ជាតិ
តំបន់ទេសចរណ៍ទូទាំងប្រទេសត្រូវផ្អាករយៈពេល១៤ថ្ងៃ
30, Jul 2021 , 12:59 pm        
រូបភាព
ក្រសួងទេសចរណ៍ចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី២៩កក្កដា ពីការផ្អាកតំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍ទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១២សីហា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បម្លែងថ្មីប្រភេទដែលតា(Delta)។



នុងអំឡុងពេលផ្អាកបណ្ដោះអាសន្ននេះ ក្រសួងទេសចរណ៍ប្រាប់ឱ្យមន្ទីរទេសចរណ៍ទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ហាមឃាត់ដាច់ខាតរាល់សកម្មភាពទេសចរណ៍ នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា។
 
លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 ថា ក្រៅពីរមណីយដ្ឋាន តំបន់ទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ ក៏មិនត្រូវបានអនុញ្ញាតឱ្យទទួលភ្ញៀវទេសចរផងដែរ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«រមណីយដ្ឋានទេសចរណ៍ កន្លែងកម្សាន្ត និងកន្លែងដែលមានសក្ដានុពលទេសចរណ៍ គឺយើងផ្អាក១៤ថ្ងៃដូចគ្នា»។ 
 
ក្រៅពីតំបន់ទេសចរណ៍ អាជីវកម្មកម្សាន្តដូចជា ខារ៉ាអូខេ រង្គសាល បៀហ្គាឌិន រោងភាពយន្ត ការសម្ដែងសិល្បៈ ក្លិបហាត់ប្រាណ និងអាជីវកម្មបែបប្រមូលផ្ដុំ ត្រូវបន្តបិទដដែល។
គួរបញ្ជាក់ផងដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្ដីសម្រេចឱ្យបិទខ្ទប់ខេត្តចំនួន៨ នៅជាប់ព្រំប្រទល់ប្រទេសថៃ ដែលមានដូចជាសៀមរាប ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង ព្រះវិហារ និងខេត្តកោះកុង ចាប់ពីថ្ងៃទី២៩កក្កដា ដល់ថ្ងៃទី១២សីហា។ 
 
គិតមកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៧៦,៥៨៥នាក់ ក្នុងនោះ ១០,២៨៩នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៦៩,១៩៨នាក់ និងស្លាប់សរុប ១,៣៧៥នាក់៕ 
 

Tag:
 ទេសចរណ៍
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com