ជាតិ
ចង្ក្រានមង ចង្ក្រានឡូវ និងចង្ក្រានគ្មានកន្ទុយ មិនសូវមានអ្នកប្រើដូចមុនឡើយ
19, Jul 2021 , 9:29 am        
រូបភាព
ដោយ៖ ប៉ូ សុភា 

ចង្ក្រានមង ចង្ក្រានឡូវ ចង្ក្រានគ្មានកន្ទុយ ជាចង្ក្រានធ្វើពីដីឥដ្ឋរបស់ខ្មែរ ដែលពលរដ្ឋនិយមប្រើតាមផ្ទះ រោងចាំដីចម្ការ តាមទូក ឬកប៉ាល់ ជាងកន្លះសតវត្សមុន។ ចង្ក្រានទាំងបីប្រភេទនេះ មានរូបរាងខុសគ្នា ហើយទីតាំងដែលត្រូវប្រើពួកវាក៏ផ្សេងពីគ្នាដែរ។

 
ពលរដ្ឋខ្មែរពីដើម មានរបស់ប្រើប្រាស់សម្បូរបែបណាស់ របស់ខ្លះធ្វើពីដីឥដ្ឋ ខ្លះធ្វើពីឈើ ស្ពាន់ ដែក ឬលោហៈជាដើម។ វត្ថុប្រើប្រាស់មួយចំនួន នៅតែមានអ្នកប្រើបន្តរហូតមកដល់ពេលបច្ចុប្បន្ន ប៉ុន្តែក៏មានរបស់របរមួយចំនួនទៀតត្រូវបានគេបោះបង់ចោល និងឈប់ប្រើ ទៅតាមសម័យកាល និងការប្រែប្រួលរបស់សង្គម។ 
 
សារព័ត៌មានថ្មីៗ២៥ នឹងលើកយកចង្រ្កានធ្វើពីដីឥដ្ឋចំនួនបី ប្រភេទ ដែលសព្វថ្ងៃចង្រ្កានខ្លះមិនសូវមានអ្នកស្គាល់។
 
ចង្ក្រានមង ឬ ចង្ក្រានបងមង
ជាចង្ក្រានលាយបញ្ជូលគ្នាពីដីឥដ្ឋ និងសូនដោយដៃ នៅក្នុងខេត្តកំពង់ឆ្នាំ ធ្វើតគ្នាច្រើនជំនាន់ហើយ។ ចង្ក្រាននេះមានមុំបី និងមានកន្ទុយសម្រាប់ទ្ររងើក និងឧសមិនឱ្យចេញពីរង្វង់ចង្ក្រាន។
  


 ចង្ក្រាននេះភាគច្រើន ពលររដ្ឋរស់នៅលើទឹក តាមទូកនេសាទ ក្នុងទន្លេ បឹង ឬសមុទ្រនិយមប្រើ។  
 
លក្ខណៈពិសេសរបស់ចង្ក្រានប្រភេទនេះ គឺរក្សាបានសុវត្តិភាពខ្ពស់ មិនងាយធ្វើឱ្យកន្ទុយឧស និងរងើកធ្លាកចេញក្រៅចង្ក្រាន និងមានទម្ងន់ស្រាល។ 
 
ចង្ក្រានឡូវ
ចង្ក្រានឡូវជាចង្ក្រានធ្វើពីដីឥដ្ឋដូចគ្នា តែទម្រង់វាខុសពីចង្ក្រានមងត្រង់មានកន្ទុយ និងមានធ្នើរមួយជាន់បន្ថែមសម្រាប់ទើរឧស និងមានផ្នែកខាងក្រោមអាចកាយរងើក និងផេះចេញតាមក្រោម។ ចង្ក្រានប្រភេទនេះគេនិយមប្រើនៅក្នុងផ្ទះទូទៅ តាមស្រុកភូមិគ្រប់ៗខេត្ត។ 
 



ចង្ក្រានគ្មានកន្ទុយ
ចង្ក្រានគ្មានកន្ទុយ ក៏ជាចង្ក្រានខ្មែរមួយប្រភេទ ធ្វើពីដីឥដ្ឋ តែគ្មានផ្នែកផ្សេងក្រៅពីដងខ្លួន ដូចជាចង្ក្រានទាំងពីខាងលើនោះទេ។ វាគ្នានកន្លែងសម្រាប់ទ្រពេលត្រូវការកាយរងើកភ្លើង ឬផេះចេញទេ ហើយគេប្រើប្រាស់វាតាមផ្ទះធម្មតា។ 
 


ចង្ក្រានប្រភេទនេះមិនសូវមានអ្នកស្គាល់ទេ ភាគច្រើនមានតែអ្នកធ្វើចង្ក្រាន អ្នកលក់ និងអ្នករស់នៅក្នុងខេត្តកំពង់ឆ្នាំងប៉ុណ្ណោះទើបស្គាល់ច្បាស់៕
 
   
 
 
 

Tag:
 ចង្ក្រានខ្មែរ
  ធ្វើពីដីឥដ្ឋ
  កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com