ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ការកាត់ទោសលោក រ៉ុង ឈុន និងសកម្មជន ធ្វើឲ្យទូតបរទេស បារម្ភពីសិទ្ធិបញ្ចេញមតិនៅកម្ពុជា
19, Aug 2021 , 10:00 pm        
រូបភាព
ស្ថានទូតបរទេសមួយចំនួនក្នុងរាជធានីភ្នំពេញ បានបង្ហោះសារព្រមៗគ្នាលើទំព័រហ្វេសប៊ុករៀងខ្លួន ពាក់ព័ន្ធនឹងការកាត់ទោសលោក រ៉ុង ឈុន មេសហជីពដ៏លេចធ្លោម្នាក់ រួមទាំងការកាត់ទោសសកម្មជនផ្សេងទៀត។ សាររបស់ស្ថានទូតទាំងនោះ ភាគច្រើនគឺសម្តែងក្តីបារម្ភដូចគ្នាទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា និងចង់បង្ហាញការមិនពេញចិត្តទៅនឹងការកាត់ទោសលោក រ៉ុង ឈុន រួមទាំងសកម្មជនដទៃ។

 
សាររបស់ស្ថានទូតសហភាពអឺរ៉ុប និង សាររបស់ស្ថានទូតស៊ុយអែត គឺមានអត្ថន័យដូចគ្នាស្ទើរទាំងស្រុង។ ស៊ុយអែត គឺជាប្រទេសសមាជិក១របស់សហភាពអឺរ៉ុប។ ស្ថានទូតសហភាពអឺរ៉ុង និង ស្ថានទូតស៊ុយអែត លើកឡើងថា៖«សាលក្រមផ្តន្ទាទោសលោក រ៉ុង ឈុន រួមទាំងសកម្មជន២រូបទៀត នាំឲ្យមានក្តីបារម្ភ ដោយសារជាការផ្តន្ទាទោសចំពោះ​ការសម្តែងការរិះគន់ជាសាធារណ: ឬការមិនយល់ស្របផ្នែកនយោបាយ ហើយបានបង្កឲ្យមានសំណួរអំពីឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌កម្ពុជា»។ 
 
ស្ថានទូតសហភាពអឺរ៉ុប និងស្ថានទូតស៊ុយអែត បន្តថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវទទួលបានការធានានូវសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពប្រមូលផ្តុំដោយសន្តិវិធី ស្របតាមសន្ធិសញ្ញាអន្តរជាតិ ព្រមទាំងរដ្ឋធម្មនុញ្ញកម្ពុជា។ ស្ថានទូតទាំង២ បន្ថែមថា សេរីភាពនៃការបញ្ចេញមតិ គឺជាផ្នែកដ៏សំខាន់មួយនៃដំណើរការប្រជាធិបតេយ្យ ដែលមិនគួរត្រូវបានប្រើប្រាស់ដើម្បីបិទសំឡេងសកម្មជនអហិង្សាឡើយ។ ស្ថានទូតទាំង២នេះ បានអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិជួបជុំ។ 
 
ស្ថានទូតបារាំងឯណោះវិញ ពុំបានបង្ហោះសារផ្ទាល់ខ្លួននោះទេ តែបានចែករំលែកសារលើទំព័រហ្វេសប៊ុករបស់សហភាពអឺរ៉ុប ដែលហាក់ចង់បញ្ជាក់ថា ស្ថានទូតបារាំង គាំទ្រឬយល់ស្របនឹងអ្វី ដែលស្ថានទូតសហភាពអឺរ៉ុប លើកឡើងជុំវិញការកាត់ទោសលោក រ៉ុង ឈុន។
 
ចំណែក លោក ផាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាម៉េរិក បានសរសេរលើបណ្តាញសង្គមធ្វីតធឺថា ការកាត់ទោសលោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីពដ៏គួរឲ្យគោរព ធ្វើឲ្យមានការចោទសួរយ៉ាងខ្លាំងទៅលើសេរីភាព​ក្នុងការបញ្ចេញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា និងសារៈសំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក បង្ហាញការយល់ឃើញថា៖«ប្រព័ន្ធតុលាការ មិនគួរត្រូវបានគេរំលោភបំពាន ដើម្បីបំបិទសំឡេង​សកម្មជនសន្តិភាព​ទេ»។
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ហៅប្រតិកម្មរបស់ស្ថានទូតទាំងអស់នោះ ថាជារឿងធម្មតា។ ប៉ុន្តែ លោក ផ្ញើសារទៅស្ថានទូតបរទេសថា ក្នុងនាមជារដ្ឋអធិបតេយ្យ កម្ពុជា ប្រកាន់ជំហរច្បាស់លាស់ ក្នុងការអនុវត្តនីតិរដ្ឋ និងច្បាប់។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ថា៖«យើង នៅតែរក្សាជំហរហ្នឹងដដែល»។  

មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ យល់ថា ការដែលស្ថានទូតទាំងនោះ ចេញសេចក្តីថ្លែងការណ៍ ចោទប្រកាន់ដោយយគ្មានមូលដ្ឋានច្បាប់លើរដ្ឋាភិបាល និងតុលាការកម្ពុជា ដើម្បីការពារសកម្មជន គឺមិនមានប្រយោជន៍អ្វីឡើយ។ លោក ផ្តល់យោបល់ថា ស្ថានទូតបរទេសទាំងនោះ គួរតែផ្លាស់ប្តូរវិធីសាស្រ្តនេះ ដែលពួកគេ ប្រើរាប់ឆ្នាំមកហើយ ក្នុងការប្រតិកម្មនឹងរដ្ឋាភិបាល និងដើម្បីការការពារសកម្មជន។ បើតាមយោបល់របស់លោក ស្ថានទូតបរទេស គួរតែការពារសកម្មជន តាមរយៈការប្រើច្បាប់វិញ ជាការចេញសេចក្តីថ្លែងការណ៍។ 
 
នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តុលាការភ្នំពេញ បានប្រកាសសាលក្រមកាត់ទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ឲ្យលោក តុល និមល ជាប់ពន្ធនាគារ១ឆ្នាំកន្លះ និង ឲ្យកញ្ញា ស កណិកា ជាប់ពន្ធនាគារ១ឆ្នាំកន្លះដែរ។ លើសពីនេះ អ្នកទាំង៣ ត្រូវតុលាការ តម្រូវឲ្យបង់ប្រាក់២លានរៀលក្នុងម្នាក់ៗចូលទៅរដ្ឋ និងត្រូវរួមគ្នាបង់ប្រាក់៤០០លានរៀល (ជាង១៣៣លានរៀលក្នុងម្នាក់) ជូនទៅគណៈកម្មាធិការកិច្ចព្រំដែន ដែលជាដើមរដ្ឋប្បវេណី ។
 
លោក សំ សុគង់ មេធាវីការពារក្តីឲ្យអ្នកទាំង៣ ប្រាប់សារព័ត៌មានថ្មីៗថា លោក នឹងរៀបចំបណ្តឹងដាក់ទៅសាលាឧទ្ធរណ៍ ដើម្បីប្តឹងជំទាស់នឹងសាលក្រមរបស់តុលាការភ្នំពេញ។ 
 
កាលពីពាក់កណ្តាលឆ្នាំ២០២០ លោក រ៉ុង ឈុន បានចុះទៅពិនិត្យនៅតាមតំបន់ព្រំដែនក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយលោក បានចេញសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះ បានបាត់ដីធ្លីទៅខាងវៀតណាម ហើយអាជ្ញាធរវៀតណាម ថែមទាំងរំកិលចូលមកឈរជើងក្នុងទឹកដីកម្ពុជាទៀត។ នេះ ជាមូលហេតុ ដែលលោក ត្រូវចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម និងត្រូវចាប់ខ្លួន។ លោក អះអាងថា អ្វីដែលលើកឡើងក្នុងសេចក្តីថ្លែងការណ៍ គឺលោក ទទួលបានពីការរាយការណ៍របស់ប្រជាពលរដ្ឋរងគ្រោះ។
 
លោក តុល និមល និង កញ្ញា ស កណិកា ត្រូវបានចាប់ខ្លួន ដោយសារចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន រួមទាំងបានចែករំលែកព័ត៌មានអំពីរឿងព្រំដែន ដែលោក រ៉ុង ឈុន លើកឡើង។ យុវជនយុវតីមួយចំនួនទៀត ក៏ត្រូវបានចាប់ខ្លួនដែរ និងកំពុងជាប់ឃុំដល់សព្វថ្ងៃ ដោយសារពួកគេ ចេញទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ 
 
មុនកាត់ទោសលោក រ៉ុង ឈុន មានមនុស្ស២នាក់ គឺលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ និងលោក ប៉ែន ច័ន្ទសង្គ្រាម អតីតសមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ ត្រូវបានកាត់ទោសរួចមកហើយពាក់ព័ន្ធនឹងលោក រ៉ុង ឈុន។ 
 
លោក សួង សុភ័ណ្ឌ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារម្ភៃខែ និងតម្រូវឲ្យលោក បង់ប្រាក់ដល់ទៅកន្លះលានដុល្លារ ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយរឿងព្រំដែន តាមក្រោយលោក រ៉ុង ឈុន។ លោក បានចុះទៅពិនិត្យតាមតំបន់ព្រំដែន ដែលលោក រ៉ុង ឈុន បានចុះទៅពិនិត្យ។
 
លោក សួង សុភ័ណ្ឌ ចង់ដឹងថា តំបន់ព្រំដែន ដែលលោក រ៉ុង ឈុន លើកឡើងនោះ ជាការពិត ឬខុសពីការពិត។ ចុះទៅពិនិត្យរួចហើយ លោក បាននិយាយជាមួយសារព័ត៌មាន ឌឹ ខែមបូឌា ដេលី (The Cambodia Daily) ថា ការដោះដូរដីជាមួយវៀតណាម គឺជាអំពើក្បត់ជាតិ។ បន្ទាប់មក លោក ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០២០។
 
លោក ប៉ែន ច័ន្ទសង្គ្រាម ត្រូវតុលាការភ្នំពេញ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ និងតម្រូវឲ្យបង់ប្រាក់៣លានរៀល។ លោក រងបទចោទនេះ ព្រោះតែលោក ចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងបានធ្វើអត្ថាធិប្បាយពីបញ្ហាព្រំដែន បញ្ហាជនជាតិវៀតណាមចូលមករស់នៅក្នុងប្រទេសកម្ពុជា រួមទាំងរិះគន់រដ្ឋាភិបាលខ្លាំងៗ។ 

លោក រ៉ុង ឈុន និងមនុស្សទាំងអស់ខាងលើ ភាគច្រើនត្រូវបានចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម៕ 
 
 

Tag:
 រ៉ុង ឈុន
  ស្ថានទូតបរទេស
  ជិន ម៉ាលីន
© រក្សាសិទ្ធិដោយ thmeythmey.com