COVID-19
ជាតិ
អ្នកបន្សាបគ្រឿងញៀននិងមន្រី្ត នៅខេត្តបន្ទាយមានជ័យ ជិត៦០០នាក់ឆ្លងកូវីដ-១៩
19, Aug 2021 , 3:32 pm        
រូបភាព
មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់។ (រូបពីទំព័រហ្វេសប៊ុករបស់លោក Bunheng Hou)
មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់។ (រូបពីទំព័រហ្វេសប៊ុករបស់លោក Bunheng Hou)
ភ្នំពេញ៖ រយៈពេលពីរថ្ងៃ អាជ្ញាធរបានពិនិត្យឃើញករណីឆ្លងកូវីដ-១៩ លើមន្រី្ត និងអ្នកបន្សាបគ្រឿងញៀន៥៩៨នាក់ នៅមជ្ឈមណ្ឌលជីវិតថ្មី ភ្នំបាក់ ខេត្តបន្ទាយមានជ័យ។ នេះបើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ។



លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ថា អាជ្ញាធរកំពុងតាមដានករណីឆ្លងនេះ ។ «ខ្ញុំមិនទាន់ដឹងមូលហេតុនៃឆ្លងចូលនៅឡើយទេ។ អ្នកដែលឆ្លងក្នុងមណ្ឌល គឺក្រុមការងាររៀបចំដាក់សម្រាកព្យាបាលនៅក្នុងមណ្ឌល។ ស្ថានភាពសុខភាពពួកគេ មិនមានសភាពធ្ងន់ទេ។ តែពួកគេជាអ្នកញៀនគ្រឿងញៀន យើងនឹងបន្តតាមដានសុខភាពពួកគេបន្ថែមទៀត ដោយយកចិត្តទុកដាក់»។ នេះបើតាមលោក សិទ្ធិ ឡោះ ដែលបានបន្ថែមថា អ្នកបន្សាបគ្រឿងញៀនសរុប នៅក្នុងមជ្ឈមណ្ឌលជីវិតថ្មី មាន៦៦០នាក់។ 


សមត្ថកិច្ចចុះពិនិត្យសំណាកជនបន្សាប់សារធាតុញៀន នៅមណ្ឌលស្តារនីតិសម្បទា ជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ថ្ងៃទី១៨សីហា ២០២១។ (រូបពីរដ្ឋបាលខេត្តបន្ទាយមានជ័យ) 

ជុំវិញករណីនេះ លោក ភា មានិត ប្រធានមជ្ឈមណ្ឌលជិវិតថ្មី សុំមិនឆ្លើយតប។ ចំណែក លោក អ៊ុំ រាត្រី អភិបាលខេត្ត ប្រាប់សារព័ត៌មានថ្មីៗថា ជាប់ប្រជុំមិនអាចផ្ដល់បទសម្ភាសន៍បានឡើយ។
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៨៧.៧២៣នាក់ ក្នុងនោះ១៣.៦១៩នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន៨៣.២៩៨នាក់  និងស្លាប់សរុប ១.៧៤៧នាក់៕
 





Tag:
 កូវីដ- ១៩
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com