ជាតិ
ពិបាកទៅលំហែតាមរីសត ឬរមណីយដ្ឋាននានា «ផ្ទះចល័ត» ក្លាយជាទំនិញ​ត្រូវប៉ាន់ក្នុងបរិបទកូវីដ-១៩
07, Aug 2021 , 9:59 pm        
រូបភាព
ដោយ:
របរផ្ទះចល័តរបស់អាជីវករពីររូបនៅតែលក់ដាច់ ទោះស្ថិតក្នុងបរិបទកូវីដ-១៩។ ដ្បិតក្នុងបរិបទនេះ ការសាងសង់រីសត អាចនឹងមិនសូវសម្បូរ ប៉ុន្តែកំណើនអ្នកទិញផ្ទះចល័តទៅដាក់ក្នុងចម្ការ និងដីទំនេរ នៅតាមខេត្តជាលក្ខណៈផ្ទាល់ខ្លួនមានការកើនឡើង។ ការណ៍នេះ បានធ្វើឱ្យផ្ទះចល័ត នៅតែមានទីផ្សារ។



ផ្ទះចល័ត ជាប្រភេទផ្ទះដែលត្រូវបានកែច្នៃឡើងនៅទីតាំងរបស់អ្នកលក់ ពេលសាងសង់រួចរាល់ ផ្ទះទាំងនោះ ត្រូវបានគេដឹកយកទៅដាក់តាមទីតាំងភ្ញៀវចង់បាន។ គេនិយមឃើញប្រភេទផ្ទះចល័តតូចៗ​យ៉ាងតិច ៣ ឬ៥ នៅតាមរីសត បឹងកាឡូ​ និងតាមរមណីយដ្ឋាននានា។ ប៉ុន្តែក្នុងបរិបទកូវីដ-១៩នេះ ផ្ទះចល័តត្រូវបានប្រជាពលរដ្ឋដែលមានធនធានទិញមួយ ឬពីរ ដាក់តាមចម្ការ សម្រាប់ធ្វើផ្ទះលម្ហែផ្ទាល់ខ្លួនផងដែរ។
 
កូវីដ-១៩ បានធ្វើឱ្យមនុស្សជាច្រើនចង់ប្ដូរទៅសម្រាកលម្ហែកន្លែងស្ងប់ស្ងាត់ ជៀសជាងទៅលម្ហែតាមរីសត ឬរមណីយដ្ឋានដែលមានមនុស្សច្រើន។ ហេតុនេះហើយ ទើបពួកគេទិញផ្ទះចល័តយកទៅដាក់តាមចម្ការ។ លោក​ ឆែម ជីវ័ន្ត អ្នកលក់ផ្ទះចល័តមួយរូប បានប្រាប់សារព័ត៌មានThmeyThmey25ថា បច្ចុប្បន្នលោកនៅតែលក់ផ្ទះចល័តដាច់ដដែល ទោះគេមិនសូវធ្វើរីសតដូចមុន ព្រោះអតិថិជនថ្មីរបស់លោកគឺ សម្បូរអ្នកទិញយកទៅដាក់តាមដីឡូតិ៍ តាមចម្ការ និងធ្វើជាផ្ទះលម្ហែផ្ទាល់ខ្លួន។

 លោក ឆែម ជីវ័ន្ត

«ពេលកូវីដអ្នកភ្នំពេញ ចង់ចេញទៅកន្លែងណាមិនសូវមានមនុស្សច្រើន អ៊ីចឹងគេទិញផ្ទះចល័តយកទៅដាក់តាមចម្ការ។ ភ្ញៀវខ្ញុំឥឡូវមានស្ទើរគ្រប់២៥ ខេត្ត-ក្រុងហើយ។ គេទិញមួយ ឬ ពីរ ធ្វើផ្ទះស្នាក់ផ្ទាល់ខ្លួន »។ នេះជាការលើកឡើងរបស់លោក ជីវ័ន្ត ដោយបន្ថែមថា ក្នុងមួយខែ អាចលក់ផ្ទះចល័តបានប្រមាណ ១០ផ្ទះ។ ផ្ទះចល័តរបស់លោកមានតម្លៃចាប់ពី ២៨០០ដុល្លារ ដល់៤៨០០ដុល្លារ ដោយ​ម៉ូតផ្ទះដែលលក់ដាច់ជាងគេ គឺម៉ូតច្នៃតាមបែបខ្មែរ ។​

