ជាតិ
សង្គមជាតិ
ខ្លាពពកមួយក្បាល ដែលត្រូវបានជួយសង្គ្រោះពីអន្ទាក់នោះ បានងាប់ហើយ
24, Jul 2021 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ខ្លាពពកមួយក្បាល ដែលត្រូវបានជួយសង្គ្រោះពីអន្ទាក់ព្រាន នៅស្រុកឃុំទឹកឈូ ខេត្តកំពត កាលថ្ងៃទី១៥ ខែកក្កដា បានស្លាប់ហើយ។ ក្រុមអ្នកសង្គ្រោះនៃមជ្ឈមណ្ឌលសត្វព្រៃភ្នំតាម៉ៅ បានបញ្ជាក់ថា ខ្លាពកកនេះ មិនស៊ីចំណីច្រើនថ្ងៃ និងមានរបួសធ្ងន់ធ្ងរ ទាំងផ្នែកខាងក្នុងនិងក្រៅ ទើបធ្វើឱ្យវាមិនអាចទ្រាំការឈឺចាប់បាន។


លោក យង់ រតនា ប្រធានអភិរក្ស និងវិបុលកម្ម បានថ្លែងថា ក្រុមការងារលោក បានព្យាបាល និងវះកាត់ មុខរបួសផ្នែកខាងក្រៅរបស់ខ្លាពពកហើយ ប៉ុន្តែវានៅតែបាត់បង់ជីវិត នៅពីរថ្ងៃបន្ទាប់ពីព្យាបាលនេះ ។ ក្រោយពេលខ្លានេះងាប់ ទើបក្រុមកាងារលោក រតនា បានពិនិត្យផ្នែកខាងក្នុង ទើបឃើញថា ផ្នែកទ្រូងមានបញ្ហាខ្ទាំខ្លាំង។

« ខ្លានេះរបួសក្រៅធ្ងន់ ទាំងផ្នែកខាងក្នុងនិងខាងក្រៅ ហើយមិនស៊ីចំណីទេ ផឹកបានតែទឹកតិច។ វាមានរបួសត្រង់ជើងខាងក្រោយទាំងសងខាង។ ជើងវាបាក់ដោយសារអន្ទាក់ តែមិនដាច់ចេញពីគ្នាទេ ពួកយើងបានវះកាត់រួចរាល់ហើយ ផ្នែកខាងក្រៅមិនមានរបួសអ្វីផ្សេងទេ»។ នេះជាការពន្យល់របស់លោក រតនា។
លោក Nick Marxប្រធានគម្រោងរបស់អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ

លោក Nick Marx ប្រធានគម្រោងរបស់អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា សត្វព្រៃច្រើនណាស់ ដែលកំពុងរងគ្រោះដោយសារការជាប់អន្ទាក់ព្រាន។ បើតាមលោក Nick Marx កាលពីពេលថ្មីៗនេះ ក៏មានទន្សោងមួយក្បាល បានងាប់ដោយសាអន្ទាក់ព្រានដែរ ។

« ដោយសារតែអន្ទាក់ បានធ្វើឱ្យសត្វព្រៃកម្ពុជាងាប់មួយក្បាលទៀតហើយ។ អន្ទាក់សាហាវណាស់ វាអាចសម្លាប់បានទាំងសត្វតូចនិងសត្វជាធំ ហើយដោយសារតែវា ធ្វើឱ្យសត្វព្រៃមួយចំនួនត្រូវដាច់ពូជ ។ ខ្ញុំសោកស្តាយ និងអស់សង្ឃឹមណាស់សម្រាប់សត្វព្រៃកម្ពុជាដែលមិនអាចជួយសង្គ្រោះជីវិតពួកវាបាន»។ នេះជាការពន្យល់របស់លោក Nick Marx។
ប្រធានគម្រោងរបស់អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ រូបនេះអំពាវនាវឲ្យប្រជាជន ចូលរួមការពារប្រភេទសត្វព្រៃ និងបញ្ឈប់សកម្មភាពដាក់អន្ទាក់សត្វ ។ « ខ្ញុំមិនដឹងថា គេជាអ្នកដាក់អន្ទាក់គិតបែបណា។ សម្រាប់ខ្ញុំគិតថាបើប្រពលរដ្ឋនៅតែដាក់អន្ទាក់នៅតាមព្រៃបែបនេះ ចំនួនសត្វនៅតាមព្រៃនឹងថយចុះ ហើយថ្ងៃណាមួយសត្វនឹងអស់ពីព្រៃតែម្ដង។ ខ្ញុំមិនដឹងថាធ្វើយ៉ាងម៉េចទេ ខ្ញុំស្ដាយណាស់»។ ការព្រួយបារម្ភរបស់លោក Nick Marx។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា ការបាត់បង់សត្វខ្លាពពកនេះ ជារឿងដែលគួរឱ្យសោកស្ដាយសម្រាប់ការអភិរក្ស ។ លោក ចាត់ទុកសកម្មភាពដាក់អន្ទាក់នេះ ជាការគំរាមកំហែងសត្វព្រៃ ហើយក៏ជាក្តីព្រួយបារម្ភសម្រាប់ឧទ្យានុរក្សផងដែរ។
អ្នកនាំពាក្យរូបនេះ បាននិយាយដូច្នេះ៖« អន្ទាក់ដាក់អាចជាប់ទាំងមនុស្សនឹងសត្វ។ មួយឆ្នាំៗមានសត្វច្រើនណាស់ ដែលរងគ្រោះដោយសារតែវា។ រយៈពេលត្រឹមតែ១៨ខែគិតចាប់ពីខែមករា ២០២០ ដល់ ខែកក្កដា ២០២១ ក្រុមឧទ្យានុរក្សយើងអាចប្រមូលអន្ទាក់ចេញពីព្រៃបានជាង៧ម៉ឺនអន្ទាក់ ហើយកាំភ្លើងកែច្នៃបានជាង១ពាន់ដើមឯណោះ។ សត្វរងគ្រោះខ្លាំងណាស់ កាលណាព្រៃនៅមានអន្ទាក់ ជីវិតសត្វនៅតែមានគ្មានសុវត្តិភាព»។

ជុំវិញករណីស្នងការរងខេត្តកំពត លោក សែម សោភ័ណ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមមន្ត្រីជំនាញខេត្ត កំពុងរកមុខសញ្ញាព្រានព្រៃ ដែលដាក់ អន្ទាក់ខ្លាពពកនេះ។
 « យើងមិនទាន់អាចរកព្រាននោះបានទេ ដោយសារខ្លានេះ យើងទទួលមកបន្ដពីពលរដ្ឋក្នុងខេត្តបញ្ជូនមកឱ្យទេ មិនមែនបានទៅអន្តរាគមន៍ដល់កន្លែងទេ ដូច្នេះក្រុមការងារកំពុងតែស្រាវជ្រាវបន្តហើយ»។ នេះជាការបញ្ជាក់របស់លោក សែម សោភ័ណ៕




 

Tag:
 កូនខ្លាពពក
  សង្គ្រោះ
  របួសធ្ងន់
© រក្សាសិទ្ធិដោយ thmeythmey.com