយជាចំណីអាហារ គ្រឿងក្លែមរបស់ពលរដ្ឋខ្មែរមួយចំនួន
19, Jul 2021 , 8:59 am        
រូបភាព
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ចង្រិតកណ្ដូប កន្តេះឡង់ កន្ទាទូក អាពីង ហ៊ីង គីង្គក់ ក្រឡនតន មេភ្លៀង អង្រ្កង ដុកឌឿជាសត្វល្អិតដែលរស់នៅតាមដើមឈើ នៅក្នុងដី និងតាមព្រៃ។ពួកវាបានក្លាយជាចំណីពេញនិយមសម្រាប់ពលរដ្ឋទាំងជនបទ និងទីក្រុងនាពេលបច្ចុប្បន្ន។ សត្វល្អិតនៅប្រទេសកម្ពុជា មានរាប់រយប្រភេទ ពួកវារស់នៅតាមស្រុកភូមិឬតាមព្រៃ និងនៅលើភ្នំជាដើម។ សត្វប្រភេទខ្លះ ត្រូវបានគេយកមកបង្កាត់ពូជនិងចិញ្ចឹមដើម្បីបំពេញតម្រូវការទីផ្សារ និងបានច្នៃធ្វើជាអារហារបានច្រើនប្រភេទ។




ចង្រិត៖ សត្វចង្រិតមានពីរប្រភេទគឺចង្រិតដូងមានពណ៌ត្នោត ចង្រិតដែកពណ៌ខ្មៅ។  ចង្រិតភាគច្រើនរស់នៅក្នុងដីសម្ការឬតាមព្រៃដែលមានស្មៅនិងព្រៃដែលមានរុក្ខជាតិតូចៗ។ វាស៊ីស្លឹកស្មៅ និងរុក្ខជាតិពណ៌បែតងជាអាហារភាគច្រើនចង្រិតធម្មជាតិសម្បូរនៅខែគេប្រមូលផលចម្ការ គឺអំឡុងខែសីហារហូតដល់ពាក់កណ្ដាលខែកញ្ញា។ គេនិយាម យកចង្រិតធ្វើអាហារដូចជាលីង និងបំពងជាដើម។
 
កណ្ដូប៖ កណ្ដូបមានច្រើនប្រភេទ ពួកវាស៊ីស្លឹកឈើជាចំណីនិងច្រើនរស់នៅតាមព្រៃចេក ឬព្រៃស្វាយក្បែរភូមិ។ សត្វល្អិតប្រភេទនេះត្រូវបានគេយកមកបំពងធ្វើជាគ្រឿងក្លែម ឬអាហារសម្រាប់បរិភោគលេង ដូចជាចង្រិតដែរបច្ចុប្បន្នសត្វកណ្ដូបត្រូវបានគេចិញ្ចឹមដើម្បីផ្គត់ផ្គងទីផ្សារ។
 



កន្តេះឡង់៖ ជាប្រភេទសត្វល្អិតរស់នៅក្នុងទឹក  និងច្រើនរស់នៅក្នុងស្មៅលិចទឹកតាមត្រឹប ឬតាមផ្ទាំង កំប្លោក និងតាមត្រកួនធំដែលដុះនៅក្នុងទឹកបឹង។ សត្វប្រភេទនេះភាគច្រើនសម្បូរនៅពេលខែទឹកឡើងក្នុងរដូវស្សា។ កន្តេះឡង់មានពណ៌ខ្មៅ មានស្លាបរឹងគេច្រើនយកវាទៅលីង ចំពោះរសជាតិឆ្ងាញ់មួយបែប។ សត្វល្អិតប្រភេទនេះបច្ចុប្បន្នក៏មានគេចិញ្ចឹមដូចជា ចង្កិតនិងកណ្ដូបដែរ។ 
 
កន្ទាទូក៖ សត្វមានស្លាប ពណ៌ប្រផេះរស់នៅក្នុងទឹកតាមស្រែឬក្នុងបឹង។ សត្វប្រភេទនេះមិនសូវសម្បូរទេ យូរៗគេប្រទះឃើញវាម្ដងនៅតាមស្រែឬតាមបឹងធម្មជាតិ។ មានមនុស្សមួយចំនួនធំមិនសូវស្គាល់និងបានឃើញសត្វប្រភេទនេះផ្ទាល់ភ្នែកនោះទេ។  គេអាចយកវាទៅបំពងឬស្ងោរជ្រក់ក៏បាន។ 
 