 ផ្ទះចល័តបែបបុរាណ របស់លោក ឆែ ឆវ័ន្ត

ទន្ទឹមនឹងនេះ ផ្ទះចល័តរបស់លោកស្រី ដួង សុផាវី វិញ ក៏លក់ដាច់ខ្លាំងក្នុងបរិបទកូវីដ-១៩។ អតិថិជនរបស់លោកស្រី ភាគច្រើន ទិញផ្ទះចល័តយកទៅដាក់តាមចម្ការ ឬដីទំនេរសម្រាប់សម្រាកជាលក្ខណគ្រួសារ ដើម្បីគេចពីទីប្រជុំជនដែលជាកន្លែងងាយឆ្លងជំងឺកូវីដ-១៩។
 
ម្ចាស់អាជីវកម្មផ្ទះចល័តរូបនេះ ប្រាប់សារព័ត៌មាន ThmeyThmey25ដូច្នេះថា៖ «អតិថិជនគាត់ចង់គេចពីកូវីដ ហើយមានដីទំនេរតែគាត់អត់មានពេលសាងសង់ផ្ទះស្នាក់ ទើបគាត់ទិញផ្ទះចល័តយកទៅដាក់។ ភ្ញៀវខ្លះទិញមួយ ឬពីរសម្រាប់គ្រួសារគាត់។ ភ្ញៀវខ្លះទៀតទិញ បួន ឬប្រាំ សម្រាប់ទុកឱ្យបងប្អូនសាច់ញាតិគាត់ទៅសម្រាកតែម្ដង។ អ៊ីចឹងក្នុងបរិបទកូវីដ-១៩ គឺខាងខ្ញុំលក់ដាច់ជាងមុនទៀត»។
 
បច្ចុប្បន្នលោកស្រី ដួង សុផាវី បានពង្រីកន្លែងដំឡើងផ្ទះចល័ត និងជួលជាងបន្ថែមទៀត ព្រោះការបញ្ជាទិញផ្ទះចល័តរបស់ភ្ញៀវ គឺមានការកើនឡើងជាបន្តបន្ទាប់។ យ៉ាងណាមិញលោកស្រីមិនអាចកំណត់ចំនួនផ្ទះដែលភ្ញៀវបញ្ជាទិញជាក់លាក់បានទេ ប៉ុន្តែលោកស្រីសង្កត់ធ្ងន់ថា កំណើននៃអ្នកកក់ទុក មានការកើនឡើង។

អ្នកស្រី ដួង សុផាវី ម្ចាស់អាជីវកម្មវីភីផ្ទះចល័ត(រូបថត៖ លោក ឈន សុផាត) 

អតិថិជនរបស់លោកស្រី សុផាវី ភាគច្រើនជាអ្នកភ្នំពេញ ប៉ុន្តែទិញផ្ទះចល័តទៅដាក់តាមខេត្តផ្សេងៗគ្នា ជាពិសេសខេត្តកំពត និងមណ្ឌលគិរី។ ផ្ទះចល័តរបស់លោកស្រីមានតម្លៃចាប់ពី ៩ ៥០០ដុល្លារ រហូត តម្លៃ ២០,០០០ដុល្លារសម្រាប់រីសត ហើយសម្រាប់ផ្ទះលម្ហែតម្លៃចាប់ ១៧,០០០ដុល្លារឡើងទៅ៕

 ផ្ទះចល័តរបស់លោកស្រី ដួង សុផាវី
 
 
 
 

Tag:
 SME
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com