អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតីអាហ្វហ្កានីស្ថានភៀសខ្លួន ខណៈក្រុមតាលីបង់ត្រៀមក្តោបក្តាប់អំណាចជាថ្មី
15, Aug 2021 , 10:00 pm        
រូបភាព
លោក Ashraf Ghani ប្រធានាធិបតី អាហ្វហ្កានីស្ថាន។ រូបភាព៖ Reuters
លោក Ashraf Ghani ប្រធានាធិបតី អាហ្វហ្កានីស្ថាន។ រូបភាព៖ Reuters
ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានភៀសខ្លួនចេញពីក្រុងកាប៊ុលនៅថ្ងៃអាទិត្យទី​​​ ១៥ សីហានេះ ដើម្បីទៅកាន់ប្រទេសតាហ្ស៊ីគីស្ថាន។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថាន នៅថ្ងៃទី១៥ ខែសីហា។ ការចាកចេញរបស់មេដឹកនាំរូបនេះ ធ្វើឡើងស្របពេលក្រុមតាលីបង់ ចូលដល់មាត់ទ្វារក្រុងកាប៊ុល។


ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រុមតាលីបង់ បានគ្រប់គ្រងដែនដីជាច្រើននៅអាហ្វហ្កានីស្ថាន។ ក្នុងល្បឿនដ៏លឿននេះ ក្រុមតាលីបង់បានទៅដល់រដ្ឋធានីកាប៊ុល និងចរចាជាមួយរដ្ឋាភិបាលក្រុងកាប៊ុល។ ក្រុមតាលីបង់ បានប្រកាសថា ខ្លួននឹងមិនប្រើកម្លាំងបាយ ដើម្បីគ្រប់គ្រងក្រុងកាប៊ុលឡើយ។ ទន្ទឹមនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានថ្លែងថា វានឹងមានការផ្ទេរអំណាចប្រកបដោយសន្តិវិធី។
អត្ថបទទាក់ទង

 
ក្នុងកាលៈទេសៈនេះ ប្រធានាធិបតី លោកAshraf Ghani ត្រូវបានអះអាងថា ចាកចេញពីក្រុងកាប៊ុល ទៅតាហ្ស៊ីគីស្ថាន។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការិយាល័យប្រធានាធិបតី មិនអាចបកស្រាយអ្វីឡើយលើការចាកចេញរបស់លោកប្រធានាធិបតីលើបញ្ហាសន្តិសុខ។ ការចាកចេញរបស់លោកប្រធានាធិបតី កើតឡើងស្របពេលដែលកិច្ចចរចាផ្ទេរអំណាចដោយសន្តិវិធីពីរដ្ឋាភិបាលទៅឲ្យក្រុមតាលីបង់កំពុងបន្ត។ 
 
សូមបញ្ជាក់ ពេលនេះ សហគមន៍អន្តរជាតិ កំពុងតាមដានស្ថានការណ៍នៅអាហ្វហ្កានីស្ថានយ៉ាងដិតដល់ ខណៈពេលរុស្ស៊ី អះអាងថា ខ្លួនកំពុងធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីបើកកិច្ចប្រជុំក្រុងប្រឹក្សាសន្តិសុខបន្ទាន់មួយ ដើម្បីជជែកពីបញ្ហាអាហ្វហ្កានីស្ថាន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com