COVID-19
ជាតិ
សម្ដេច ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្តជាប់ព្រំដែនថៃ រៀបចំកន្លែងសម្រាប់ពលករខ្មែរ ដែលជាប់គាំងនៅព្រំដែន
06, Aug 2021 , 4:56 pm        
រូបភាព
ភ្នំពេញ៖ តាមរយៈសារពិសេសនៅល្ងាច ថ្ងៃទី៦ សីហានេះ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តជាប់ព្រំដែនថៃទាំងអស់ រៀបចំកន្លែងសម្រាប់ទទួលពលករខ្មែរ ដែលកំពុងជាប់គាំងនៅច្រកព្រំដែន ដោយសារការបិទខ្ទប់រវាងភាគីទាំងពីរ។ ចំណែកពលករខ្មែរ ដែលមកមុនពីបិទខ្ទប់ព្រំដែន ហើយកំពុងចត្តាឡីស័ក នៅតាមមណ្ឌលសម្រាកព្យាបាលកូវីដ-១៩នោះ ត្រូវអនុញ្ញាតឱ្យពួកគេ ទៅបន្តធ្វើចត្តាឡីស័កនៅផ្ទះរៀងខ្លួនវិញ ដើម្បីត្រៀមកន្លែងបម្រុងទុកសម្រាប់ពលករ មកពីប្រទេសថៃ។



មិនតែប៉ុណ្ណោះសម្ដេច ហ៊ុន សែន ក៏បានបញ្ចាឱ្យកងកម្លាំងដឹកជញ្ជនរបស់កងយោធពលខេមរភូមិន្ទ បន្ថែមរថយន្តសម្រាប់ដឹកពលករ ដែលត្រូវអនុញ្ញាតឱ្យចេញពីមណ្ឌល ទៅធ្វើចត្តាឡីស័កតាមផ្ទះវិញនោះ ដាក់តាមគោលដៅនីមួយៗឱ្យបានល្អត្រឹមត្រូវផង។ បើតាមសម្ដេច ហ៊ុន សែន ការរៀបចំធ្វើបែបនេះ គឺដើម្បីដោះស្រាយ និងសម្រួលដល់ពលករខ្មែរ កំពុងជាប់គាំងនៅតាមច្រកព្រំដែនកម្ពុជា-ថៃ។
 
«ដូច្នេះសុំឯកឧត្តម លោកជំទាវ នៅតាមបណ្ដាខេត្ត សូមរៀបចំបន្ថែមនូវទីកន្លែង ដែលត្រូវធ្វើចត្តាឡីស័កសម្រាប់ទទួលបងប្អូន ដែលវិលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ […] ចូលទៅក្នុងមណ្ឌលចត្តាឡីស័ក នៅតាមទីកន្លែងដែលបានរៀបចំ។ អ៊ីចឹងម្ខាងត្រូវរៀបចំទីកន្លែងថ្មី និងម្ខាងទៀតគឺត្រូវរៀបចំផ្ទេរអ្នកដែលកំពុងធ្វើចត្តាឡីស័ក ទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ ដើម្បីត្រៀមបម្រុងទុកទីកន្លែង [ចត្តាឡីស័ក]នេះ សម្រាប់ទទួលបងប្អូនមកពីប្រទេសថៃ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល។



បើតាមលោកនាយករដ្ឋមន្រ្តី ការសម្រួលដល់ពលករខ្មែរមកពីថៃបែបនេះ គឺដើម្បីឈានទៅរកការបើកច្រកព្រំដែនឡើងវិញ។ តាមរយៈសារពិសេសជាង១៤នាទី ទៅកាន់អភិបាលខេត្តជាប់ព្រំដែន ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា៖«យើងមិនមានបំណងអូសបន្លាយពេល ដើម្បីនឹងពន្យារនូវការបិទខ្ទប់នោះទេ ហើយថែមលើសពីនោះទៅទៀត យើងមានបំណងបើកទល់ដែនឡើងវិញឱ្យបានឆាប់តាមតែអាចធ្វើទៅបាន»។
 
ជាមួយគ្នានេះសម្ដេច ហ៊ុន សែន បានបញ្ជាក់ថា អាជ្ញាធរតាមព្រំដែន ក៏បានជួយដោះស្រាយបញ្ហាពលករខ្មែរជាប់គាំងតាមព្រំដែនដែរ តាមរយៈការចែកស្បៀងអាហារ និងព្យាបាលពលករណា ដែលផ្ទុកជំងឺកូវីដ-១៩ ជាដើម។
 
អត្ថបទទាក់ទង
 
កាលពីថ្ងៃទី២៩ កក្កដា សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យបិទច្រកព្រំដែន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសប្រភេទបំប្លែងថ្មី «ដែលតា» ដែលកំពុងរាតត្បាតខ្លាំងនៅក្នុងប្រទេសថៃ។ គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា មក កម្ពុជារកឃើញអ្នកវិជ្ជមានដែលតា សរុប៣២៧នាក់ ក្នុងនោះស្រី១៥៧នាក់។
 
បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៨០,៨១៣នាក់ ក្នុងនោះ១១,៧០០នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន៧៤,០៤៥នាក់  និងស្លាប់សរុប១,៥២៦នាក់៕
 
 
 

Tag:
 ហ៊ុន សែន
  ពលករខ្មែរ
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com