ជាតិ
សង្គមជាតិ
ព្រះរាជា និងមេដឹកនាំកម្ពុជា ផ្ញើសាររំលែកទុក្ខទៅកាន់ប្រទេសធំៗ ដែលមានពលរដ្ឋស្លាប់ក្នុងគ្រោះទឹកជំនន់
23, Jul 2021 , 8:59 pm        
រូបភាព
ក្រុមជួយសង្គ្រោះ បានជួយសង្គ្រោះប្រជាជនចិនពីគ្រោះទឹកជំនន់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ រូបពី AFP
ក្រុមជួយសង្គ្រោះ បានជួយសង្គ្រោះប្រជាជនចិនពីគ្រោះទឹកជំនន់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ រូបពី AFP
ដោយ: ថ្មីៗ
សម្តេចព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងលោករដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន បានថ្វាយនិងផ្ញើសាររំលែកទុក្ខទៅកាន់មេដឹកនាំនៃប្រទេសធំៗមួយចំនួន ដែលមានប្រជាពលរដ្ឋ បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់។ បណ្តាប្រទេស ដែលកំពុងជួបគ្រោះទឹកជំនន់ទាំងនោះ រួមមាន ចិន អាល្លឺម៉ង់ និង បែលហ្ស៊ិក។


ព្រះរាជសាររបស់ព្រះរាជាខ្មែរ ឡាយព្រះហស្តលេខានៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ប្រទានដល់លោក ស៊ី ជិនភីង ប្រធានាធិបតីចិន៖«យើង មានជំនឿថា ឯកឧត្តមប្រធានាធិបតី បក្សកុម្មុយនីស្តចិន ក្រុមប្រឹក្សារដ្ឋ កងទ័ព និង ប្រជាជនចិន នឹងអាចយកឈ្នះលើភាពលំបាកនេះ។ សតិអារម្មណ៍របស់យើង នៅជាមួយឯកឧត្តម ក្រុមគ្រួសារនៃជនរងគ្រោះ និង ប្រជាជនចិនទាំងមូល»។ 
 
ប្រជាជនចិន៤១នាក់បានស្លាប់ ដោយក្នុងនោះសាកសព៨នាក់រកមិនទាន់ឃើញ និងប្រមាណ៤៨ម៉ឺននាក់ កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ (CNN ផ្សាយនៅថ្ងៃទី២៣ ខែកក្កដា)។

លិខិតរបស់សម្តេច ហ៊ុន សែន ចុះហត្ថលេខានៅថ្ងៃទី១៩ ខែកក្កដា ផ្ញើទៅកាន់អ្នកស្រី អែនជែឡា មឺហ្គែល អធិការបតីអាល្លឺម៉ង់៖«ក្នុងកាលៈទេសៈដ៏គួរឲ្យសង្វេគនេះ ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំ សូមសម្តែងនូវក្តីអាណិតអាសូរ និងចូលរួមរំលែកទុក្ខដោយស្មោះជាមួយលោកជំទាវ និងប្រជាជនអាល្លឺម៉ង់ ជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះចំពោះការបាត់បង់ដ៏ធំធេងនេះ និងសូមជូនពរដល់អ្នករងរបួសឆាប់បានជាសះស្បើយ ហើយជនរងគ្រោះដែលកំពុងបាត់ខ្លួន ឆាប់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ»។ 
 
លិខិតរបស់លោក ប្រាក់ សុខុន ចុះហត្ថលេខានៅថ្ងៃទី១៩ ខែកក្កដា ជូនទៅលោក ហេកូ ម៉ាស់ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់៖«ខ្ញុំ សូមចូលរួមរំលែកទុក្ខដោយស្មោះ ដល់ក្រុមគ្រួសារនៃជនរងគ្រោះ សម្រាប់ការបាត់បង់សមាជិកជាទីស្រឡាញ់របស់ពួកគេ ហើយខ្ញុំ សូមបួងសួងឲ្យអ្នករងរបួសឆាប់ជាសះស្បើយ និងអ្នកដែលបាត់ខ្លួន ឆាប់ត្រូវបានជួយសង្គ្រោះ»។ 

ប្រជាជនជាង១២០នាក់នៅភាគខាងលិចនៃប្រទេសអាល្លឺម៉ង់ បានស្លាប់ដោយសារគ្រោះទឹកជំនន់ (CNN ផ្សាយនៅថ្ងៃទី២២ ខែកក្កដា)។
 
លិខិតរបស់សម្តេច ហ៊ុន សែន ចុះហត្ថលេខានៅថ្ងៃ២១ ខែកក្កដា ជូនទៅកាន់លោក អាឡិចហ្សង់ឌ័រ ដឺ ក្រូ នាយករដ្ឋមន្រ្តីបែលហ្សិក៖«ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ព្រមទាំងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំ សូមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះឯកឧត្តម ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះនិងសូមសម្តែងនូវសមានចិត្តអាណិតអាសូរដ៏ស្មោះរបស់ខ្ញុំ និងសូមជូនពរឲ្យអ្នកដែលរងរបួសឆាប់ជាសះស្បើយ»។ 
 
លោក ប្រាក់ សុខុន ក៏បានផ្ញើសាររំលែកទុក្ខជូនទៅអ្នកស្រី សូហ្វី វិលម៉េស រដ្ឋមន្រ្តីការបរទេសបែលហ្ស៊ិកផងដែរ។ 

ប្រជាជននៅបែកហ្ស៊ិក៣២នាក់ បានស្លាប់ និង១៨នាក់ បានបាត់ខ្លួនក្នុងហេតុការណ៍គ្រោះទឹកជំនន់  (CNN ផ្សាយនៅថ្ងៃទី២២ ខែកក្កដា)៕ 
 

Tag:
 ព្រះបាទ នរោត្តម សីហមុនី
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com