អាពីង៖ ជាសត្វដែលមានរូបរាងប្រហាក់ក្រហែលសត្វពីងពាង  តែមានមាឌធំជាងពណ៌ខ្មៅនិងមានរោមតូចៗពេញខ្លូន វាជាសត្វល្អិតរស់នៅក្នុងដីនៅតាមតំបន់មួយចំនួនដែលមានដីស្ងួត ។ អាពីងជាសត្វល្អិតមួយប្រភេទ មានតម្លែថ្លៃគួរសម្យនៅលើទីផ្សារហើយគេច្រើនយកវាទៅបំពង និងផ្សំជាមួយគ្រឿងទេសផ្សេងៗបង្កើតបានជារសជាតិប្លែក។ 
 



មេភ្លៀង៖ សុខុមសត្វមួយប្រភេទសាច់ទន់ ស្លាបសម្បុរក្រហមក្រមៅ កើតអំពីកណ្ដៀរធំៗ ឬអំពីកណ្ដាច់ហើរចេញតែក្នុងពេលមានភ្លៀងធំៗ។ សត្វនេះចូលចិត្តពន្លឺភ្លើង មានច្រើនតែក្នុងដើមឆ្នាំ។ នេះបើតាម វចនានុក្រមសម្ដេច ជួន ណាត។ សត្វប្រភេទនេះ មានរូបរាងប្រហាក់ប្រហែលស្រាំង
គេអាចយកវាទៅជ្រក់ និងស្លម្ជូរ ឬញាំជាដើម។ 
 



អង្រ្កង៖ សុខុមសត្តពួកស្រមោចសម្បុរក្រហមជើងវែងៗ នៅអាស្រ័យនឹងរុក្ខជាតិ ឬលតាជាតិ ប្រមូលក្រសោបស្លឹកឈើរស់ធ្វើសំបុក។អង្ក្រងមាន៣ប្រភេទគឺ អង្រ្កងទឹក ឬអង្រ្កងផេះ, អង្ក្រងភ្លើង ។ ពលរដ្ឋរស់នៅក្នុងខេត្តមួយចំនួនចាប់សត្វប្រភេទនេះ មកស្លរម្ជូរ និងជ្រកជាដើម។
 
ហ៊ីង៖ ជាសត្វដែលរស់នៅក្នុងទឹកក៏បានក្នុងដីក៏បាននិងស៊ីសត្វល្អិតជាអាហារ។ ពលរដ្ឋនៅតាមខេត្តមួយចំនួនចាប់សត្វប្រភេទនេះយកទៅធ្វើជាម្ហូបដូចជា ប្រឡាក់ទុកអាំង  ខរ និងស្លម្ជូរជាដើម។ 
 
គីង្គក់៖ ជាសត្វរស់នៅលើកគោកវានៅក្នុងក្រុមជាមួយសត្វកង្កែប និងហ៊ីង បើនិយាយពីសត្វប្រភេទនេះមានអ្នកបរិភោគច្រើនជាង សត្វហ៊ីង និងអាចយកទៅច្នែបានជាម្ហូបច្រើនប្រភេទ។ គេអាចរកវាបាននៅពេលមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅពេលព្រលប់ ឬយប់។ 
 



ក្រឡនតន៖ ជាសត្វមួយប្រភេទមានសណ្ឋានប្រហែលកង្កែប តែវាមានខ្លួនតូចៗមិនធំទេ។  ក្រឡនតនត្រូវបានគេយកទៅប្រហាលឱ្យក្រៀមដើម្បីអាំង និងយកទៅបំពងលក់តាមផ្លូវសាធារណៈ។
 



ដុកឌឿ៖ ក៏ជាអាហារដែលពេញនិយមដាក់លក់នៅតាមទីសាធារណៈមួយចំនួននៅពេលល្ងាចៗនៅក្នុងទីក្រុងភ្នំពេញ។ ដុកឌឿជាខ្លួនដង្កូវនាងដែលបញ្ចេញសូត្រអស់ពីខ្លួនហើយក្លាយទៅជាបែបនេះ។ ពលរដ្ឋនិយម យកវាលីងដើម្បីបរិភោគ៕
 


 

Tag:
 សត្វល្អិត
  បរិភោគ
© រក្សាសិទ្ធិដោយ thmeythmey.com